ចំណេះដឹង! តើ​ត្រូវមាន​ឯកសារ​អ្វីខ្លះ​សម្រាប់​ស្នើសុំ​លិខិត​សាងសង់?

0

ដោយ ម៉ាណេត

ភ្នំពេញ៖ វិស័យ​សំណង់​នៅ​ប្រទេស​កម្ពុ​ជានា​រយៈពេល​ចុងក្រោយ​នេះ មានការ​រីកចម្រើន និង​រីកដុះដាល​ជាខ្លាំង ដោយសារ​កំណើន​វិនិយោគិន និង​កំណើនប្រជាជន​មានការ​កើនឡើង ដែល​ជំរុញ​ឱ្យ​វិស័យ​សំណង់​លំនៅដ្ឋាន ឬ​អគារផ្សេងៗបាន​នឹង​កំពុង​សាងសង់​យ៉ាង​ហូរហែ​ដើម្បី​បំពេញ​តាម​សេចក្ដីត្រូវការ​ស់​ប្រជាពលរដ្ឋ ក៏ដូចជា​វិនិយោគិន​បរទេស។

ទន្ទឹមនឹងនេះ ដើម្បី​ធានាថា​ការសាងសង់ និង​សំណង់​ទាំងនោះ ត្រូវបាន​ធ្វើឡើង​ស្របទៅតាម​បទដ្ឋាន​គតិយុត្ត ព្រមទាំង​មិន​បង្ក​នូវ​បញ្ហា ឬ​គ្រោះថ្នាក់​ណាមួយ​ជាយថាហេតុ អ្នក​ដែលមាន​បំណង​ចង់​សាងសង់​នូវ​សំណង់​ថ្មី ត្រូវ​ទទួលបាន​លិខិតអនុញ្ញាត​សាងសង់​ជាមុនសិន ហើយ​លក្ខខណ្ឌ​នៃ​ការស្នើសុំ​លិខិត​នេះ​ទៀតសោត​ក៏​ត្រូវបាន​បញ្ញត្ត​យ៉ាង​ជាក់លាក់​ដោយ​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ។

យោងតាម​អនុក្រឹត្យ​ស្ដីពី​លិខិតអនុញ្ញាត​សាងសង់ របស់​រាជរដ្ឋាភិបាល​នៃ​កម្ពុជា បានឱ្យដឹងថា សំណង់​ដែល​តម្រូវឱ្យមាន​លិខិតអនុញ្ញាត​សាងសង់​ជាមុន​គឺ រាល់​ការសាងសង់​ថ្មី ឬ​សាងសង់​ឡើងវិញ​លើ​អគារ​ដែលមាន​ស្រាប់ (ក្នុងករណី​ដែល​ការសាងសង់​ឡើងវិញ​នោះ​ប្ដូរ​ទ្រង់ទ្រាយ ឬ​ទិដ្ឋភាព​នៃ​សំណង់) នៅក្នុង​ទីក្រុង និង​ទីប្រជុំជន។

មាត្រា៩ នៃ​អនុក្រឹត្យ ស្ដីពី​លិខិតអនុញ្ញាត​សាងសង់ បានចែង​អំពី​ឯកសារ​ចាំបាច់​សម្រាប់​ការស្នើសុំ​ដូចខាងក្រោម៖

១៖ វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ ឬ ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​ប្រើប្រាស់​អចលនវត្ថុ ឬ​លិខិត​កាន់កាប់​ដី​ជា​បណ្ដោះអាសន្ន

២៖ សលាក​ប​ត្រ​ដី​ឡូ​តិ៍ និង​ប្លង់​ទីតាំង​អគារ​នៅក្នុង​ដី​ឡូ​តិ៍

៣៖ ប្លង់ និង​គម្រោង​ស្ថាបត្យកម្ម វិស្វកម្ម

៤៖ អត្តសញ្ញាណប័ណ្ណ​សម្គាល់​ជា​ជនជាតិខ្មែរ​របស់​អ្នកស្នើសុំ

៥៖ ពាក្យសុំ​លិខិតអនុញ្ញាត​សាងសង់​ដោយមាន​ហត្ថលេខា​របស់​ម្ចាស់​ដី និង​អ្នកធ្វើ​គម្រោង។ (សំណុំលិខិត​ពាក្យសុំ​លិខិតអនុញ្ញាត​សាងសង់​ទាំងអស់​ត្រូវធ្វើ​ឡើងជា​ភាសា​ខ្មែរ ហើយ​អត្ថបទ​ជា​ភាសា​អង់គ្លេស និង​ភាសា​បារាំង​អាច​ផ្ដល់​ភ្ជាប់​ជាមួយនឹង​លិខិត​នេះ​បាន) ។

ចំណែកឯ​សំណង់​ជា​លំនៅដ្ឋាន របស់​ប្រជាពលរដ្ឋ​ដែល​ស្ថិតនៅ​ទីជនបទ ឬ​តំបន់​ឆ្ងាយ​ពី​ផ្លូវជាតិ ផ្លូវដែក និង​ឆ្ងាយ​ពី​តំបន់​រមណីយដ្ឋាន​ទេសចរណ៍ តំបន់​បេតិកភណ្ឌ​ជាតិ ឬ​តំបន់​រក្សាទុក​ការពារ​វិញ​នោះ គឺ​មិន​តម្រូវឱ្យមាន​លិខិតអនុញ្ញាត​សាងសង់​នោះឡើយ។ លិខិតអនុញ្ញាត​សាងសង់ ត្រូវបាន​តម្រូវឱ្យ​ស្នើសុំ​ដោយ​ម្ចាស់​គម្រោង ឬ​អ្នកតំណាង​ស្របច្បាប់​របស់​ម្ចាស់​គម្រោង។ ជាក់ស្ដែង​នីតិវីធី​នៃ​ការស្នើសុំ​លិខិតអនុញ្ញាត​សាងសង់​នេះ មិនមាន​លក្ខណៈ​ស្មុគស្មាញ​ដែល​អាច​បង្ក​ជា ការលំបាក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នោះឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here