គម្រោងស្ថាបនាផ្លូវជាតិលេខ៣តម្លៃជាង២០០លានដុល្លារនឹងបញ្ចប់ទាំងស្រុងមុនផែនការកំណត់១ឆ្នាំ

0

ដោយៈ រ៉ាណេត
ភ្នំពេញៈ គម្រោងស្ថាបនាផ្លូវជាតិលេខ៣ ចាប់ពីរង្វង់មូលចោមចៅ រាជធានីភ្នំពេញ ដល់ក្រុងកំពត ដែលមានប្រវែងសរុបជិត១៣៥គីឡូម៉ែត្រ និងចំណាយថវិកាជាង២០០លានដុល្លារក្នុងសាងសង់ នឹងត្រូវបញ្ចប់ទាំងស្រុងនៅត្រឹមអំឡុងខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ ពោលគឺរួចរាល់មុនផែនការដែលបានកំណត់ទុកមុន១មួយឆ្នាំ។

តាមការបញ្ជាក់ពីក្រសួងសាធារណៈការ និងដឹកជញ្ជូននៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះបានឱ្យដឹងថា គម្រោងស្ថាបនាផ្លូវជាតិលេខ៣ ដោយឆ្លងកាត់រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងកំពត មានប្រវែងសរុបជិត១៣៥គីឡូម៉ែត្រ និងចំណាយថវិកាជាង២០០លានដុល្លារ បច្ចុប្បន្នសម្រេចបានជាង៩០ភាគរយហើយ ហើយបន្តការរៀបចំសួនពុះចែកទ្រូងផ្លូវ នៅចំណុចកណ្តាល រួមជាមួយនឹងស្ពានអាកាសនៅចំណុចផ្សារអង្គតាសោម។

ការស្ថាបនាផ្លូវនេះចែកចេញជាពីរកំណាត់ ដោយកំណាត់ទី១ចាប់ពីរង្វង់មូលចោមចៅ ដល់បែកគូស ខេត្តតាកែវ មានប្រវែងជិត៧០គីឡូម៉ែត្រ ត្រូវពង្រីកទទឹងតួផ្លូវរហូតដល់២៤.៥ម៉ែត្រ ជា៤គន្លង (២គន្លងទៅ ២គន្លងមក)ក្រាលបេតុងកៅស៊ូ AC កម្រាស់ ៩សង់ទីម៉ែត្រ ទទឹង២១ម៉ែត្រ លើទទឹងតួផ្លូវសរុប២៤.៥ម៉ែត្រ។ ដោយឡែកកំណាត់ទី២ ចាប់ពីបែកគូស ខេត្តតាកែវ ដល់ក្រុងកំពត ប្រវែងជិត៦៥គីឡូម៉ែត្រ ត្រូវពង្រីកទទឹងតួផ្លូវរហូតដល់១២ម៉ែត្រជា២គន្លង (១គន្លងទៅ ១គន្លងមក) ក្រាលបេតុងកៅស៊ូ AC កម្រាស់៧សង់ទីម៉ែត្រ ទទឹង១១ម៉ែត្រ។

កំណាត់ផ្លូវជាតិលេខ៣នេះ គឺជាខ្សែផ្លូវនៃប៉ូលសេដ្ឋកិច្ច និងទេសចរណ៍ដ៏តភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ខេត្តកំពត និងតភ្ជាប់ទៅកាន់កំពង់ផែសមុទ្រអន្តរជាតិ ខេត្តព្រះសីហនុ តាមរយៈផ្លូវជាតិលេខ៤ និងខេត្តកោះកុង ច្រកព្រំដែនកម្ពុជា-ថៃ តាមរយៈផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៤៨។

លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានលើកឡើងថា ផ្លូវជាតិលេខ៣ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការធ្វើដំណើរ និងដឹកជញ្ជូនផលិតផល ដំណាំកសិផល និងកសិ-ឧស្សហកម្ម របស់ក្រុមហ៊ុនវិនិយោគ និងប្រជាពលរដ្ឋមកពីគ្រប់តំបន់នៅទូទាំងប្រទេស ទៅកាន់ទីផ្សារក្នុងស្រុក ជាពិសេសទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈកំពង់ផែសមុទ្រទឹកជ្រៅ។ លើសពីនេះទៀតផ្លូវជាតិលេខ៣ ក៏ជាចំណែកនៃច្រករបៀងប៉ែកខាងត្បូង តាមមាត់សមុទ្រ នៃមហាអនុតំបន់មេគង្គ តភ្ជាប់បណ្តាញផ្លូវអាស៊ានហាយវ៉េ ពីប្រទេសថៃ មកកម្ពុជា និងបន្តទៅប្រទេសវៀតណាមផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here