ព្រលានយន្តហោះថ្មីបីទៀត កំពុងសាងសង់ និងត្រៀមសាងសង់នៅកម្ពុជា

0

ដោយ គង់ សូរិយា

ភ្នំពេញមន្រ្តីជាន់ខ្ពស់រដ្ឋលខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានថ្លែងថា បច្ចុប្បន្នមា​ន​ព្រលានយន្តហោះចំនួនបី បាននិងត្រៀមសាងសង់ និងកំពុងសាងសង់នៅកម្ពុជា ដែលនឹងពង្រីកសក្តានុពលការដឹកជញ្ជូន តាមផ្លូវអាកាសនៅកម្ពុជា កាន់តែប្រសើរថែមទៀត។

អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកស៊ិន ចាន់សិរីវុត្ថាបានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១៣ មិថុនានេះថា បច្ចុប្បន្ននៅកម្ពុជាមានព្រលានយន្តហោះចំនួនពីរកំពុងសាងសង់ ដោយមួយស្ថិតនៅក្នុងគំរោងតារាសាគរ ក្នុងខេត្តកោះកុង ដែលវិនិយោគដោយក្រុមហ៊ុន Tianjin Union Development Group ព្រលានមួយទៀតស្ថិតក្នុងខេត្តសៀមរាប ដែលវិនិយោគដោយក្រុមហ៊ុនចិន និងព្រលានមួយទៀតស្ថិតនៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។  លោកបន្តថា ព្រលានយន្តហោះទាំងនេះ នឹងពង្រីកសក្តានុពលសេដ្ឋកិច្ច និងទាក់​ទាញភ្ញៀវទេសចរណ៍មកទស្សនាកម្ពុជាកាន់តែច្រើនថែមទៀត។

លោកបន្តថា “ព្រលានយន្តហោះស្ថិតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលមិនបាន​លុបចោលនោះទេ វាជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ”។

លោកស៊ិន ចាន់សិរីវុត្ថាបានបន្តថា “ទន្ទឹមនឹងព្រលានយន្តហោះបីកំពុងដំណើរការសាងសង់ និងត្រៀមសាងសង់ បច្ចុប្បន្ននេះកម្ពុជាមានព្រលានយន្តហោះ កំពុងដំណើរការបច្ចុប្បន្នចំនួនបី ផងដែរ ដូចជា ព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ ព្រលានយន្តហោះអន្តរជាតិកងកេង ខេត្តព្រះសីហនុ និងព្រលានយន្តហោះអន្តរជាតិ ខេត្តសៀមរាប”។

ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាលោកស្រីឆាយ ស៊ីវលីនបានថ្លែងថា ការមានព្រលានយន្តហោះច្រើននៅតាមបណ្តាខេត្តនានា ពិតជាល្អប្រសើរព្រោះវាជាការ​ងាយតភ្ជាប់ការដឹកជញ្ជូន និងសម្រួលការធ្វើដំណើរដល់ភ្ញៀវទេសចរណ៍ ព្រោះការធ្វើដំណើរតាមផ្លូវអាកាសមានភាពងាយស្រួល និងចំណាយពេលវេលាតិច ដែលធ្វើឲ្យភ្ញៀវ​មិនខាតបង់ពេលវេលា។

លោកស្រីបានបន្តថា “ការធ្វើដំណើរតាមផ្លូវគោក ត្រូវចំណាយពេលយូរទោះជាផ្លូវស្អាតហើយក៏ដោយ និងខាតពេលវេលាសម្រាប់ភ្ញៀវទេសចរណ៍ ហេតុនេះការមានព្រលា​នយន្តហោះនៅតាមបណ្តាខេត្តដូចជា ខេត្តស្ទឹងត្រែងជាដើមពិតជាល្អប្រសើរ”។លោកស្រីបន្តថា “ការមានព្រលានយន្តហោះនៅខេត្តស្ទឹងត្រែង ឬបណ្តាខេត្តដទៃទៀត នឹងទទួ​លបានជោគជ័យ ដោយភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិនឹងមានជម្រើសច្រើន ហើយពួកគេនឹងធ្វើដំណើរតាមផ្លូវអាកាស”៕

LEAVE A REPLY

Please enter your comment!
Please enter your name here