ចំណេះដឹងវិនិយោគៈតើអ្វីទៅជាការវិនិយោគសកម្ម និងការវិនិយោគអកម្ម

0

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ក្នុងពេលបច្ចុប្បន្នគេមើលឃើញថា ការវិនិយោគលើទិញមូលបត្រ និងការ​វិ​និយោគអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ចាប់ផ្ដើមកើនឡើងជាបន្តបន្ទាប់ ដោយមានក្រុមហ៊ុនជាតិ និងអន្តរជាតិជាច្រើនចូលក្នុងវិស័យទាំងពីរ។

នៅក្នុងការវិនិយោគនេះដែរ គេបានបែងចែកជាពីរ គឺការវិនិយោគសកម្ម និងការវិនិយោគសកម្ម ។ អ្វីទៅជាការវិនិយោគសកម្មនិងការវិនិយោគអកម្ម?។

ការវិនិយោគគឺជាសកម្មភាពនៃការទិញនូវប្រភេទមូលប័ត្រផ្សេងៗ និងអចលនទ្រព្យជាដើម ដើម្បីអាចទទួលបាននូវផលចំណេញត្រឡប់មកវិញ ក្នុងពេលវេលាណាមួយ។ ដើម្បីអាចវិនិយោគបាន គឺទាមទារឱ្យយើងមាននូវចំណេះដឹង និងវិធីសាស្រ្ដនានានៃការវិនិយោគនោះ។ ដែលថ្ងៃនេះ យើងនឹងស្វែងយល់ពីប្រភេទនៃការវិនិយោគចំនួនពីរ គឺការវិនិយោគសកម្ម (Active Investing) ជាសកម្មភាពដែលវិនិយោគិនទិញលក់ ឬជួញដូរនៅក្នុងទីផ្សារជាប្រចាំ រីឯការវិនិយោគអកម្ម (Passive Investing) ជាសកម្មភាពដែលវិនិយោគិនទិញលក់ ឬជួញដូរនៅក្នុងទីផ្សារដែរ ប៉ុន្ដែមិនសូវមានសកម្មភាពញឹកញាប់នោះទេ ។

មានកត្តាសំខាន់ៗ៥យ៉ាង ដែលបង្ហាញពីភាពខុសគ្នានៃការវិនិយោគសកម្ម និងការវិនិយោគអកម្មនេះ ដូចជា

ទី១ រយៈពេលនៃការវិនិយោគ

ការវិនិយោគអកម្ម គឺវិនិយោគិនទិញ និងរក្សាទុក (buy and hold) ដើម្បីទទួលបានប្រាក់ចំណេញនៅក្នុងរយៈពេលវែង។ ឧទាហរណ៍ វិនិយោគិនទិញភាគហ៊ុន និងរក្សាទុកក្នុងរយៈពេលវែង ដើម្បីទទួលបានប្រាក់ចំណេញឬភាគលាភរបស់ក្រុមហ៊ុន តាមរយៈការឡើងថ្លៃនៃភាគហ៊ុនដែលបានទិញនោះ។ ចំពោះការវិនិយោគសកម្ម វិនិយោគិនផ្ដោតទៅលើការវិនិយោគក្នុងរយៈពេលខ្លី ពោលគឺពួកគេអាចទទួលបានប្រាក់ចំនេញ ពីការប្រែប្រួលតម្លៃនៅក្នុងទីផ្សារក្នុងពេលដ៏ខ្លីនោះ។

ទី២ ផលចំណេញ កំហាត និងហានិភ័យ

ការវិនិយោគអកម្មអាចទទួលបានផលចំណេញខ្ពស់ ប្រសិនបើអ្នកសម្រេចចិត្តវិនិយោគត្រូវ។ ប៉ុន្ដែប្រសិនបើមានការប្រែប្រួលថ្លៃក្នុងរយៈពេលវែង នោះវាក៏នាំឱ្យកើតមាននូវហានិភ័យផងដែរ ដូចនេះដើម្បីបញ្ចៀសនូវហានិភ័យនេះ។ វិនិយោគិនប្រភេទនេះគួរជ្រើសរើសវិធីពិពិធកម្មផលបត្រ រីឯការវិនិយោគសកម្ម ទទួលបានការចំណេញខ្ពស់នៅពេលដែលតម្លៃទីផ្សារកើនក្នុងរយៈពេលខ្លី ប៉ុន្ដែក៏មានហានិភ័យខ្ពស់ ប្រសិនបើមានការធ្វេសប្រហែស ឬគិតខុសមួយពេល។

