ដោយ ៖ រ៉ាណេត
ភ្នំពេញ៖ ឆ្លៀតនៅក្នុងឱកាសដែលមានការកាត់បន្ថយការធ្វើចរាចរណ៍នៅក្នុងរាជធានីភ្នំពេញដើម្បីទប់ស្កាត់ការរាតដាលនៃជំងឺឆ្លងកូវីដក្នុងសហគមន៍នាពេលបច្ចុប្បន្ន រដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងពន្លឿនការស្ដារហេដ្ឋារចនាសម្ព័ន្ធនានានៅទូទាំង១៤ខណ្ឌ ឱ្យមានភាពល្អប្រសើរ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងលើកសោភ័ណភាពក្រុង។
រដ្ឋបាលរាជធានីភ្នំពេញថាបានបញ្ជាក់ឱ្យដឹងថានៅក្នុងរដូវប្រាំងនេះ រដ្ឋបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់លើការជួសជុល និងស្ដារផ្លូវនានានៅតាមខណ្ឌទាំង១៤ រួមមានការឈូសឆាយ អ៊ុតកៅស៊ូ លុបជង្ហុកសំបុកមាន់ នៅតាមបណ្ដាមហាវិថីតូចធំនានា ក៏ដូចជាផ្លូវថ្នល់នៅតាមមូលដ្ឋាន ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងលើកសោភ័ណភាពរាជធានីភ្នំពេញផងដែរ។
ស្ថិតនៅក្នុងស្ថានភាពដែលកំពុងប្រឈមនឹងការឆ្លងជំងឺ ប្រជាពលរដ្ឋ អ្នកជំនួញ ក៏ដូចជាមន្ត្រីរាជការភាគច្រើនបានកាត់បន្ថយការចាកចេញក្រៅ ដោយបំពេញការងារពីផ្ទះ ដូច្នេះសកម្មភាពចរាចរណ៍នៅតាមផ្លូវថ្នល់មួយចំនួនមានភាពស្ងប់ស្ងាត់ ផ្តល់ភាពងាយស្រួលដល់រដ្ឋបាលរាជធានីភ្នំពេញធ្វើការកែលម្អផ្លូវថ្នល់។ ជាក់ស្ដែង នៅពេលនេះក្រុមការងារ បាននិងកំពុងធ្វើសកម្មភាពអ៊ុតកៅស៊ូAC នៅលើបណ្តោយផ្លូវសម្តេចប៉ាន មានប្រវែងជិត១គីឡូម៉ែត្រ ពោលគឺចាប់ពីក្រោយព្រះបរមរាជវាំងរហូតដល់ផ្លូវព្រះមុនីវង្ស(ស្តុបផ្លូវភ្លោះអូរប្ញស្សី)មានទទឹងចន្លោះពី១១ម៉ែត្រ ទៅ១៥ម៉ែត្រ ដោយសារតែស្ថានភាពផ្លូវខុសគ្នា។
ដោយឡែកផ្លូវកៅស៊ូដែលត្រូវអ៊ុតថ្មីនេះមានកម្រាស់ ៥សង់ទីម៉ែត្រ ទៅ ៦សង់ទីម៉ែត្រ តាមស្ថានភាពផ្លូវមានឡើងមានចុះ។ ការងារអ៊ុតកៅស៊ូលើកំណាត់ផ្លូវសម្តេចប៉ាននេះអាចនឹងរួចរាល់នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។ ក្រៅពីនេះនៅមានការអ៊ុតកៅស៊ូ AC កម្រាស់០.៥ និងលើកំណាត់ផ្លូវសម្តេចប៉ាន សង្កាត់បឹងរាំង ក្នុងមូលដ្ឋានខណ្ឌដូនពេញ ដើម្បីដាក់ឱ្យប្រជាពលរដ្ឋធ្វើដំណើរងាយស្រួលជាងមុន និងដើម្បីលើកសោភ័ណភាពរាជធានីភ្នំពេញ ឱ្យកាន់តែស្រស់បំព្រងផងដែរ។ ការអ៊ុតកៅស៊ូលើកំណាត់ផ្លូវនេះ ធ្វើឡើងក្រោយពីក្រុមការងារបានជួសជុលសំបុកមាន់ ធ្វើគ្រឹះរួចរាល់ ក្រោយពីខូចខាតដោយជំនន់ទឹកភ្លៀងនាពេលកន្លងមក។
សម្រាប់មូលដ្ឋានខណ្ឌដូនពេញ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងដំណើរការអ៊ុតកៅស៊ូប្រភេទACចំនួន ១៦ខ្សែ ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងដែលត្រូវជួសជុល និងអ៊ុតកៅស៊ូឡើងវិញ។ គម្រោងជួសជុលផ្លូវអ៊ុតកៅស៊ូប្រភេទAC កម្រាស់ ០.៥សង់ទីម៉ែត្រ ជាគម្រោងរបស់រដ្ឋបាលរាជធានីភ្នំពេញក្រោមគំនិតផ្ដួចផ្ដើមរបស់លោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ដែលលោកតែងតែយកចិត្តទុកដាក់អំពីការងារអភិវឌ្ឍន៍មូលដ្ឋានក្នុងគោលបំណងលើកកម្ពស់ជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើងមួយកម្រិតទៀត៕