តើអ្វីជាយុទ្ឋសាស្រ្តចំនួន៩នៃផែនការមេអភិវឌ្ឍន៍ខេត្តកែប ដើម្បីប្រែក្លាយជាតំបន់លំហែរកាយកម្រិតខ្ពស់

0

ដោយៈគង់ សូរិយា

          ភ្នំពេញៈ រដ្ឋាភិបាលដែលមានក្រសួងទេសចរណ៍ជាសេនាធិការ បានបញ្ចប់ផែន​ការមេអភិវឌ្ឍន៍ទេសចរណ៍លំហែរកាយកម្រិតខ្ពស់ នៅខេត្តកែបរួចហើយ ដោយដាក់ចេញយុទ្ឋសាស្រ្តសំខាន់ៗចំនួន៩។

តើអ្វីជាយុទ្ឋសាស្រ្តសំខាន់ៗទាំងនោះ? យោងតាមលទ្ឋផលនៃកិច្ចប្រជុំរបស់​ក្រសួងទេសចរណ៍ ដែលបានធ្វើឡើងកាលពីពេលថ្មីៗនេះបានឲ្យដឹងថា យុទ្ឋសាស្ត្រគោលចំនួន៩ នៅក្នុងឯកសារព្រាងផែនការមេ សម្រាប់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកែប រួមមានទី១ យុទ្ធសាស្រ្តអភិវឌ្ឍន៍ប៉ូលទេសចរណ៍ខេត្តកែប ទី២ យុទ្ធសាស្រ្តវិនិយោគ និងអភិវឌ្ឍន៍របៀងទេសចរណ៍ខេត្តកែប ទី៣ យុទ្ធសាស្រ្តពង្រឹងគុណភាព និងសុវត្តិភាពទេសចរណ៍ ទី៤ យុទ្ធសាស្រ្តអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ទី៥ យុទ្ធសាស្រ្តទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ខេត្តកែប។

ទី៦ យុទ្ធសាស្រ្តគ្រប់គ្រង និងអភិវឌ្ឍវិស័យពាក់ព័ន្ធនានា គាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែប ទី៧ យុទ្ធសាស្រ្តពង្រឹងចង្វាក់ផលិតកម្ម ក្នុងវិស័យទេសចរណ៍ខេត្តកែប ទី៨ យុទ្ធសាស្រ្តអភិវឌ្ឍនវានុវត្តន៍នៃវិស័យទេសចរណ៍ខេត្តកែប និងទី៩ យុទ្ធសាស្រ្តពង្រឹងអភិបាលកិច្ច ត្រួតពិនិត្យ និងវាយតម្លៃសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែប។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោកបណ្ឌិតថោង ខុន បានមានប្រសាសន៍ថា គោលបំណងនៃការរៀបចំផែនការមេ សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែបនេះ គឺដើម្បីអភិវឌ្ឍឱ្យខេត្តកែបក្លាយជា “គោលដៅទេសចរណ៍ធម្មជាតិ សម្រាកកម្សាន្តបែបប្រណីតកម្រិតខ្ពស់” ដោយគិតទៅលើភាពទាក់ទាញ ភាពប្រកួតប្រជែងនៅក្នុងតំបន់ និងពិភពលោក ពិសេសគឺត្រូវធានាឱ្យបាននូវសមភាព សមធម៌ តម្លាភាព ចីរភាព និងនវានុវត្តន៍។

លោករដ្ឋមន្ត្រីបានបន្តថា “ផែនការមេសម្រាប់ការអភិវឌ្ឍវិស័យ ទេសចរណ៍ខេត្តកែបនេះ គឺជាឯកសារយុទ្ធសាស្ត្រដ៏មានសារៈសំខាន់មួយ ដែលអាចជួយស្តារ និងលើកស្ទួយវិស័យទេសចរណ៍ខេត្តកែប ទាំងនៅក្នុងដំណាក់កាលវិបត្តិកូវីដ-១៩ ក៏ដូចជាក្នុងដំណាក់កាលក្រោយវិបត្តិកូវីដ-១៩ផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here