ទី៣ ការចំណាយផ្សេងៗ

ការវិនិយោគអកម្ម មិនទាមទារឱ្យមានការចំណាយច្រើនដង លើឈ្មួញជើងសារក្នុងការធ្វើប្រតិបត្តិការនោះទេ ព្រោះថាវិនិយោគិនបែបអកម្មនេះ មិនសូវមានសកម្មភាពច្រើនក្នុងទីផ្សារ។ រីឯការវិនិយោគសកម្ម ទាមទារឱ្យមានការចាយវាយ លើថ្លៃប្រតិបត្តិការនានា ដូចជាចំណាយលើឈ្មួញជើងសារជាដើម ដោយសារវិនិយោគិនត្រូវធ្វើសកម្មភាពប្រតិបត្តិការនៅលើទីផ្សារជាញឹកញាប់។

៤ ភាពបត់បែនក្នុងការវិនិយោគ

ការវិនិយោគអកម្ម មិនសូវមានភាពបត់បែនច្រើននោះទេ ដោយសារការទិញនិងលក់ផ្អែកលើការប្រែប្រួលថ្លៃ ក្នុងរយៈពេលវែងមួយ ខណៈពេលដែលការវិនិយោគសកម្ម តម្រូវឱ្យមានភាពបត់បែនខ្ពស់ ដោយវិនិយោគិនសម្រេចចិត្ត ក្នុងការវិនិយោគដើម្បីទទួលបានផលចំណេញក្នុងរយៈពេលខ្លី ដូចជា ការជួញដូររូបិយប័ណ្ណបរទេស (FOREX) ដែលវិនិយោគិនត្រូវសម្រេចចិត្តទិញ និងលក់វិញភ្លាមៗទៅការតាមឡើងចុះ នៃតម្លៃរូបិយប័ណ្ណនោះ។

ទី៥ តម្រូវការជំនាញ

ការវិនិយោគអកម្ម វិនិយោគិនអាចនឹងមិនទាមទារពេលវេលា ដិតដល់ច្រើនលើជំនាញបច្ចេកទេស ដ្បិតថាវិនិយោគិនបែបអកម្មនេះកម្រ នឹងចូលធ្វើប្រតិបត្តិការវិនិយោគ និងមិនសូវតាមដាន ពីស្ថានភាពទីផ្សារជាប្រចាំទេ។ ពួកគេតែងតែមានឈ្មួញជើងសារ ឬអ្នកជំនាញហិរញ្ញវត្ថុ ជួយសម្រេចចិត្តក្នុងការវិនិយោគរបស់ពួកគេ។ រីឯការវិនិយោគ​សកម្ម តម្រូវឱ្យវិនិយោគិនមានជំនាញ ក្នុងការវិភាគពីទីផ្សារ តម្លៃ និងការវិភាគបច្ចេកទេ​សផ្សេងៗទៀត ដើម្បីអាចទទួលបានផលចំណេញច្រើន ក្នុងរយៈពេលខ្លី និងជៀសផុតពីហានិភ័យនានា។

សរុបសេចក្តីមក ការវិនិយោគសកម្ម និងការវិនិយោគអកម្មគឺសុទ្ធតែជាវិធីសាស្រ្ដដ៏ពេញនិយម ដែលត្រូវបានគេប្រើប្រាស់ដើម្បីវិនិយោគ។ ប្រសិនបើអ្នកចង់សម្រេចចិត្តវិនិយោគ អ្នកគួរស្វែងយល់ពីវិធីសាស្រ្ដទាំងពីរនេះ ឱ្យបានស៊ីជម្រៅ ឬក៏ប្រឹក្សាជាមួយអ្នកជំនាញ និងពិចារណាលើសមត្ថភាព ក៏ដូចជាពេលវេលាផ្ទាល់ខ្លួន និងការត្រៀមខ្លួនក្នុងការប្រឈមនឹងហានិភ័យនានាជាមុនសិន ដើម្បីឱ្យសម្រេចចិត្តវិនិយោគដោយត្រឹមត្រូវ៕

LEAVE A REPLY

Please enter your comment!
Please enter your name here