រដ្ឋបាលខេត្តកំពង់ស្ពឺសម្រេចដកហូតដីព្រៃទំហំជាង២៦៦ហិកតាក្នុងស្រុក ឱរ៉ាល់មកជាសម្បត្តិរដ្ឋ

0

ដោយៈ រ៉ាណេត
កំពង់ស្ពឺៈ រដ្ឋបាលខេត្តកំពង់ស្ពឺ សហការជាមួយតុលាកាខេត្ត បានសម្រេចដកហូតដីព្រៃដែលស្ថិតនៅក្នុងដែនការពារ និងអភិរក្សដែលរងនូវការបំពាន និងទន្ទ្រានពីសំណាក់ជនខិលខូចសរុបជាង២៦៦ហិកតា ស្ថិតនៅក្នុងស្រុកឱរ៉ាល់មកជាសម្បត្តិរដ្ឋក្រោមការគ្រប់គ្រងដោយក្រសួងបរិស្ថាន។


អភិបាលខេត្តកំពង់ស្ពឺ លោកវ៉ី សំណាងបានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទនៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះថា ការដកហូតដីព្រៃដែលស្ថិតនៅទីតាំងដូចបង្ហាញខាងលើនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមន្ត្រីជំនាញ បានចុះសិក្សាលម្អិតឃើញថា ជាដីដែលស្ថិតនៅក្នុងដែនអភិរក្ស និងការពារធនធានធម្មជាតិ ក្រោមការគ្រប់គ្រងដោយក្រសួងបរិស្ថាន និងត្រូវបានវិស័យឯកជន ដែលរួមមានពលរដ្ឋក្នុងតំបន់ផងដែរធ្វើការទន្ទ្រានកាន់កាប់ដោយខុសច្បាប់។
លោកបញ្ជាក់ថា “ដីព្រៃដែលធ្វើការដកហូតមកជាសម្បត្តិរដ្ឋវិញនេះ ស្ថិតនៅក្នុងឃុំតាសាល និងឃុំត្រពាំងជោ ស្រុកឱរ៉ាល់ មានចំនួន៩ទីតាំងផ្សេងគ្នា ស្មើនឹងប្រមាណ ២៦៦,៣១ហិកតា”។ លោកបន្តថា “យើងមានផលលំបាកក្នុងការស្វែងរក និងទប់ស្កាត់បទល្មើស ព្រោះកម្លាំងមន្ត្រីជំនាញយើងមានតិច ហើយជនខិលខូចមាននៅតាមតំបន់ផ្សេងៗ ដូច្នេះអ្វីដែលសំខាន់គឺយើងស្នើសុំ និងទទូចឱ្យប្រជាពលរដ្ឋមានការចូលរួមអនុវត្ត និងគោរពច្បាប់ទាំងអស់គ្នា ជៀសវាងកើតមានបញ្ហាទំនាស់ ឬអាចប្រឈមទៅនឹងផ្លូវច្បាប់ ដោយសារតែការសម្លឹងឃើញផលប្រយោជន៍ ជាសំខាន់រហូតអនុវត្តប្រាស់ចាកពីច្បាប់”។


កាលពីពេលកន្លងទៅថ្មីៗនេះ រដ្ឋបាលខេត្តកំពង់ស្ពឺ ធ្លាប់បានធ្វើដកហូតដីដែលកាន់កាប់ខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិចំនួន៣កន្លែង ដែលមានទំហំសរុបរហូតដល់ជាង៤០០០ហិកតា មកជាសម្បត្តិរដ្ឋ និងរក្សាទុកជាតំបន់ការពារវិញ។
លោកវ៉ី សំណាង បានបញ្ជាក់ថា “ការដកហូតដីពីវិស័យឯកជន ត្រូវបានធ្វើឡើងក្នុងរូបភាពផ្សេងៗពីគ្នា ដូចជា ការដកហូតពីក្រុមហ៊ុន ដែលទទួលបានសម្បទានពីរដ្ឋាភិបាល ប៉ុន្តែមិនមានសកម្មភាព និងមិនអាចមានលទ្ធភាពក្នុងការគ្រប់គ្រង។ ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏មានការដកហូតពីជនខិតខូចមួយចំនួនដែលបំពានច្បាប់ កាប់ឆ្ការព្រៃរានយកដីធ្វើជាកម្មសិទ្ធិនៅក្នុងតំបន់ការពារ និងអភិរក្សផងដែរ”។
លោកបានបញ្ជាក់ឱ្យដឹងថា កាលពីប៉ុន្មានឆ្នាំមុន សកម្មភាពបំពានដីរដ្ឋនេះ មិនសូវមានច្រើននោះទេ ទើបតែក្នុងរយៈពេលប្រមាណជាង២ឆ្នាំចុងក្រោយ ស្របពេលដែលវិស័យដីធ្លី មានតម្រូវការប្រើប្រាស់ខ្ពស់ ក្រោមគម្រោងវិនិយោគបានធ្វើឱ្យសកម្មភាពបំពានកើតមានច្រើនរហូតដល់រាប់ពាន់ហិកតា៕

LEAVE A REPLY

Please enter your comment!
Please enter your name here