អភិបាលខេត្តៈគំរោងសិក្សាសាងសង់រថភ្លើងល្បឿនលឿនភ្នំពេញ កំពតរបស់ក្រុមហ៊ុនចិនកំពុងធ្វើនៅឡើយ

0

 ដោយៈគង់ សូរិយា

          ភ្នំពេញៈ អភិបាលខេត្តកំពត លោកជាវ តាយបានមានប្រសាសន៍ឲ្យដឹងថា បច្ចុ​ប្បន្ននេះ គំរោងសិក្សាដើម្បីសាងសង់ខ្សែរថភ្លើងល្បឿនលឿនភ្នំពេញ កំពតនៅបន្តសិក្សាដោយក្រុមហ៊ុនចិននៅឡើយ។

លោកបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីសប្តាហ៍មុនថា គំរោងនេះមិនបានលុបចោលនោះទេ ក្រុមហ៊ុនចិនកំពុងសិក្សានៅឡើយ ប៉ុន្តែការបញ្ចប់នាពេលណា លោកមិនទាន់ដឹងនៅឡើយទេ។ លោកបន្តថា ផែនការអភិវឌ្ឍន៍នេះ នឹងបន្តទៅមុខ ព្រោះការសិក្សាលំអិតបាននិងកំពុងធ្វើឡើង ប៉ុន្តែការចំណាយទុនវិនិយោគប៉ុន្មាន និងធ្វើជាលក្ខណៈបែបណា យើងមិនអាចបញ្ជាក់បាននៅឡើយទេ។

កន្លងមកក្រុមហ៊ុនចិនដ៏ធំមួយ គ្រោងបង្កើតទីក្រុងពាណិជ្ជកម្មធំមួយនៅខេត្តកំពត និងគ្រោងសាងសង់ព្រលានយន្តហោះផងដែរ ប៉ុន្តែការសិក្សារហូតមកទល់ពេលនេះ នឹង​បញ្ចប់នៅពេលណាមិនទាន់ច្បាស់លាស់នៅឡើយទេ។

លោកជាវ តាយបានបន្តថា ទោះមានជំងឺកូវីដ១៩ កំពុងរីករាលដាលក្តី ប៉ុន្តែគំរោងអភិវឌ្ឍន៍ធំៗក្នុងខខេត្តមិនបានផ្អាកសកម្មភាពនោះទេ ហើយអ្នកវិនិយោគតូច ធំ នៅតែបន្តហូរចូលទៅវិនិយោគក្នុងខេត្ត ស្របពេលខេត្តត្រៀមកាត់ឃុំចំនួន៤ ពីស្រុកទឹកឈូរចូលមកក្នុងដែនរដ្ឋបាលក្រុងកំពត។

លោកបន្តថា “ខេត្តនឹងមានអាគារខ្ពស់ៗកំពស់១៨ ទៅ៤៥ជាន់ច្រើននាពេលខាងមុខ ខណៈគំរោងវិនិយោគទាំងនោះបានអនុម័តដោយរដ្ឋាភិបាលរួចហើយ”។

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here