ចេញរកស៊ីដំបូងលោកលី សុខឆាយខាតបង់ប្រាក់អស់ ៣០ម៉ឺនដុល្លារ កាលពី10ឆ្នាំមុន!

0

ដោយ: ស៊ីវ ម៉េង
ភ្នំពេញៈ មានស្រុកកំណើតនៅសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង លោកលី សុខឆាយ បានចាប់កំណើតក្នុងគ្រួសារអ្នកជំនួញ មានឥទ្ឋិពលមួយរូប ក្នុងទឹកដីដងស្ទឹងសង្កែឬទឹកដីតាដំបងគ្រញូង។

ក្នុងបឋមវ័យ លោកលី សុខឆាយបានការចាប់ផ្តើមការសិក្សាផ្តោតខ្លាំង ភាសាចិនតាំងពីតូច ដែលធ្វើឲ្យលោកអាចនិយាយភាសាចិន យ៉ាងស្ទាត់ជំនាញ មុនពេលលោកបានមកសិក្សា នៅនៅវិទ្យាល័យជម្ពូរវ័ន្ត រាជធានីភ្នំពេញ ហើយបន្តសិក្សានៅវិទ្យាស្ថានភាសាបរទេស(IFL)នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និង ផ្នែកច្បាប់ នៃសាកលវិទ្យាល័យ នីតិសាស្រ្ត វិទ្យាសាស្រ្ត និងសេដ្ឋកិច្ច (RULE)។


