ដោយ ៖រ៉ាណេត
កំពង់ស្ពឺ ៖ កំពង់ស្ពឺដែលជាខេត្តឈនៅលំដាប់ថ្នាក់កំពូលក្នុងការទទួលបានគម្រោងវិនិយោគក្នុងវិស័យឧស្សាហកម្មប្រចាំនៅកម្ពុជា នៅតែបន្តមានគម្រោងថ្មីៗចូលមកជាបន្តបន្ទាប់។ ជាក់ស្ដែង បើទោះជាស្ថិតនៅក្នុងភាពប្រឈមនឹងវិបត្តិជំងឺកូវីដក្នុងសហគមន៍ដែលកំពុងទប់ស្កាត់នៅពេលនេះ មានគម្រោងវិនិយោគបង្កើតរោងចក្រថ្មីបន្ថែមចំនួន២០ ដែលគ្រោងនឹងដាក់ដំណើរនៅពេលឆាប់ៗខាងមុខនេះ។

អភិបាលខេត្តកំពង់ស្ពឺ លោកវ៉ី សំណាងបានមានប្រសាសន៍ប្រាប់ឱ្យដឹងនៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះថា បច្ចុប្បន្ននេះនៅក្នុងខេត្ដកំពង់ស្ពឺមានរោងចក្រសហគ្រាសសរុបចំនួន ៧៥០០រោងចក្រសហគ្រាស ហើយរោងចក្រសហគ្រាសធំៗមានប្រមាណ៣៣៥ រោងចក្រ។
លោកបន្តថា ខេត្ដកំពង់ស្ពឺ ត្រូវការកម្លាំងពលកម្មជាច្រើននាក់នាពេលខាងមុខ បន្ទាប់ពីមានរោងចក្រសហគ្រាសជាច្រើនគ្រោងមកបណ្ដាក់ទុនវិនិយោគបន្ថែមទៀត។ តម្រូវការកម្លាំងពលកម្មដ៏ច្រើននាពេលខាងមុខនេះ ដោយសារតែវិនិយោគិនចិនជាច្រើនគ្រោងមកបណ្ដាក់ទុនវិនិយោគនៅខេត្ដកំពង់ស្ពឺចំនួន២០រោងចក្របន្ថែមទៀត ដែលជាកត្ដាធ្វើឱ្យខេត្ដខ្វះកម្លាំងពលកម្មជាច្រើនផងដែរ។
លោកបានបញ្ជាក់ថា “តាមរយៈមន្ទីរការងារ យើងមានរោងចក្រចំនួន៤៦ ដែលបានខ្វះកម្មករចំនួន៧ពាន់នាក់ អ៊ីចឹងធ្វើឱ្យមានការលំបាកក្នុងការទាក់ទាញអ្នកវិនិយោគ ដែលអ្នកវិនិយោគគ្រោងដាក់រោងចក្រ២០នៅទីនេះ ដែលត្រូវធានាកម្មករ។ អ៊ីចឹងមានតែខិតខំអំពាវនាវដល់ខេត្ដជុំវិញឱ្យយុវជនមកធ្វើការនៅទីនេះ។ នេះជាបញ្ហាប្រឈមអត់កម្លាំងពលកម្មរបំពេញការងារនៅតាមរោងចក្រ”។
លោកអភិបាលខេត្តមានប្រសាសន៍បន្ថែមថា ការមកបណ្ដាក់ទុករបស់អ្នកវិនិយោគចិននេះ ដោយសារខេត្ដកំពង់ស្ពឺមានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ ជាពិសេសធនធានមនុស្សមានភាពអត់ធ្មត់ ស្មោះត្រង់ និងព្យាយាមលើការងារ ដែលធ្វើឱ្យទាក់ទាញការវិនិយោគបានយ៉ាងច្រើន។ អ្វីដែលសំខាន់ គឺខេត្តមានភាពអំណោយផលផ្នែកកត្តាភូមិសាស្ត្រ ងាយស្រួលក្នុងការដឹកជញ្ជូនផលិតពាក់កណ្តាល និងសម្រេចចេញទៅទៅកាន់ទីផ្សារអន្តរជាតិតាមរយៈផ្លូវជាតិលេខ៤ ឆ្ពោះទៅកាន់កំពង់ផែខេត្តព្រះសីហនុ៕