ដោយៈ រ៉ាណេត
ភ្នំពេញៈ មនុស្សជាច្រើនត្រូវបានគេដឹងថា សុទ្ធតែមានក្ដីប្រាថ្នា ក្នុងការរកចំណូលឱ្យបានច្រើន តាមដែលអាចធ្វើទៅបាន ប៉ុន្តែទាស់ត្រង់ថាតើការរកចំណូល ឬរកលុយឱ្យបានច្រើន និងប្រកដោយនិរន្តរភាពត្រូវធ្វើឡើង ដោយវិធីសាស្ត្របែបណាតែប៉ុណ្ណោះ។
ប្រធាន KW Cambodia លោកបណ្ឌិតគីម ហ៊ាង ដែលគេស្គាល់ថាជាអ្នកជំនួញនៅក្នុងវិស័យអចលនទ្រព្យកម្ពុជា មានភាពជោគជ័យខ្ពស់ ជាពិសេសក្នុងនាមជាភ្នាក់ងារដែលធ្លាប់មានលទ្ធភាពលក់អចលនវត្ថុ ដែលមានតម្លៃរហូតដល់ជាង ១០០លានដុល្លារបានចូលរួមចែករំលែកនូវចំណេះដឹង រួមជាមួយនឹងបទពិសោធន៍ផ្ទាល់ខ្លួន របស់លោកអំពីវិធីសាស្ត្ររកលុយបានច្រើន ពីវិស័យអចលនទ្រព្យ ហើយអាចមាននិរន្តរភាពថែមទៀតផង។
លោកបន្តថា “វិធីសាស្ត្រក្នុងការរកលុយ ពីវិស័យអចលនទ្រព្យត្រូវបានគេអនុវត្តផ្សេងៗពីគ្នា ហើយប្រសិទ្ធភាពដែលទទួលបានក៏មានកម្រិតខុសគ្នាផងដែរ” ។ លោកបានបញ្ជាក់ថា “វិធីសាស្ត្ររកលុយវាមានច្រើន វាមានវិធីរកលុយតែម្នាក់ឯង វិធីរកលុយជាក្រុមវិធីឱ្យគេរកលុយឱ្យ ឬវិធីសាស្ត្រដាក់លុយ ហើយរង់ចាំទទួលយកលុយចំណេញមកវិញជាដើម” ។
លោកបណ្ឌិតគីម ហ៊ាង បានបន្ថែមថា “ប៉ុន្តែអ្វីដែលខ្ញុំណែនាំ គឺវិធីសាស្ត្រឱ្យគេរកលុយមកឱ្យ ទោះបីជាយើងដេកលក់ក៏លុយរត់មករកយើងដែរ” ។
លោកថា ចង់អនុវត្តនូវវិធីសាស្ត្រមួយនេះបាន ដំបូងឡើយគឺចាំបាច់ត្រូវតែបើកក្រុមហ៊ុនភ្នាក់ងារស្របច្បាប់(ទិញលក់ជួល)សិន ហើយព្យាយាមដំណើរការក្រុមហ៊ុនរហូតមានការទទួលស្គាល់ ពីសំណាក់ក្រុមហ៊ុនជាដៃគូ ជាពិសេសទទួលបានទំនុកចិត្តពីអតិថិជន។ នៅពេលក្រុមហ៊ុនមានដំណើរ ក្រុមហ៊ុនមានបុគ្គលិកបំពេញការងារជំនួសម្ចាស់ ជាពិសេសមានបណ្តាក្រុមហ៊ុនដទៃទៀត សហការជាដៃគូ នោះស្ថិរភាពនៃការរកលុយនឹងកើតមាន ហើយលុយក៏ចេះតែបន្តរត់មករកយើងជាបន្តបន្ទាប់។
លោកឧកញ៉ាបបន្តថា “អ្វីដែលជារឿងលំបាក គឺធ្វើយ៉ាងណាឱ្យក្រុមហ៊ុនមានដំណើរការល្អ រហូតទទួលបានទំនុកចិត្តពីអតិថិជន និងមានក្រុមហ៊ុនជាដៃគូ” ។ លោកបន្តថា “ក្រៅពីដើមទុនដំបូង ក្នុងការបើកក្រុមហ៊ុន គឺចំណេះដឹង (បានមកពីរៀន) បទពិសោធន៍(បានពីការអនុវត្តការងារ) ដូច្នេះនៅពេលយើងមានចំណេះដឹងពាក់ព័ន្ធ មានបទពិសោធន៍ ស្គាល់ពីទីផ្សារអចលនទ្រព្យពិតប្រាកដ នោះឱកាសនៃការពង្រឹងក្រុមហ៊ុនគឺមានច្រើន ហើយក្រោយពេលក្រុមហ៊ុនមានលំនឹង មានដៃគូសហការច្រើន និងមានក្រុមបុគ្គលិកបម្រើការងារ ដែលមានសមត្ថភាពច្រើននាក់ នោះលុយក៏នឹងរត់មករកអ្នកជាក់ជាមិនខាន ហើយចំណូលដែលយើងនឹងទទួលបាន វាមិនមែនជាចំណូលនៃឱកាសនិយមនោះទេ” ៕