ចំណេះដឹងៈ ៣ចំណុច​ដែល​អាចជួយ​ឱ្យ​អ្នកទទួលបាន​ផលប្រយោជន៍​ពី​វិស័យអចលនទ្រព្យ

0

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ  ទោះ​ជាមាន​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ នៅក្នុង​ប្រទេស​កម្ពុជា ក៏ដូចជា​សាកលលោក​នាពេល​បច្ចុប្បន្ន ដែល​កំពុងមាន​ការធ្លាក់​ចុះ​នូវ​កំណើនសេដ្ឋកិច្ច ក៏​គេ​សង្កេតឃើញ​មានការ​កកើត​នូវ​ក្រុមហ៊ុន ក៏ដូចជា ភ្នាក់ងារ​ប្រឹក្សា​ជា​បន្តបន្ទាប់ ដើម្បី​អាច​ទទួល​កម្រៃជើងសារ​នៅក្នុង​ទីផ្សារ​អចលនទ្រព្យ។

ទោះជា​បែបណាក៏ដោយ អ្នកជំនាញ​នៅក្នុង​វិស័យ​មួយ​នេះ​បាន​អះអាងថា ភាពច្បាស់​ការណ៍ អាច​ទទួលបាន​ជោគជ័យ លើ​ការផ្តល់​សេវាកម្ម ឬ​បរាជ័យ​គឺ​អាស្រ័យ ទៅលើ​ចំណេះដឹង និង​ភាព​វៃឆ្លាត​របស់​បុគ្គល​ដែលជា​ភ្នាក់ងារ។

អ្នកជំនាញ​បានលើកឡើង​ថា ដើម្បី​អាចឈរជើង និង​រកស៊ី​បានយូរ នៅក្នុង​វិស័យ​អចលនទ្រព្យ អ្នក​ត្រូវតែមាន​ភាព​ឆ្លាត​វៃ​បំផុត ក្នុងការ​បង្កើត​ទំនាក់ទំនង និង​ចេះ​វាយតម្លៃ​ទៅលើ​អចលនទ្រព្យ។ មនុស្ស​ជាច្រើន​បាន​និយាយថា ការរកស៊ី​នៅក្នុង​វិស័យ​អចលនទ្រព្យ​គឺជា​រឿង​ងាយស្រួល និង​ឆាប់​មាន​បំផុត ប៉ុន្តែ​វា​មិនមែន​ងាយស្រួល​ដូច​ការគិត​នោះទេ។ ដូច្នេះ តើ​អ្នក​គួរស្វែងយល់​ដឹង​អ្វីខ្លះ​នៅក្នុង​វិស័យ​មួយ​នេះ?។

១- សិក្សា​ពី​តម្លៃ​ក្នុងស្រុក

នេះ​ជា​កិច្ចការ​ដំបូង ដែល​អ្នក​ត្រូវ​ដឹង​តម្លៃ​អចលនទ្រព្យ ក្នុងពេល​បច្ចុប្បន្ន នៅក្នុង​តំបន់នីមួយៗ ក្នុងប្រទេស​របស់​អ្នក ជាពិសេស​តំបន់​កំពុងអភិវឌ្ឍន៍ និង​តំបន់​គ្រោង​អភិវឌ្ឍន៍។  នៅពេលដែល​អ្នកដឹង​ពី​តម្លៃ​អចលនទ្រព្យ ក្នុង​តំបន់​ណាមួយ​ច្បាស់ នោះ​អ្នកនឹង​ងាយស្រួល​ក្នុង​ការលក់ ឬ​ទិញ ដោយ​ទទួលបាន​ផលចំណេញ​ច្រើន។

អ្នក​ត្រូវ​ដឹង​ឱ្យ​ច្បាស់​ថា តម្លៃ​នៃ​អចលនទ្រព្យ​មួយ​នេះ វា​នឹង​កើន​តម្លៃ​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ទៀត​នៅពេល​ខាងមុខ ជាពិសេស​ត្រូវ​ដឹងថា ហេតុអ្វី​តំបន់​នេះ មានការ​អភិវឌ្ឍន៍​ច្រើន ប៉ុន្តែ​តម្លៃ​នៃ​អចលនទ្រព្យ​មិន​កើនឡើង​សោះ?។

២- មើលទៅ​តំបន់​ជាយក្រុង

ជាការ​ពិតណាស់ នៅពេល​ការអភិវឌ្ឍន៍​ក្នុង​ក្រុង​កាន់តែ​តូចទៅៗ នោះ​ក្រុម​អ្នកវិនិយោគ​នឹង​ងាក​ទៅ​ជាយក្រុង​វិញ​ម្ដង ដូច្នេះ អ្នក​ត្រូវ​ដឹងថា​បច្ចុប្បន្ន​តើ​ការអភិវឌ្ឍន៍ នៅក្នុង​ទីក្រុង​ដល់​កម្រិតណា​ហើយ ហើយ​វា​នឹង​ជះឥទ្ធិពល​ទៅដល់​ជាយក្រុង​នៅពេលណា?។ នៅពេលដែល​អ្នក​ដឹងថា តំបន់​ជាយក្រុង​ណាមួយ នឹង​ក្លាយជា​តំបន់​អភិវឌ្ឍន៍​នោះ នោះ​អ្នកនឹង​មើលឃើញ​ពី​ការរកស៊ី និង​ទទួលបាន​ផលចំណេញ​ពី​ការរកស៊ី នៅក្នុង​វិស័យ​អចលនទ្រព្យ​មួយ​នេះ។

៣- ត្រូវ​តាមដាន​ព័ត៌មាន​ឱ្យបាន​ល្អិតល្អន់

ត្រូវមាន​ទំនាក់ទំនង​ល្អ ជាមួយនឹង​ស្ថាប័នឯកជន ឬ​រដ្ឋ ដើម្បី​ទទួលបាន​ព័ត៌មាន​នានា លើ​វិស័យ​អចលនទ្រព្យ ព្រោះ​អ្នកនឹង​ដឹងថា តំបន់​ណា​នឹង​ក្លាយជា​តំបន់​អ​ភ​វិ​ឌ្ឍ​ន៍ តំបន់​ណា​នឹងត្រូវ​រដ្ឋាភិបាល​កាត់​ធ្វើជា​របស់​រដ្ឋ។

មួយទៀត ការ​មាន​ទំនាក់ទំនង​ល្អ​ជាមួយនឹង​ស្ថាប័នរដ្ឋ អ្នក​អាចនឹងទទួល​បាន​ផលចំណេញ​ច្រើន ព្រោះ​នៅពេល​មាន​ក្រុម​វិនិយោគ​មក គេ​អាច​នឹង​រុញច្រាន​គម្រោង​ណាមួយ​ឱ្យមក​អ្នក៕

LEAVE A REPLY

Please enter your comment!
Please enter your name here