ឧកញ៉ាកាង សុធី បង្ហើប​ពី​ដី​ស្ថិតនៅ​ទីតាំង​ចំនួន៥ ដែល​មិនគួរ​វិនិយោគ

0

ដោយៈ​ស៊ីវ ម៉េង

ភ្នំពេញ៖ អ្នក​ជ​នា​ញ​ផ្នែក​អចលនទ្រព្យ ពិសេស​ជា​អ្នកជំនាញ​ផ្នែក​ទិញ​លក់​ដីធ្លី​បាន​ប្រាប់​ពី​លក្ខ​ខ័​ណ្ឌ​ដី​ចំនួន៥ប្រភេទ ដែល​អ្នកវិនិយោគ​មិនគួរ​ទិញ​នោះទេ ដោយសារ​វា​ពិបាក​ក្នុង​ការលក់​ចេញ។

លោក​ឧកញ៉ា កាង សុធី អគ្គ​នាយ​អគ្គនាយក​នៃ​ក្រុមហ៊ុន Century21 Land Station Real Estate បាន​មានប្រសាសន៍ ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពីពេលថ្មីៗនេះ​ថា ការវិនិយោគ​ដីធ្លី អ្នកណា​ក៏​ចង់​លក់​ឆាប់​ដាច់ និង​ទទួលបាន​ផលចំណេញ​លឿន​ដែរ ប៉ុន្តែ​លក្ខ​ខ័​ណ្ឌ​ទីតាំង សណ្ឋាន​ដី​ពិតជា​កត្តា​សំខាន់ ដើម្បី​ឲ្យ​ដី​របស់ខ្លួន​លក់​ឆាប់​ដាច់ និង​ទទួលបាន​ផលចំណេញ​ខ្ពស់។

ទី១ ដី​មាន​ទីតាំងនៅ​ជុំវិញ​វត្ត​អា​រ៉ា​ម

លោក​ឧកញ៉ា​លោក កាង សុធី បាន​ឲ្យ​ដឹងថា ទោះជា​ប្រជាជន​ខ្មែរ​និយម​ទៅធ្វើ​បុណ្យ​នៅ​វត្ត​អា​រ៉ា​ម​ក្តី តែ​ទីតាំង​ដី​ដែល​នៅក្បែរ​វត្ត​អា​រ៉ា​ម ទាំង​ខាងមុខ​ខាងក្រោយ និង​ជាប់​របង​វត្ត ពិតជា​ដី​មិន​ងាយ​លក់​ចេញ​នោះទេ ទោះជា​ដី​នោះ​មានតម្លៃ​ទាប​ជាង​ទីផ្សារ​ក៏ដោយ។ លោក​បន្តថា ដី​នៅតាម​ជុំវិញ​វត្ត​អា​រ៉ា​ម ពិតជា​មិន​ងាយ​ទាក់ទាញ​ការចាប់អារម្មណ៍​ច្រើន​នោះទេ និង​មិន​ងាយ​លក់​ចេញ​បានឡើយ។

ប្រហែល​ពួកគេ​មិន​ចង់​មាន​សម្លេង​រំខាន នៅពេល​មានកម្ម​វិធី​បុណ្យទាន​នានា ក៏ដូចជា​បញ្ហា​ហុងស៊ុយ​ផងដែរ។

ទី២ដី​មាន​ផ្នូរ​ឬ​ម៉ុង​ខ្មោច​នៅក្បែរ
          ជាទូទៅ​មនុស្ស​ណា​ក៏​ស្លាប់​ដែរ តែ​ពេល​ស្លាប់​ពួកគេ​នឹង​ក្លាយជា​ខ្មោច ហេតុនេះ​ទីតាំង​ដី​ដែល​នៅក្បែរ​ផ្នូរខ្មោច ឬ​ចេតិយ មិនគួរ​ទិញ​នោះទេ ដោយសារ​មនុស្ស​មិន​ចូលចិត្ត​ផ្នូរ ឬ​ម៉ុង​ខ្មោច​នោះឡើយ។

