ដោយ គង់ ម៉ាលីន
ភ្នំពេញ៖ កំណើននៃការអភិវឌ្ឍលំនៅដ្ឋាន បានធ្វើឲ្យមូលដ្ឋានអចលនទ្រព្យពិសេសដីធ្លី ក្នុងខ័ណ្ឌដង្កោមានកំនើបខ្លាំងនៅក្នុងត្រីមាសទី១ឆ្នាំនេះ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
យោងតាមការស្រាវជ្រាវរបស់ក្រុមហ៊ុន Vtrust Appraisal ដែលបានបង្ហាញកាល ពីសប្តាហ៍មុនបានឲ្យដឹងថា គិតត្រឹមដំណាច់ឆ្នាំមុន ដង្កោគឺជាខណ្ឌដែលមានចំនួនលំនៅច្រើនជាងគេលំដាប់ទី៣ នៅក្នុងរាជធានីភ្នំពេញ បន្ទាប់ពីខណ្ឌពោធិ៍សែនជ័យ និងសែនសុខដោយការផ្គត់ផ្គង់លំនៅបានកើនដល់ចំនួន១៧,៦៦៤ យូនីត។
ការសិក្សាដដែលបានរកឃើញផងដែរថា តាមការព្យាករនឹងមានលំនៅថ្មី ៣០០០ យូនីតបន្ថែមទៀតនឹងលេចឡើងក្នុងខណ្ឌដង្កោ នៅក្នុងឆ្នាំ២០១៨នេះ។
ជាមួយនឹងកំនើននៃការវិនិយោគនេះ ក៏បានធ្វើឲ្យតម្លៃដីធ្លីកើនឡើងខ្ពស់ផងដែរ ដោយការសិក្សារបស់ Vtrust Appraisal បានរកឃើញថា ដីស្ថិតនៅតាមបណ្តោយផ្លូវលេខ ២១៧ ដែលជាផ្លូវសំខាន់ជាងគេក្នុងខណ្ឌដង្កោមានតម្លៃចន្លោះពី ៤០០ ទៅ ៨០០ ដុល្លារ។ ចំណែកដីដែលនៅឆ្ងាយៗអាចមានតម្លៃប្រហែល១០ដុល្លារក្នុងមួយម៉ែត្រការ៉េ។
សង្កាត់ដែលមានប្រជាជនរស់នៅច្រើនបំផុត ក្នុងខ័ណ្ឌនេះគឺសង្កាត់ស្ទឹងមានជ័យ និងបឹងទំពុន។
នាយកផ្នែកស្រាវជ្រាវក្រុមហ៊ុន Vtrust Appraisal លោកហ៊ឹម សីហាបាននិយាយថា ឥទ្ធិពលនៃការរីកចម្រើនដ៏ឆាប់រហ័សនៃតំបន់កណ្តាលក្រុង ភ្នំពេញ កំពុងសាយភាយមកដល់តំបន់ជាច្រើននៅក្នុងខណ្ឌដង្កោ។ សង្កាត់ដែលមានការអភិវឌ្ឍលឿនក្នុងខណ្ឌដង្កោគឺសង្កាត់ដង្កោ ព្រៃស និងសង្កាត់ជើងឯក។
អ្នកអភិវឌ្ឍន៍នៅតំបន់នេះ បានយល់ស្របនឹងការលើកឡើងខាងលើផងដែរ តាមរយៈគំរោងអភិវឌ្ឍន៍កើនឡើងយ៉ាងច្រើន។
ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុនអភិវឌ្ឍន៍បុរី VIP លោកយ៉ែន សុខលីនបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា បុរី VIP បានវិនិយោគលើការសាងសង់លំនៅឋានតម្លៃសមរម្យលើផ្ទៃដីទំហំ ២០ ហិកតាក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ជាខ័ណ្ឌដែលកំពុងមានការរីកចម្រើនខ្លាំង ដោយពេលនេះមានក្រុមហ៊ុនពី២០ ទៅ៣០ កំពុងសាងសង់លំនៅឋានលក់ និងពុះដីឡូត៍នៅតំបន់នេះ។
លោកអះអាងថា “ខ្ញុំគិតថាទឹកដីខណ្ឌដង្កោ នឹងមានការរីកចម្រើនខ្លាំងពេលអនាគត ដោយសារមានសណ្ឋានដីល្អ និងមានលក្ខខណ្ឌសមស្របសម្រាប់ជាតំបន់លំនៅឋាន”៕