ដោយស៊ីវ ម៉េង
ភ្នំពេញៈ ការរៀបចំហេដ្ឋារចនាសម្ព័ន្ឋទីក្រុងថ្មីកោះនរា ដែលបាននិងកំពុងចាក់ខ្សាច់ និងថ្មដើម្បីបំពេញគ្រឹះរបស់ទីក្រុងនេះ សម្រេចបានចន្លោះ ៣០ទៅ ៣៥ភាគរយហើយគិតរហូតមកទល់ពេលនេះ។
អគ្គនាយករងក្រុមហ៊ុន OCIC លោកទូច សំណាង បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទឲ្យដឹងកាលពីពេលថ្មីៗនេះថា សកម្មភាពកសាងមូលដ្ឋានគ្រឹះ នៃហេដ្ឋារចនាសម្ព័ន្ឋនានាសំរាប់ទីក្រុងកោះនរា កំពុងឆ្ពោះទៅមុខយ៉ាងសកម្ម ដោយមិនមានចំណុចណារអាក់រអួលនោះទេ ដោយគិតពីពេលចាប់ផ្តើមរហូតមកទល់ពេលនេះ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋបានសម្រេចតាមផែនការ។
លោកបន្តថា “ផែនការមេនៃការអភិវឌ្ឍទីក្រុងនេះបាន និងកំពុងដំណើរការ តាមផែនការ ប៉ុន្តែដោយសារវិបត្តិនៃជំងឺ Covid-19 បានធ្វើឲ្យអ្នកវិនិយោគជាតិ អន្តរជាតិកំពុងផ្អាកសកម្មភាពេរបស់ពួកគេ” ។ លោកបន្តថា “ទស្សនទាននៃការអភិវឌ្ឍទីក្រុងកោះនរា មានភាពស្រដៀងគ្នា នឹងទីក្រុងកោះពេជ្រនាពេលបច្ចុប្បន្ននេះ ដោយវានឹងក្លាយជាទីក្រុងរណបមួយ ដែលនឹងរួចចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា” ។
ក្នុងកំឡុងពិធីបើកការដ្ឋានសម្ភោធការដ្ឋាន សាងសង់ស្ពានតភ្ជាប់ពីទីក្រុងកោះពេជ្រ និងទីក្រុងកោះនរា និងស្ពានតភ្ជាប់ជាមួយផ្លូវជាតិលេខ១ អ្នកឧកញ៉ា ពុង ឃាវសែប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន OCIC បានមានប្រសាសន៍ថា ការអភិវឌ្ឍទីក្រុងកោះនរា នឹងផ្តល់ចំណូលចូលដល់សេដ្ឋកិច្ចជាតិជាង ២០០លានដុល្លារ សហរដ្ឋអាមេរិកក្នុងមួយឆ្នាំ៕