អភិបាលខេត្តៈ ក្រុមហ៊ុន​មួយ​កំពុង​សិក្សា​លទ្ធភាព​វិនិយោគ​រោងចក្រ​ផលិត​ស៊ីម៉ងត៍ក្នុង​ខេត្តកំពង់ស្ពឺ

0

ដោយៈ​គង់ ម៉ា​លីន​ណា

ភ្នំពេញៈ អភិបាលខេត្ត​កំពង់ស្ពឺ​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ក្រុមហ៊ុន​ផលិត​ស៊ីម៉ង់ត៍​ធំ​មួយ កំពុង​សិក្សា​លទ្ធភាព​វិនិយោគ​រោងចក្រ​បង្កើត​ស៊ីម៉ង់ត៍ នៅ​ខេត្តកំពង់ស្ពឺ ដែល​នឹង​ធ្វើឱ្យ​ខេត្ត​មួយ​នេះ ក្លាយជា​ខេត្ត​ផលិត​ស៊ីម៉ង់ត៍​មួយ​បន្ថែមទៀត​នៅ​កម្ពុជា។

លោក​វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​បានឱ្យដឹង​កាលពី​ថ្ងៃទី១៦ មីនា​កន្លងមក ថា ការសិក្សា​គម្រោង​រោងចក្រ​ផលិត​ស៊ីម៉ង់ត៍​នាពេលនេះ ជាការ​ឆ្លើយតប​ទៅនឹង​តម្រូវការ​ក្នុង​វិស័យ​សំណង់ និង​ការប្រើប្រាស់​ធនធានធម្មជាតិ មាននៅ​ក្នុង​ខេត្តកំពង់ស្ពឺ​ឱ្យមាន​ប្រសិទ្ធភាព និង​អស់​សក្តានុពល។

លោក​បន្តថា “យើង​ឱ្យ​អ្នកសិក្សា​ខាង​ស៊ីម៉ង់ត៍​មក​សិក្សា​ខេត្តកំពង់ស្ពឺ។ យើង​ចង់បាន​រោងចក្រ​ស៊ីម៉ង់ត៍​ក៏​វា​ល្អ​ដែរ ដោយសារ​ប្រទេស​យើង​កំពុងតែ​មានការ​អភិវឌ្ឍ​រីកចម្រើន ហេតុនេះ​វិស័យ​សំណង់ និង​ហេដ្ឋារចនាសម្ព័ន្ធ ក៏​វា​មានការ​កើនឡើង​ខ្លាំង” ។

លោក​វ៉ី សំណាង បាន​បន្ត​ដោយ​សុទិដ្ឋិនិយម​ថា បើសិន​បង្កើត​រោងចក្រ​នេះ​បាន​ពិតមែន វា​នឹង​កាត់បន្ថយ​ការនាំ​ចូល​ស៊ីម៉ង់ត៍ មក​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក បាន​មួយកម្រិត និង​ពិសេស​ជាង​ទៀត​វា​នឹង​ជួយ​បង្កើត​ការងារ​ច្រើន​កន្លែង។លោក​បន្តថា ក្រុមហ៊ុន​សិក្សា​យូរ​ដែរ​ហើយ តែ​មិនទាន់​បានបញ្ចប់​នៅឡើយ​ទេ ដោយសារតែ​ក្រុមហ៊ុន​កំពុង Process ឯកសារ​សុំ​ការអនុម័ត​ពី​រាជរដ្ឋាភិបាល ពី​ក្រសួង​រ៉ែ និង​ក្រសួង​ពាក់ព័ន្ធ។

លោក​បន្តទៀតថា “ខ្ញុំ​រំពឹងថា​រោងចក្រ​នេះ នឹងមាន​វត្ត​មាននៅ​កំពង់​ស្ពឹ ក្នុងពេលឆាប់ៗនេះ” ។

នៅ​កម្ពុ​ជាមាន​រោងចក្រ​ផលិត​ស៊ីម៉ង់ត៍​ចំនួន៥ ដែលមាន​ទីតាំងនៅ​ខេត្តកំពត និង​បាត់ដំបង ហើយ​មាន​សមត្ថភាព​ផលិត​ស៊ីម៉ង់ត៍ សរុប​បាន​ប្រមាណ៨លាន​តោន​ក្នុងមួយឆ្នាំ។

អ្នកឧកញ៉ា​លី ហួរ​ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន​កម្ពុជា​ធ្លាប់បាន​មានប្រសាសន៍ថា ការរីកចម្រើន​វិស័យ​សំណង់ បានធ្វើ​ឲ្យ​តម្រូវការ​ស៊ីម៉ង​ត័៍​កើនឡើង​ជាប្រចាំ ដែល​ល​ទ្ឋ​ភាព​រោងចក្រ​ផលិត​ស៊ីម៉ងត៍​ក្នុងស្រុក មិនទាន់​អាច​ផ្គត់ផ្គង់​បាន​គ្រប់​តាម​តម្រូវការ​នៅឡើយ​ទេ ដោយ​កម្ពុជា​នៅតែ​ត្រូវ​ការនាំ​ស៊ីម៉ងត៍​ចូល​ពី​បរទេស​នៅឡើយ ពិសេស​ពី​ប្រទេសជិតខាង​របស់​យើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here