ដោយ ៖ រ៉ាណេត
ខេត្តកោះកុង៖ បន្ទាប់ពីបានសិក្សាលម្អិតទៅលើសក្ដានុពលនៃកត្តាភូមិសាស្ត្រ និងឱកាសនៃការវិនិយោគក្នុងខេត្តជាប់តំបន់សមុទ្ររួចរាល់ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា បានសន្យាជួយផ្សព្វផ្សាយ និងកៀងគរបណ្តាវិនិយោគិនឥណ្ឌាឱ្យមកបណ្តាក់ទុនវិនិយោគនៅក្នុងខេត្តកោះកុងប្រទេសកម្ពុជា ជាពិសេសពាក់ព័ន្ធទៅនឹងវិស័យទេសចរណ៍ និងសកម្មបែបទំនើប។
ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា លោកស្រីដេវយ៉ានី ឃុប្រាហ្គាដេ បានមានប្រសាសន៍ថា កិច្ចទំនាក់ទំនងនៃប្រទេសយើងទាំងពីរកើតមានតាំងពីយូរណាស់មកហើយ ដោយឥណ្ឌាបានជួយកម្ពុជាច្រើនវិស័យ ហើយរហូតមកដល់ពេលនេះឥណ្ឌាក៏នៅតែបន្តជួយ និងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ។ លោកស្រីបានបន្តថា រដ្ឋាភិបាលឥណ្ឌាមានបំណងជួយកម្ពុជាបន្ដទៀត ជាពិសេសខេត្តកោះកុងលើវិស័យមួយចំនួននៅក្នុងតំបន់ដាច់ស្រយាល ដូចជាអប់រំ សុខភាព ទេសចរណ៍ និងកសិកម្ម។ ជាមួយគ្នានេះ លោកស្រីក៏បានចាប់អារម្មណ៍ខ្លាំងទៅលើគម្រោងវិនិយោគនានានៅក្នុងខេត្តកោះកុង ដោយក្នុងលោកស្រីមានគោលបំណងចង់នាំអ្នកវិនិយោគនៅប្រទេសឥណ្ឌាឱ្យមកធ្វើវិនិយោគនៅខេត្តកោះកុង ព្រោះស្ថានភាពភូមិសាស្ត្រខេត្តកោះកុង ស្រដៀងនឹងខេត្តមួយនៅប្រទេសឥណ្ឌា។
អភិបាលខេត្តកោះកុង លោកស្រីមិថុនា ភូថង បានស្វាគមន៍ទៅនឹងបំណងល្អរបស់រដ្ឋាភិបាលឥណ្ឌា រួមជាមួយនឹងការព្យាយាមសម្របសម្រួលនូវលក្ខខណ្ឌរដ្ឋបាល និងនីតិវិធីវិនិយោគនានានៅក្នុងខេត្តដើម្បីលើកទឹកចិត្តដល់វិនិយោគិនឥណ្ឌាមកកាន់ខេត្តកោះកុងកាន់តែច្រើន៕