អស្ចារ្យ! R&F Property ចាប់ផ្តើមសាងសង់គំរោងខុនដូដ៏ធំមួយទៀតនៅផ្លូវ៦០ម៉ែត្រ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យលំដាប់ Top Ten របស់ប្រទេសចិន បាននិងកំពុងចាប់ផ្តើមគម្រោងដ៏ធំមួយទៀតនៅផ្លូវ៦០ម៉ែត្រ ឬមហាវិថីសម្តេចតេជោហ៊ុន សែន ដែលធ្វើឲ្យទីផ្សារអចលនទ្រព្យកម្ពុជាកាន់តែរះចែងចាំង។

លោក RAYSON មន្រ្តីជាន់ខ្ពស់ផ្នែកទីផ្សារនៃក្រុមហ៊ុនអចលនទ្រព្យលំដាប់យក្ស R&F Properties បានថ្លែងឲ្យដឹងនៅការិយាល័យរបស់លោកកាលពីថ្ងៃទី១៤ មិថុនាកន្លងមកថា គំរោងនេះមានអាគារកំពស់៣៣ជាន់ចំនួន៨ និងមានផ្ទះជាង២០០០យូនីត និងគ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ២០២០ខាងមុខនេះ។លោកបន្តថា នេះជាគំរោងថ្មី​មួយទៀត ក្រៅពីគម្រោង R&F CITY ដែលសាងសង់អាគារចំនួន២០ កំពស់៣៣ជាន់នៅផ្លូវដដែលនេះ។

លោកបន្តថា “គំរោងនេះមានឈ្មោះ LINGNAN GRADEN ជាគំរោងដែលផ្តោតលើអតិថិជនជនជាតិចិន និងជនជាតិខ្មែរដែលចង់បានបែបផែនជីវិតថ្មីនៅកម្ពុជា”។លោកបន្តថា “យើងនឹងប្រកាសលក់គំរោងនេះ ​នៅខែកក្កដាខាងមុខនេះ ដោយលក់ក្នុងតម្លៃប្រមាណ១៨០០ដុល្លារក្នុងមួយម៉ែត្រការ៉េ”។

លោក RAYSON បានបន្តថា ការសម្រេចចិត្តមកវិនិយោគនៅកម្ពុជា ដោយសារទំនាក់ទំនងល្អរវាងប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ ពិសេសកម្ពុជាកំពុងទទួលបានផលប្រយោជន៍ពិសេសពីគោលនយោបាយផ្លូវសូត្រ (ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ) ហើយកម្ពុជាជាប្រទេសដែលមានសន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចរ៉ឹងមាំ។

លោកបន្តថា “កំនើនសេដ្ឋកិច្ច និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ នឹងធ្វើឲ្យប្រជា ជនកម្ពុជាចាប់ផ្តើមរស់នៅតាមខុនដូបណ្តើរ ហើយនឹងកើនឡើងខ្ពស់នាពេលអនាគតព្រោះការរស់នៅតាមខុនដូ នឹងធ្វើឲ្យជីវិតមានភាពងាយស្រួលនិងស៊ីវិល័យ”។

នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia អ្នកនាងអាន សុធីតាបានថ្លែងថា គម្រោងវិនិយោគរបស់ចិននៅកម្ពុជា ភាគច្រើនជាគំរោងវិនិយោគធំៗ ដែលផ្តោតលើអតិថិជនចម្រុះ ហើយនិន្នាការទីផ្សារមិនមានអ្វីប្រែប្រួលនោះទេ ទោះជាគំរោងធំៗកំពុងលេចឡើងនៅកម្ពុជាក្តី ព្រោះតម្រូវការនឹងមានការកើនឡើងនាពេលអនាគត។

លោកឧកញ៉ានួន រិទ្ឋីអគ្គនាយកនៃក្រុមហ៊ុនអចលនទ្រព្យ KFA បានថ្លែងថា កំនើននៃការវិនិយោគរបស់ចិន និងអ្នកវិនិយោគអន្តរជាតិដទៃទៀត ឆ្លុះបញ្ចាំងពីទំនុកចិត្តនិងបរិយាកាសវិនិយោគនៅកម្ពុជាកាន់តែល្អប្រសើរ ព្រោះច្បាប់កម្ពុជាអាចអនុញ្ញាត្តឲ្យជនបរទេសកាន់កាប់ភាគហ៊ុន១០០ភាគរយនៅទីនេះ ដែលជាគោលនយោបាយមួយដ៏ប្រ​សើរ គួបផ្សំនឹងគោលនយោបាយបើកចំហជើងមេឃរបស់រដ្ឋាភិបាល បានធ្វើឲ្យកម្ពុជា កាន់តែមានភាពទាក់ទាញអ្នកវិនិយោគអន្តរជាតិច្រើនថែមទៀត។

លោកបន្តថា “សន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច គួបផ្សំនឹងច្បាប់​វិនិយោគដ៏ល្អ និងច្បាប់ពន្ឋដ៏ទាក់ទាញកម្ពុជានឹងកាន់តែរីកចម្រើនថែមទៀត”។លោកបន្តថា “ចំនួនគំរោងបច្ចុប្បន្នយើងឃើញច្រើន ប៉ុន្តែខ្ញុំគិតថាមិនទាន់ឆ្លើយតបនឹងតម្រូវការនាពេលអនាគតនៅឡើយទេ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here