ចាប់កំណើត នៅខែមេសា ឆ្នាំ១៩៨៧ ក្នុងក្រុងបាត់ដំបង លោកលី សុខឆាយត្រូវបានគេមើលឃើញថា ជាមនុស្សរៀនសូត្រពូកែ តែងតែជាប់លេខ 1 ឬលេខ 2 ក្នុងថ្នាក់ និងមានចារឹក សុភាពរាបសារ រួសរាយ រាក់ទាក់ គោរពរចាស់ទុំ ប៉ុន្តែម៉ត់ចត់ក្នុងការងារ ហ៊ានប្រថុយ (រកស៊ីត្រូវតែហ៊ានប្រថុយ) ប្រសិនជាពេលវេលាសមស្រប។
ជាភ័ព្វសំណាងមួយ សម្រាប់លោកលី សុខឆាយ ព្រោះលោកបានចាប់កំណើតក្នុងគ្រួសារអ្នកជំនួញឆ្នើម ដែលធ្លាប់មានប្រវត្តិធ្វើការជាមួយអ្នកឧកញ៉ាថៃ ប៊ុនម៉ា អគ្គនាយកក្រុមហ៊ុន Thai Boonrong Group និងបច្ចុប្បន្ន កំពុងសហការធ្វើជំនួញជាមួយ អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់ និងជាអគ្គនាយកក្រុមហ៊ុន OCIC ព្រមទាំងប្រធានអគ្គនាយកធនាគារកាណាឌីយ៉ាជាដើម លោកគឺជាបុគ្គលទី 1 ដែលសរសេរ និងបង្កើត ផែនការអាជីវកម្ម (Business Plan) ចំនួន 40 ទំព័រ ដែលទទួលបានការអនុម័តពីអ្នកឧកញ៉ា ពុង ឃែសែ លើគម្រោងអាជីវកម្មរបស់ខ្លួន!
ដោយសារមានឈាមជ័រ ជាអ្នរកស៊ីបែបនេះហើយ ទើបលោក លី សុខឆាយ មាននិស្ស័យជាអ្នកជំនួញតាំងពីក្មេង ហើយលោកបានចាប់ផ្តើមប្រឡូកជំនួញ ដោយខ្លួនឯង នៅពេលលោកចាប់ផ្តើមសិក្សាភាសាអង់គ្លេស នៅវិទ្យាស្ថានភាសាបរទេស (IFL) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងផ្នែកច្បាប់ នៃសាកលវិទ្យាល័យ នីតិសាស្រ្ត វិទ្យាសាស្រ្ត និងសេដ្ឋកិច្ច (RULE)។
ចំណង់ចំណូលចិត្តជាអ្នកជំនួញ ស្ថិតនៅពេញក្នុងចិត្តរបស់លោកសុខឆាយ រហូតមក ទើបនៅពេលមួយនោះ លោកបានខាតបង់ប្រាក់ ប្រមាណ៣០ម៉ឺនដុល្លារអាមេរិក ក្នុងការប្រឡូកលើមុខជំនួញទាំងបទពិសោធន៍នៅក្មេងខ្ចី
មុខជំនួញដំបូង ដែលធ្វើឲ្យលោកខាតបង់ធ្ងន់ធ្ងរនោះ គឺលោកបានបើកអាជីវកម្មផ្នែកដឹកជញ្ជូន ( Logistics) ការដេញគម្រោងផ្គត់ផ្គង់ និងការទទួលការកុំម៉ងអីវ៉ាន់ ការដែលគេជំពាក់មិនសង និងខាតបង់ទៅលើប្រាក់ខែបុគ្គលិក ជាពិសេសគាត់ជាប់មើលថែឱពុករបស់គាត់ពេលឈឺ និងត្រូវព្យាបាលនៅប្រទេសថៃអស់រយៈពេល 7 ខែ (ឡើងចុះ) ទើបលុយចំនួន ៣០ម៉ឺនដុល្លារ ត្រូវបានបាត់បង់គួរឲ្យសោកស្តាយ។
លោកលី សុខឆាយបានបញ្ជាក់ថា “ទោះជារងការខាតបង់ធ្ងន់ធ្ងរក្តី ប៉ុន្តែខ្ញុំមិនបានជាប់បំណុល ឬមិនសងប្រាក់ខែបុគ្គលិក និងប្រាក់របស់អាជីវករណាមួយឡើយ គឺបានធ្វើការទូទាត់រួចយ៉ាងល្អ”។ លោកបន្តថា “ជាមួយនឹងបទពិសោធន៍បរាជ័យ បានធ្វើឲ្យខ្ញុំមិនរាងចាលនោះទេ ហើយខ្ញុំនៅតែបន្តរកស៊ីលើផ្នែកដទៃទៀត ជីវិតឈានឡើងជាមួយចក្ចុវិស័យច្បាស់លាស់
ជាបញ្ញវ័ន្តមួយរូប និងជាមនុស្សមានការប្តេជ្ញាចិត្តខ្ពស់ តស៊ូមិនបោះបង់ បានធ្វើឲ្យមុខជំនួញរបស់លោកលី សុខឆាយ ឈានឡើងជាមួយនឹងភាពច្បាស់លាស់ ព្រោះលោកឈរលើមូលដ្ឋានចំណេះដឹង ជំនាញ និងរៀនពីបទពិសោធន៍ធ្លាប់បរាជ័យកន្លងមក ដើម្បីកុំឲ្យកើតមានជាថ្មី។
ការដួលមិនមែនជាបញ្ហានោះទេ ប៉ុន្តែអ្វីសំខាន់គឺដួលហើយចេះក្រោក និងអាចឆ្ពោះទៅមុខដោយស្វាហាប់។
នៅពេលសួរថា តើអ្វីជាមួលដ្ឋាននៃភាពជោគជ័យរបស់លោក លោកលី សុខឆាយបានបង្ហើបឲ្យដឹងថា លោកតែងតែចូលចិត្តរៀនសូត្រជាប្រចាំ ជាមួយមនុស្សជុំវិញខ្លួនទាំងក្មេង ទាំងចាស់ ដោយផ្តោតលើការបង្កើតមិត្ត កសាងទំនាក់ទំនងល្អជាមួយចាស់ទុំ និងអ្នកប្រឡូកក្នុងមុខជំនួញនានា ដើម្បីអាចសិក្សាបាននូវបទពិសោធន៍ថ្មីៗលើមុខជំនួញ ក៏ដូចជាកសាង បណ្តាញមមិត្តភ័ក្តក្នុងអាជីវកម្ម ពិសេសក្នុងវិស័យអចលនទ្រព្យ ព្រោះអចលនទ្រព្យជាវិស័យមួយ ដែលធ្វើការងារជាបណ្តាញ ឬជាក្រុម។
ជាមួយនឹងឥរិយាបទ គោរពចាស់ទុំ និងដាក់ខ្លួនតាមកាលៈទេសៈ លោកលី សុខឆាយ បានទទួលការសហការពីក្រុមហ៊ុនដៃគូជាច្រើន ដើម្បីជម្រុញភាពរីកចម្រើនរបស់LSCG ជាក់ស្តែងកាលពីពេលថ្មីៗនេះលោកបានចុះMOU សហការជាដៃគូជាមួយក្រុមហ៊ុនចិន ក្នុងតម្លៃប្រមាណ២០លានដុល្លារអាមេរិក ដើម្បីម៉ៅការលើគំរោងអចលនទ្រព្យនានា។ ដោយសារតែកេរ្ត៍ឈ្មោះរបស់លោក និងគ្រួសារ ពិសេសការមានទំនាក់ទំនងល្អជាមួយអ្នកឧកញ៉ាធំៗ ដែលមានឥទ្ឋិពលលើមុខជំនួញ និងសេដ្ឋកិច្ចនៅកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here