ដោយ ៖ រ៉ាណេត
កំពត ៖ ខុសប្លែកពីបណ្តាខេត្តក្រុងមួយចំនួនដែលមានភាពស្ងប់ស្ងាត់ក្រោយផលប៉ះពាល់ដោយវិបត្តិជំងឺឆ្លង ជាពិសេសការផ្ទុះឡើងនៃព្រឹត្តិការណ៍២០កុម្ភៈនៅពេលនាបច្ចុប្បន្ននេះ សម្រាប់តែខេត្តកំពត គឺនៅតែមានការទិញលក់ក្នុងវិស័យដីធ្លី ជាពិសេសសកម្មភាពអភិវឌ្ឍន៍ទៅលើគម្រោងសាងសង់នានារបស់ក្រុមហ៊ុនឯកជនសរុបប្រមាណ៧០នៅទូទាំងខេត្ត ក្នុងនោះគម្រោងអភិវឌ្ឍន៍ដីឡូតិ៍មានចំនួនច្រើនជាងគេ។
អភិបាលខេត្តកំពត លោកជាវ តាយ បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ថា ដើម្បីធានាដល់ការអភិវឌ្ឍដីប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាព គុណភាព ប្រកបដោយចីរភាពតាមការចង់បានរបស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋនោះ រដ្ឋបាលខេត្តកំពត សូមអំពាវដល់ក្រុមហ៊ុនអចលនទ្រព្យ ឬម្ចាស់គម្រោងអភិវឌ្ឍន៍ដីទាំងអស់ត្រូវយកចិត្តទុកដាក់អនុវត្តតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗឱ្យបានម៉ឹងម៉ាត់។
លោកបានបន្តថា “ខេត្តទេសចរណ៍មាត់សមុទ្រមួយនេះ កំពុងមានសក្តានុពលខ្លាំង និងអំណោយផលដល់ការងារប្រមូលចំណូលសម្រាប់ខេត្ត ពិសេសវិស័យធំៗចំនួនពីរ គឺវិស័យអចលនទ្រព្យ ឬគម្រោងអភិវឌ្ឍន៍ដី និងវិស័យរ៉ែ ដែលបច្ចុប្បន្នកំពុងមានសកម្មភាពយ៉ាងមមាញឹក។ ទន្ទឹមនឹងមានសកត្តានុពលនេះ ដោយសារតែការអនុវត្តច្បាប់នៅខ្វះចន្លោះ និងមានចំណុចប្រឈមច្រើន ទើបធ្វើឱ្យប្រាក់ចំណូលរបស់ខេត្តនៅមានកម្រិត”។
ជាមួយនឹងការយកចិត្តទុកដាក់ទៅលើការគ្រប់គ្រងដែនដីសម្បត្តិរបស់រដ្ឋ និងឯកជន រដ្ឋបាលខេត្តកំពតបានកំណត់ឱ្យមន្ត្រីជំនាញដែលពាក់ព័ន្ធត្រូវចុះកំណត់ និងបោះព្រំបង្គោលនៅតាមតំបន់អភិរក្សឱ្យបានច្បាស់លាស់ជៀសវាងមានជនខិលខូចបំពាន អាស្រ័យផល និងលក់បន្តទៅឱ្យឈ្មួលដទៃទៀត ដែលអាចកើតជាបញ្ហាទៅថ្ងៃក្រោយ។
លោក ដាញ់ សារី ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដី ខេត្តកំពត បានមានប្រសាសន៍ថា នៅក្នុងភូមិសាស្ត្រខេត្តកំពតមានក្រុមហ៊ុនអចលនទ្រព្យ គម្រោងអភិវឌ្ឍន៍ដីនៅក្នុងក្រុង/ស្រុក ទាំង៨ មានចំនួនសរុបជាង៧០គម្រោង។
លោកបញ្ជាក់ថា “ក្នុងនោះគម្រោងដែលមានលិខិតអនុញ្ញាតអភិវឌ្ឍន៍ដីចំនួន ២៣គម្រោង, គម្រោងដែលមិនមានលិខិតអនុញ្ញាតអភិវឌ្ឍន៍ដីចំនួន ៤៨គម្រោង និង ៣គម្រោង កំពុងដំណើរការស្នើសុំលិខិតអនុញ្ញាតអភិវឌ្ឍន៍ដី។ ប្រសិនបើម្ចាស់គម្រោងអភិវឌ្ឍន៍ដី មិនបានគោរពច្បាប់ លិខិតបទដ្ឋានគតិយុត្តិត្រឹមត្រូវទេ នោះការអភិវឌ្ឍន៍ដី នឹងក្លាយជាបន្ទុករបស់រាជរដ្ឋាភិបាលនៅពេលមានបញ្ហាណាមួយកើតឡើង”៕