ដោយ គង់ សូរិយា
ភ្នំពេញ៖ ខណៈកម្ពុជាកំពុងពង្រីកសក្តានុពលតភ្ជាប់ផ្លូដែក មន្រ្តីជំនាញក្រសួងសាធារណៈការនិងដឹកជញ្ជូនបានថ្លែងថា បណ្តាញផ្លូវរថភ្លើងកម្ពុជា មិនទាន់អាចអនុញ្ញាត្តឲ្យកម្ពុជាប្រើប្រាស់រថភ្លើងល្បឿនលឿនបាននៅឡើយទេ។
អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកវ៉ាស៊ីម សូរិយាបានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីម្សិលម៉ិញនេះថា បណ្តាញផ្លូវរថភ្លើងកម្ពុជា មានទំហំទទឹង១ម៉ែត្រប៉ុណ្ណោះ និងមិនទាន់មានស្តង់ដាអាចទ្រទម្ងន់បាន២៥តោនបានទាំងស្រុងទេ គឺផ្លូវរថភ្លើងដែលអាចផ្ទុកទម្ងន់បាន២៥តោន មានត្រឹមកំណាត់ពីក្រុងសិរីសោភ័ណ ទៅកាន់ក្រុងប៉ោយប៉ែតប៉ុណ្ណោះ។ ចំណែកពីក្រុងសិរីសោភ័ណ មកកាន់ក្រុងភ្នំពេញដែលនឹងមានខ្សែរថភ្លើងរត់បាននៅថ្ងៃទី៤ កក្កដាខាងមុខ អាចទ្រទម្ងន់បាន១៥តោន។
លោកបន្តថា “បណ្តាញផ្លូវរថភ្លើងរបស់យើងអាចរត់យ៉ាងលឿនបាន ក្នុងល្បឿន៦០គីឡូម៉ែត្រក្នុងមួយម៉ោងប៉ុណ្ណោះ ដោយសារផ្លូវរថភ្លើងរបស់យើងមិនទាន់គ្រប់ស្តង់ដាអាចឲ្យរថភ្លើងល្បឿនលឿនដំណើរការបាននៅឡើយ”។លោកបន្តថា “ផ្លួបរថភ្លើងដែលអាចប្រើប្រាស់រថភ្លើងល្បឿនលឿនបាន ត្រូវមានទំហំ១,៤៥ម៉ែត្រ ប៉ុន្តែផ្លូវរថភ្លើងកម្ពុជាបច្ចុប្បន្នមានទំហំទទឹង១ម៉ែត្រប៉ុណ្ណោះ”។
លោកវ៉ាស៊ីម សូរិយាបានបន្តថា បណ្តាញផ្លូវរថភ្លើងនៅតាមមហាអនុតំបន់ទន្លេមេគង្គ ក៏មានសភាពដូចកម្ពុជាផងដែរ លើកលែងតែប្រទេសថៃ ដែលបច្ចុប្បន្នកំពុងសាងសង់ផ្លូវរថភ្លើងទំហំ១,៤៥ម៉ែត្រ ដែលអាចអនុញ្ញាត្តឲ្យមានរថភ្លើងល្បឿនលឿនធ្វើចរាចរបាន ហើយប្រទេសនេះនឹងតភ្ជាប់ផ្លូវល្បឿនលឿន ជាមួយប្រទេសចិននាពេលខាងមុខនេះ។
ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ លោកបណ្ឌិតម៉ី កល្យាណបានថ្លែងថា ការតភ្ជាប់បណ្តាញផ្លូវរថភ្លើងនៅកម្ពុជា ពិតជាផ្តល់ផលប្រយោជន៍ច្រើនដល់ការដឹកជញ្ជូន ព្រោះវាជួយកាត់យតម្លៃដើមនៅក្នុងការដឹកជញ្ជូន ខណៈដែលតម្លៃនៃការដឹកជញ្ជូននៅកម្ពុជាមានតម្លៃថ្លៃជាងគេនៅក្នុងតំបន់។ លោកបន្តថា ការដឹកជញ្ជូនតាមផ្លូវដែកនឹងចំណាយថ្លៃដើម ក្នុងការដឹកជញ្ជូនតិចជាងមុន ដោយសារការដឹកជញ្ជូនតាមផ្លូវដែកអាចដឹកបានច្រើន។
លោកបន្តថា “ការដឹកជញ្ជូនតាមផ្លូវដែកក៏ផ្តល់ជម្រើសកាន់តែច្រើន និងចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ”៕