ដោយៈឧត្តម
ភ្នំពេញៈ ជាមួយនឹងវត្តមានអាគារពាណិជ្ជកម្ម លំនៅដ្ឋាន និងមជ្ឈមណ្ឌលពាណិជ្ជកាន់តែស្កេកស្កះ តម្លៃដីនៅតំបន់ភាគខាងត្បូងរាជធានីភ្នំពេញ បានកើនឡើងយ៉ាងគំហុក ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
នៅតំបន់ណាក៏ដោយ ឱ្យតែមានការអភិវឌ្ឍន៍ តម្លៃដីធ្លីនៅតំបន់នោះបានហក់ឡើងខ្ពស់ ធ្វើឱ្យអ្នកមានដីច្រើននៅតំបន់ទាំងនោះ បានក្លាយជាអ្នកមានស្ទើរគ្រប់គ្នា។ ងាកមកមើលតម្លៃដីធ្លី នៅក្បែរតំបន់សាងសង់ផ្សារទំនើបខ្នាតយក្សចំនួន៣ នៅខាងត្បូងរាជធានីភ្នំពេញ ឯណោះវិញគឺតម្លៃរបស់វាបានហក់ឡើងខ្លាំង ដែលមិននឹកស្មានដល់ ។
លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុនKhmer Foundation Appraisal និងជាអ្នកជំនាញលើវិស័យអចលនទ្រព្យ មានប្រសាសន៍ឲ្យដឹងកាលពីម្សិលម៉ិញនេះថា ការអភិវឌ្ឍ ការកកើតសំណង់ និងការបង្កើតផ្សារទំនើបធំៗចំនួន៣ នៅប៉ែកខាងត្បូងរាជធានីភ្នំពេញគឺ ផ្សារទំនើប PH Diamonond Place ផ្សារទំនើបជីបម៉ុង២៧១មេហ្គាម៉ល និងផ្សារទំនើបអ៊ីអនម៉ល៣ ជាមួយនឹងការអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធធំៗ មួយចំនួនទៀត បានធ្វើឱ្យតម្លៃដីធ្លី នៅតំបន់នោះហក់ឡើងខ្លាំង គឺតម្លៃអាចចន្លោះពី២០០០ដុល្លារទៅ ៣០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ នៅក្នុងតំបន់ដែលសាងសង់ផ្សារនោះ។
អ្នកជំនាញលើវិស័យអចលនទ្រព្យបានលើកឡើងថា កាលពីមិនទាន់មានគម្រោងបង្កើតផ្សារទំនើបធំៗនោះ តម្លៃដីធ្លីនៅទីនោះមួយម៉ែត្រការ៉េ តែប៉ុន្មានរៀលប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះមិនបាច់និយាយ តម្លៃដីធ្លីនៅតំបន់នោះបានហក់ខ្លាំងមែនទែន៕