ដោយៈសហការី
ភ្នំពេញៈ ទីផ្សាររថយន្តមួយទឹកឬជជុះនៅកម្ពុជា នឹងឡើងថ្លៃជាបន្តបន្ទាប់ ខណៈពន្ធនាំចូល ត្រូវបានរាជរដ្ឋាភិបាលសម្រេចដំឡើងថ្លៃ ។តែសម្រាប់ប្រភេទរថយន្តមួយចំនួនទៀត តម្លៃពន្ធក៏មានការថយបន្តិចដែរ។
យោងតាមតារាងតម្លៃពន្ធនាំចូលរថយន្តមួយទឹក មកកាន់ទីផ្សារកម្ពុជាក្នុងឆ្នាំ ២០២១នេះបានបង្ហាញថា រថយន្តខ្លះ បានឡើងថ្លៃពន្ធរហូតដល់២ម៉ឺនដុល្លារ និងខ្លះទៀតត្រឹម១ពាន់ ឬ២ពាន់ដុល្លារ យោងទៅតាមឆ្នាំផលិត និងកំលាំងម៉ាស៊ីន ។
លោកសុខ រឹទ្ធីសៅ ជាអ្នកទិញលក់ និងនាំចូលរថយន្តពីក្រៅប្រទេសមកកាន់ទីផ្សារកម្ពុជាបានឱ្យដឹងកាលពីថ្ងៃចន្ទថា តម្លៃឡានមួយទឹកពិតជាឡើងថ្លៃមែន តែក៏មានប្រភេទរថយន្តខ្លះចុះថ្លៃដែរ ក្នុងនោះឡើងជាងមុន សម្រាប់រថយន្តផលិតឆ្នាំ២ឥ០៦ចុះក្រោម នឹងឡើងថ្លៃខ្ទង់ ២ទៅ៣ពាន់ដុល្លារដែរ បើធៀបជាមួយនឹងឆ្នាំមុន ឆ្នាំ២០២០ ។
លោកបន្តថា បើរថយន្តផលិតនៅឆ្នាំ២០០៧ ទៅ២០០៩ ចុះថ្លៃប្រហែល២ពាន់ដុល្លារអាមេរិក ហើយសម្រាប់ឡានផលិតនៅឆ្នាំ២០១០ មានខ្លះចុះថ្លៃរហូតដល់៥ពាន់ទៅ៦ពាន់ដុល្លារក៏មានដែរ។ ចំណែកឡានរថយន្តឡិចស៊ីស៤៧០ ផលិតឆ្នាំ២០០៦ចុះក្រោមគ្រាន់តែសាច់ពន្ធឡើងថ្លៃ ខ្ទង់៥ពាន់ដុល្លារអាមេរិករួចទៅហើយ។
លោកបន្តថា ហាងឆេងឡានមួយទឹក មិនងាយធ្លាក់ចុះថ្លៃនោះទេ ដោយសារតែអ្នករកស៊ីឡានមួយទឹកច្រើនពេក ហើយអ្នកខ្លះយកឡានអន់ៗមកលក់ក្នុងតម្លៃទាប ធ្វើឱ្យភ្ញៀវចង់ទិញតែឡានដែលមានតម្លៃទាប តែមិនប៉ុន្មានឡាននោះទេ ឡានក៏ខូចធ្វើឱ្យហាងឆេងឡានមួយទឹកមានបញ្ហាតែម្ដង។
លោកសុខ រិទ្ឋីសៅបានបន្ថែមថា មានពលរដ្ឋមួយចំនួនមិនចង់ប្រើឡានថ្មីទេ ព្រោះគេគិតថា ឡានថ្មីឆាប់ស្រអាប់ពណ៌ ហើយពេលលក់វិញទៅខាតច្រើន ទើបគេទិញតែឡានមួយទឹកពីស្រុកគេមកជិះ ហើយបើចង់លក់វិញក៏មិនខាតច្រើនប៉ុន្មានដែរ ពេលខ្លះថែមទាំងចំណេញទៅទៀត ចំណែកឡានថ្មីដឹងតែខាតហើយ ។
កាលពីប៉ុន្មានថ្ងៃមុននេះ រដ្ឋាភិបាលបានសម្រេចបន្ធូរបន្ថយ ពន្ធនាំចូលរថយន្តថ្មីមកកាន់ប្រទេសកម្ពុជា ជាពិសេសរថយន្តប្រភេទទេសចរណ៍ ហើយអ្នកនាំចូលរថយន្តថ្មីៗមកកាន់កម្ពុជាក៏អបអរនូវការសម្រេចនេះដែរ តែរដ្ឋាភិបាលក៏បានដំឡើងពន្ធនាំចូលរថយន្តសម្រាប់អ្នកនាំចូលផ្ទាល់ខ្លួនផងដែរ។
លោកសេង វឹង ប្រធានផ្នែកបច្ចេកទេសនៃក្រុមហ៊ុន RMA Asia ធ្លាប់បានមានប្រសាសន៍ឲ្យដឹងថា នៅកម្ពុជា ពិសេសទីក្រុងភ្នំពេញ រថយន្តថ្មីដែលចរាចរណ៍នៅលើដកផ្លូវមានប្រមាណ១០ភាគរយប៉ុណ្ណោះ ប៉ុន្តែចំនួននឹងបន្តកើនឡើង ដោយសារប្រជា ពលរដ្ឋកាន់តែមានការយល់ដឹងពីរថយន្តថ្មី ដែលផ្តល់ផាសុខភាព សុវត្ថិភាពខ្ពស់ដល់អ្នកប្រើប្រាស់៕