ខេត្តចំនួន៤ មានចរន្តដោះដូរដីធ្លីច្រើនជាងគេនៅក្នុងត្រីមាសទី១ដើមឆ្នាំនេះ

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ ទោះបីស្ថិតក្នុងវិបត្តិជំងងឺកូវីដ១៩ក្តី ប៉ុន្តែចរន្តទិញលក់ដីធ្លីនៅខេត្តចំនួន៤នៅតែមានភាពសកម្មនៅក្នុងត្រីមាសទី១ដើមឆ្នាំ២០២១នេះ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ នាព្រឹកថ្ងៃទី១៧ មិនានេះថា ក្នុងត្រីមាសទី១នេះ ការទិញលក់ដីធ្លី នៅតែមានភាពសកម្មនៅក្នុងខេត្តចំនួនបួន រួមមានខេត្តកណ្តាល កំពង់ស្ពឺ កំពត និងខេត្តសៀមរាប។ លោកបន្តថា សកម្មភាពទិញលក់លំនៅដ្ឋានហាក់ស្ងប់ស្ងាត់បន្តិច ប៉ុន្តែការទិញលក់ដីធ្លីមិនមានសភាពស្ងប់ស្ងាត់ នៅតាមបណ្តាខេត្តខាងលើឡើយ។

លោកបន្តថា “ក្នុងចំណោមខេត្តទាំងបួន ខេត្តកណ្តាល និងកំពង់ស្ពឺ មានការទិញលក់ច្រើនជាងគេ ដោយសាររដ្ឋាភិបាលគ្រោងសាងសង់ ផ្លូវក្រវ៉ាត់ក្រុងទី៤នាពេលខាងមុខនេះ”។លោកបន្តថា “ទោះជាមានការដោះដូរដីធ្លីច្រើនក្តី ប៉ុន្តែតម្លៃដីធ្លីនៅមូលដ្ឋាន​ខាងលើមិនកើនឡើងទេ គឺស្ថិតក្នុងសភាពទ្រឹងនៅឡើយ”។

តំបន់ផ្លូវជាតិលេខ៥១ និងលេខ៤១បាន និងកំពុងមានសភាពពុះកញ្រ្ជោលតាំងពីឆ្នាំមុន បន្ទាប់ពីរដ្ឋាភិបាលប្រកាសឲ្យរោងចក្រ សហគ្រាសនានាចាកចេញពីរាជធានីភ្នំពេញ ហើយឆ្ពោះទៅកាន់បណ្តាខេត្តកៀករាជធានីភ្នំពេញ។ ពិសេសសហគ្រាសកាណាឌីយ៉ាបានប្រកាសបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយ នៅតំបន់ផ្លូវជាតិលេខ៥១ ដែលជាផ្លូវតភ្ជាប់ជាមួយផ្លួវជាតិលេខ៤ និងផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ។

លោកច្រឹក សុខនីមបានបន្តថា ទីផ្សារអចលនទ្រព្យកម្ពុជា ត្រូវការពេលវេលាខ្លះទៀត ដើម្បីឲ្យមានការងើបឡើងត្រលប់មករកភាពប្រក្រតីវិញ ព្រោះវិបត្តិកូវីដនៅលើពិភពលោក នឹងមិនបញ្ចប់នៅពេលឆាប់ៗនោះទេ។

ជាមួយគ្នានេះ លោកស្រីអាន សុធីតានាយិកាប្រចាំាំប្រទេសនៃក្រុមហ៊ុនCBRE Cambodiaបានមានប្រសាសន៍ថា អ្វីៗមានសភាពស្ងប់ស្ងាត់ ដោយសាជំងឺកូវីដ១៩  ដែលបានធ្វើឲ្យមនុស្ស មិនចេញពីផ្ទះសម្រាប់ក្របខ័ណ្ឌកម្ពុជា ប៉ុន្តែសំរាប់ក្របខ័ណ្ឌពិភព​លោកក៏កំពុងមានសភាពធ្ងន់ធ្ងរនៅឡើយ។

លោកស្រីបន្តថា “វាត្រូវការពេលវេលាយូរបន្ថែមទៀត ដើម្បីទាក់ទាញការវិនិយោគពីវិនិយោគិនបរទេស ហេតុនេះទីផ្សារបច្ចុប្បន្ននេះ គឺពឹងផ្អែកលើទីផ្សារក្នុងស្រុកច្រើនជាង”៕

LEAVE A REPLY

Please enter your comment!
Please enter your name here