ការទិញ​ដី​មាន​ទីតាំង​បែបនេះ ពិតជា​ពិបាក​លក់​ចេញ និង​មិន​ងាយ​បាន​ផលចំណេញ។

ទី៣ រាង​ឬ​សណ្ឋាន​ដី

រាង​ឬ​សណ្ឋាន​ដី​ក៏មាន​សារៈសំខាន់ ដើម្បី​ទាក់ទាញ​អ្នកទិញ​បន្ត ឬ​អ្នកវិនិយោគ​ផងដែរ ព្រោះ​បើ​រាង​ដី​មិន​សមស្រប និង​មាន​សណ្ឋាន​វៀច ពិតជា​មិន​ធ្វើ​ឲ្យ​ដី​នោះ​ងាយ​លក់​នោះទេ ហើយ​វា​ក៏​មិន​ឡើងថ្លៃ​លឿន​ដែរ។

លោក​ឧកញ៉ា​កាង សុធី​បាន​ឲ្យ​ដឹងថា ដើម្បី​ដឹង​ពី​រាង​ឬ​សណ្ឋាន​ដី​ណាមួយ សូមកុំ​មើល​នឹង​ភ្នែក​ទទេ តែ​ត្រូវសុំ​ប្លង់​ម្ចាស់​ដី​យកមក​មើល ទើប​យើង​អាច​ដឹងថា​រាង​ឬ​សណ្ឋាន​ដី​នោះ​មាន​លក្ខណៈ​ដូចម្តេច។

ទី៤ ការខ្ចីប្រាក់​ពី​ធនាគារ

ការខ្ចីប្រាក់​ឬ​ឥណទាន​ពី​ធនាគារ ជា​រឿង​គួរ​ឲ្យ​ប្រុងប្រយ័ត្ន​មួយ ព្រោះ​អ្នកវិនិយោគ​ឬ​ទិញ​ដីធ្លី ត្រូវ​សិក្សា​លំហូរ​សាច់ប្រាក់​របស់ខ្លួន​ឲ្យ​បានច្បាស់លាស់ ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​ហិរញ្ញវត្ថុ​នៅពេល​ដី​ជាប់គាំង ឬ​លក់​មិន​ចេញ។

លោក​ឧកញ៉ា​កាង សុធី បាន​បញ្ជាក់ថា ដីធ្លី​នៅ​តំបន់​ណាមួយ​អាច​ជាប់គាំង​មួយរយៈ និង​កញ្ជ្រោល​តម្លៃ​ឡើង​ខ្ពស់ភ្លាមៗ ហើយ​តម្លៃ​ដីធ្លី​មិន​កើនឡើង​គ្រប់​តំបន់​នោះទេ ហេតុនេះ​ការសិក្សា​ពី​ចរន្ត​សាច់ប្រាក់​របស់​យើង បើសិនជា​រកឃើញថា លំហូរ​សាច់ប្រាក់​របស់​យើង​មិន​រលូន និង​មិន​ធានាបាន​នូវ​ការជាប់គាំង​ណាមួយ មិនគួរ​ប្រើប្រាស់​ឥណទាន​ពី​ធនាគារ​ដើម្បី​វិនិយោគ​ទិញ​ដីធ្លី​នោះទេ។

ទី៥ ដី​មាន​ប្រវត្តិ​មិន​ច្បាស់លាស់

ដី​មាន​ប្រវត្តិ​មិនសូវ​ច្បាស់លាស់ ច្រើន​ជា​ដី​នៅ​ខេត្ត​ទើប​មានការ​រីកចម្រើន និង​ទាក់ទាញ​ការវិនិយោគ ដែល​បច្ចុប្បន្ន​ដី​ប្រភេទ​នេះ​ច្រើន​មាននៅ​ខេត្តមណ្ឌលគិរី កំពង់ស្ពឺ​ជាដើម ដោយសារ​មាន​មន្ត្រី​ខិលខូច​មួយចំនួន បានចេញ​ប្លង់ដី​ត្រួត​លើ​គ្នា ដែល​ដី​ខ្លះ​មាន​ប្លង់​កាន់កាប់​រហូតដល់៤ទៅ៥នាក់​ក៏មាន។

បញ្ហា​នេះ​កើតមាន​មួយផ្នែក ដោយសារ​ការចុះ​ដីធ្លី​ជា​លក្ខណៈ​ប្រ​ព័​ន្ឋ​មិនទាន់​បានបញ្ចប់ ប៉ុន្តែ​យ៉ាងណា​បញ្ហា​ចម្បង​ជាងគេ គឺ​មន្ត្រី​ខិលខូច​បានដឹង​រឿង​ហើយ នៅតែ​បន្ត​បំពាន និង​ឃុ​ប​ខិត​គ្នា​ចេញ​ប្លង់​ជាន់​លើ​គ្នា ជា​ថ្នូរ​នឹង​ផលប្រយោជន៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here