ដោយគង់ សូរិយា
ភ្នំពេញៈ លើកឡើងពីពាក្យថា “បរាជ័យ” មនុស្សភាគច្រើនទំនងជាខ្លាច និងមិនចង់ប្រឈមមុខនោះទេ ប៉ុន្តែលោកបណ្ឌិតតេង រិទ្ធី បានលើកឡើងនូវទស្សនទានវិជ្ជមានពីចំណុចនេះវិញ។
លោកបណ្ឌិតដែលបច្ចុប្បន្នជាអគ្គនាយកក្រុមហ៊ុន R Investment Group និងជាអ្នកវិនិយោគបុរី Krek City Gardenបានសរសេរលើបណ្តាញ ទំនាក់ទំនងសង្គមរបស់ខ្លួនថា ១.បរាជ័យ មិនមែនកំណត់ថាយើងចុះចាញ់នោះទេ ប៉ុន្តែវាបញ្ជាក់ថាយើងធ្វើមិនទាន់បានល្អ ដូច្នេះយើងត្រូវស្វែងយល់ពីភាពបរាជ័យ ដើម្បីរកចំណុចខ្វះខាតមកបំពេញបន្ថែម និងកែលម្អឆ្ពោះទៅរកចំណុចជោគជ័យ។
២.បរាជ័យ មិនមែនមានន័យថាយើងអស់ឱកាសនោះទេ ប៉ុន្តែវាគឺជាឱកាសរៀនសូត្រ និងដកពិសោធពីភាពបរាជ័យនោះ ដើម្បីចៀសវាងការធ្វើកំហុសម្ដងទៀត និងចំណុចទី៣ ដែលលោកបណ្ឌិតតេង រិទ្ធី លើកឡើងនោះគឺថា បើបរាជ័យ សូមកុំបាក់ទឹកចិត្ត កុំបាត់បង់ក្តីសង្ឃឹម កុំបោះបង់ កុំសោកសៅហួសហេតុ ត្រូវតែតស៊ូ ប្រឹងប្រែងបន្ថែមទៀត ព្រោះថានរណាៗក៏ធ្លាប់បរាជ័យដែរ ប៉ុន្តែវាមិនបានកំណត់ថា យើងបរាជ័យក្នុងជីវិតនោះទេ៕