ដោយ សុខុម
អារ៉ាប៊ីសាអូឌីត៖ យោងតាមសារព័ត៌មាន ArchDaily ចុះផ្សាយកាលពីថ្ងៃសុក្រ ទី៥ មីនា ឱ្យដឹងថា ពេលនេះក្រុមហ៊ុនអង់គ្លេស Foster + Partners កំពុងតែឌីហ្សាញប្លង់សណ្ឋាគារ Hotel 12 នៅលើកោះ Ummahat AlShaykh ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។
អភិវឌ្ឍដោយក្រុមហ៊ុនក្នុងស្រុក Red Sea Development Company (TRSDC) នេះជាគម្រោងសណ្ឋាគារមួយក្នុងចំណោមគម្រោងសណ្ឋាគារ ២ នៅលើកោះនេះ។ គម្រោងសណ្ឋាគារទី១ ត្រូវបានឌីហ្សាញប្លង់ដោយក្រុមហ៊ុនជប៉ុន Kengo Kuma។
គម្រោងនៅសមុទ្រក្រហម (Red Sea) នេះបានបញ្ចេញរូបភាពដ៏គួរឱ្យទាក់ទាញដែលឆ្លុះបញ្ចាំងពីទិដ្ឋភាពជាក់ស្ដែងនៃគម្រោងសណ្ឋាគារ Hotel 12 ។ តាមរយៈរូបភាពទាំងនេះ ផ្លូវដើរនឹងត្រូវសាងសង់ជាលក្ខណៈរង្វង់មូលយ៉ាងធំដោយចំណុចកណ្ដាលជាទឹកសមុទ្រ និងមានផ្ទះឈើដាច់ៗពីគ្នាជាច្រើនព័ទ្ធជុំវិញផ្លូវដើរយ៉ាងស្រស់ស្អាតគួរឱ្យចង់ទៅកម្សាន្ត។ ផ្ទះឈើខ្លះនឹងត្រូវសាងសង់លើសសរខ្ពស់ផុតពីទឹក ចំណែកឯផ្ទះខ្លះទៀតនឹងត្រូវសាងសង់ជាប់នឹងដី។
ទន្ទឹមនេះ ក្រុមហ៊ុន Foster + Partners នឹងទទួលខុសត្រូវចំពោះគំនិតផ្តួចផ្តើមជាច្រើនដែលជាផ្នែកមួយនៃគម្រោងនៅសមុទ្រក្រហម។ ក្រុមហ៊ុននេះក៏ត្រូវបានចាត់តាំងឱ្យឌីហ្សាញរមណីយដ្ឋានកោះមួយក្នុងចំណោមរមនីយដ្ឋានកោះចំនួន ២ ក្នុងដំណាក់កាលទី១ មានឈ្មោះថា Southern Dunes ដែលមានវីឡាសណ្ឋាគារប្រមាណ ៤០ នៅក្នុងរមណីយដ្ឋាននេះ។
លើសពីនេះទៀត ក្រុមហ៊ុននេះក៏នឹងទទួលខុសត្រូវលើអាកាសយានដ្ឋានអន្តរជាតិ Red Sea International Airport និងគម្រោងរមណីយដ្ឋាន Coral Bloom Resort នៅលើកោះ Shurayrah ផងដែរ។
គម្រោងនៅសមុទ្រក្រហម ដ៏មហិច្ឆតាដែលនឹងធ្វើឱ្យប្រទេសអារ៉ាប៊ីសាអូឌីត ជាប់លើផែនទីទេសចរណ៍ពិភពលោកនេះគ្រោងនឹងស្វាគមន៍ភ្ញៀវទេសចរដំបូងរបស់ខ្លួននៅត្រឹមដំណាច់ឆ្នាំ២០២២ នៅពេលការសាងសង់អាកាសយានដ្ឋានអន្តរជាតិ និងសណ្ឋាគារដំបូងបើកដំណើរការ។
នៅពេលដំណើរការសាងសង់បញ្ចប់ជាស្ថាពរនៅឆ្នាំ២០៣០ គោលដៅទេសចរណ៍ទាំងមូលនេះនឹងមានរមណីយដ្ឋានរហូតដល់ទៅ ៥០ កន្លែងជាមួយនឹងបន្ទប់សណ្ឋាគារ ៨០០០ បន្ទប់ និងលំនៅដ្ឋានជាង ១០០០ ខ្នងនៅលើកោះទាំង ២២ និងទីតាំងលើគោកឆ្ងាយពីសមុទ្រចំនួន ។
ដោយគ្របដណ្ដប់លើផ្ទៃដី និងទឹកចម្ងាយរហូតដល់ទៅជាង ២៨.០០០ គីឡូម៉ែត្រការ៉េ គំនិតផ្តួចផ្តើមដ៏មហាសាលនវនឹងរួមមានសណ្ឋាគារ លំនៅដ្ឋាន កន្លែងកម្សាន្ត តំបន់ពាណិជ្ជកម្ម ព្រមទាំងផ្ដល់ការគាំទ្រហេដ្ឋារចនាសម្ព័ន្ធដែលផ្ដោតលើថាមពលកកើតឡើងវិញ និងការអភិរក្សទឹក និងការប្រើប្រាស់ទឹកឡើងវិញផងដែរ។ ដំណើរការដោយថាមពលកកើតឡើងវិញ គម្រោងនេះមានបំណងកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនឱ្យបាន ១០០% ។
ទោះជាយ៉ាងណា គ្មានការបញ្ជាក់ពីទំហំវិនិយោគលើគម្រោងខ្នាតយក្សនេះឡើយ៕