ដោយ ៖ រ៉ាណេត
ភ្នំពេញៈ ឆ្លើយតបទៅនឹងចម្ងល់របស់ពលរដ្ឋ ដែលបានទិញដីឡូតិ៍ ឬលំនៅឋានទុកចោល ដោយមិនបានរស់នៅ ឬមិនមានការអភិវឌ្ឍន៍ ដែលកំពុងកើតមាននៅក្នុងប្រទេសកម្ពុជា ត្រូវបានមន្ត្រីជាន់ខ្ពស់ នៃអគ្គនាយកដ្ឋានពន្ធដារកម្ពុជាអះអាងថា បើជាប្រភេទដី ឬលំនៅឋានដែលជាប់ពន្ធ ត្រូវតែប្រកាសបង់ពន្ធ តែបើមិនជាប់ពន្ធគឺមិនត្រូវបង់នោះទេ។
ប្រធានការិយាល័យពន្ធអចលនទ្រព្យកម្ពុជា នៃអគ្គនាយកដ្ឋាន លោក រស់ សារ៉ាក់ នៅក្នុងកម្មវិធីឆ្លើយសំនួរស្តីពីពន្ធដារកម្ពុជា កាលពីកន្លងមកនេះពន្យល់ថា ចំពោះការទិញដីឡូត៍ ឬលំនៅឋានទុកចោលនេះ អាចនឹងជាប់ពន្ធក្នុងកម្មវត្ថុ ទៅលើដីមិនប្រើប្រាស់ ដែលម្ចាស់ទិញហើយ មិនអភិវឌ្ឍន៍ ឬការបង្កើតកម្លាំងសេដ្ឋកិច្ច ដែលជំរុញឱ្យមានពលកម្ម។
លោកពន្យល់ថា “ចំពោះរដ្ឋដែលប្រមូលពន្ធលើដី មិនបានប្រើប្រាស់នេះ គឺដើម្បីជំរុញឱ្យម្ចាស់ដីទាំងអស់ ធ្វើការអភិវឌ្ឍដើម្បីបង្កើនសេដ្ឋកិច្ច និងពលកម្មដល់ពលរដ្ឋកម្ពុជា។ ជាពិសេសការទិញដីឬ លំនៅឋាននេះក៏ជាកម្មវត្ថុនៃការជាប់ពន្ធផងដែរ ដោយសារបើសិនជាតម្លៃអលនទ្រព្យទាំងនោះលើស ១០០ លានរៀល” ។
យោតាមច្បាប់ពន្ធដារកម្ពុជាបង្ហាញថា ពន្ធនេះកំណត់លើដីដែលគ្មានសំណង់ និងដីដែលមានសំណង់បោះ បង់ស្ថិតក្នុងទីក្រុងនានា និងក្នុងតំបន់ទាំង ឡាយដែលកំណត់ដោយគណៈកម្មការវាយតម្លៃដីមិនបានប្រើប្រាស់។ ពន្ធដីធ្លីលើដីមិនបានប្រើប្រាស់ត្រូវបង់ដោយកម្មសិទ្ធិករ។
មូលដ្ឋានកំណត់ពន្ធ គឺជាថ្លៃដីគិតតាមថ្លៃទីផ្សារតាមទីក្រុង និងតាមតំបន់នីមួយៗដែលវាយតម្លៃទៅតាមតម្លៃគិត ក្នុងមួយម៉ែត្រក្រឡាកំណត់ ដោយគណៈកម្មការវាយតម្លៃដីមិនបានប្រើប្រាស់យ៉ាងយឺតបំផុត នៅថ្ងៃទី៣០ខែមិថុនា នៃឆ្នាំប្រមូលពន្ធ។
ពន្ធនេះត្រូវកំណត់តាមអត្រា២% លើមូលដ្ឋានកំណត់ពន្ធ ដែលបានចែងក្នុងមាត្រា៣។
កម្មសិទ្ធិករនៃដីធ្លីជាប់ពន្ធមានភារកិច្ច ត្រូវគណនាប្រាក់ពន្ធតាមគំរូលិខិតប្រកាសផ្តល់ដោយអង្គការពន្ធ និងត្រូវបង់ យ៉ាងយឺតបំផុតនៅថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំនីមួយៗជូនទៅផ្នែកពន្ធនៅកន្លែង ដែលដីធ្លីជាប់ពន្ធស្ថិតនៅ។ ដីធ្លីជាប់ពន្ធ នីមួយៗត្រូវធ្វើលិខិតប្រកាស១ច្បាប់៕