ដោយៈ រ៉ាណេត
ភ្នំពេញៈ មហាវិថីព្រះសីហនុ ដែលគិតចាប់ពីត្រឹមម្តុំអាងទឹកអូឡាំពិក រហូតមកដល់ចំណុចបំបែកផ្លូវសុធារស់ ត្រូវបានអ្នកជំនាញបញ្ជាក់ប្រាប់ថា គឺជាផ្លូវដ៏សំខាន់មួយ និងមានតម្លៃអចលនទ្រព្យខ្ពស់ មិនចាញ់មហាវិថីអាជីវកម្មចម្រុះដទៃទៀត នៅក្នុងរាជធានីភ្នំពេញនោះឡើយ ហើយមានផ្ទះល្វែងខ្លះ អាចមានតម្លៃរហូតដល់ជាង១លានដុល្លារក៏មានដែរ។
នៅក្នុងរាជធានីភ្នំពេញ ចំពោះមហាវិថី និងផ្លូវសំខាន់ៗមួយចំនួនដែលត្រូវបានអ្នកជំនាញ ក៏ដូចជាបណ្តាអ្នកវិនិយោគលើវិស័យអចលនទ្រព្យ ចាត់ទុកថាជាផ្លូវមេផ្នែកអាជីវកម្មរួមមានដូចជា ផ្លូវកម្ពុជាក្រោម ផ្លូវព្រះមុនីវង្ស ផ្លូវម៉ៅសេទុង មហាវិថីព្រះនរោត្តម រួមជាមួយនឹងផ្លូវហ្សាឌឺហ្គោលនោះ សម្រាប់មហាវិថីព្រះសីហនុ ក៏ជាផ្លូវមួយដែលស្ថិតនៅក្នុងចំណោមផ្លូវសំខាន់ៗទាំងអស់ខាងលើនេះផងដែរ។
នាយិកាក្រុមហ៊ុន AMATAK Property Service លោកស្រី តាំង ហួរ បានមានប្រសាសន៍ប្រាប់តាមរយៈទូរស័ព្ទកាលពីពេលថ្មីៗនេះថា មហាវិថីព្រះសីហនុ ក៏ត្រូវបានចាត់ជាផ្លូវ ដែលមានសក្ដានុពល ក្នុងការប្រកបអាជីវកម្មចម្រុះផងដែរ ហើយនៅតាមបណ្តោយផ្លូវមួយខ្សែនេះ ក៏មិនសូវមានដីធំៗ និងទំនេរ សម្រាប់ធ្វើការអភិវឌ្ឍជាមជ្ឍមណ្ឌលពាណិជ្ជដែលមានទំហំធំនោះដែរ។
លោកស្រីបន្តថា “ភាគច្រើននៅតាមបណ្តោយផ្លូវនេះ ជាប្រភេទផ្ទះល្វែងទាំងអស់ ហើយក៏សុទ្ធតែមានបើកអាជីវកម្មទាំងអស់។ ដោយសារតែតំបន់នេះ មិនសូវមានផ្ទៃដីទំនេរ ហើយជាទីតាំងអំណោយផលដល់ ការប្រកបមុខជំនួញផងដែរនោះ បានធ្វើឱ្យតម្លៃអចលនទ្រព្យមានការកើនឡើងជារៀងរាល់ឆ្នាំ” ។
អ្នកជំនាញផ្នែកវាយតម្លៃអចលនទ្រព្យ រូបនេះបានបន្តឱ្យដឹងទៀតថា តម្លៃអចលនទ្រព្យ ដែលស្ថិតនៅតាមបណ្តោយមហាវិថីមួយនេះ គឺមិនស្មើគ្នានោះទេ ដែលវាក៏អាស្រ័យទៅតាំមទីតាំង តំបន់ ជាពិសេសគឺទំហំ និងប្រវែង។ ចំពោះផ្ទះល្វែងខ្លះដែលមានប្រវែងខ្លី និងមានជាន់តិច អាចលក់ក្នុងចន្លោះក្រោមមួយលាន ប៉ុន្តែផ្ទះខ្លះមានប្រវែង (Eo, E1, E2) អាចលក់បានជាង១លានដុល្លារ ឬអាចលើសពីនេះ ប្រសិនបើជាប្រភេទលំនៅដ្ឋានដែលមានម្ចាស់ច្រើនគ្នា។
យ៉ាងណាក៏ដោយ នាយិកាក្រុមហ៊ុន AMATAK Property Service លោកស្រី តាំង ហួរ ក៏បានបញ្ជាក់ផងដែរថា ចំពោះតម្លៃទាំងនេះ នៅមិនទាន់ឈានដល់ចំណុចកំពូលនៅឡើយនោះទេ ដែលវានៅមានឱកាសឡើងខ្ពស់ជាងនេះបន្តិចទៀតនៅឆ្នាំបន្ទាប់។
ចំណែកលោកវ៉ា វីរៈ នាយកក្រុមហ៊ុនអចលនទ្រព្យលំដាប់អន្តរជាតិ Century21 Fortuna Investment បានមានប្រសាសន៍ឱ្យដឹង តាមរយៈទូរស័ព្ទផងដែរថា មហាវិថីព្រះសីហនុ គឺត្រូវបានបែងចែកចេញតំបន់ផ្សេងគ្នា ដូចជាចាប់ពីចំណុចស្តុបមន្ទីរពេទ្យចិន (ស្តុបអាគារ៤២ជាន់) រហូតមកដល់ចំណុចម្ដុំរង្វង់មូលវិមានឯករាជ្យ ដែលស្ថិតនៅក្នុងសង្កាត់បឹងកេង គឺមានតម្លៃថ្លៃ។
លោកបន្តថា ទីតាំងខ្លះអាចថ្លៃលើសតម្លៃដី ដែលស្ថិតនៅក្នុងសង្កាត់បឹងកេងកង១(ផ្លូវខាងក្នុង) ថែមទៀតផង ដោយសារតែវាស្ថិតនៅលើមហាវិថី ដែលអាចក្នុងតម្លៃជាង ៦,០០០ ដុល្លារ ឡើងទៅក្នុងមួយម៉ែត្រការ៉េ” ។
ដោយឡែកចាប់ពីចំណុចខាងក្រោយ វិទ្យាល័យព្រះយុគន្ធរ រហូតដល់ចំណុចស្តុបវត្តមហាមន្ត្រី ដែលស្ថិតនៅក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា អាចមានតម្លៃទាប អាចក្នុងចន្លោះ ៤,៥០០ ទៅ៥,០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ព្រោះនៅតំបន់នេះភាគច្រើនលំនៅដ្ឋាន ដែលមានអាជីវកម្មលក្ខណៈគ្រួសារច្រើន។ ប៉ុន្តែចាប់ពីស្តុបវត្តមហាមន្ត្រីរហូតដល់តំបន់ស្តុបអាងទឹកអូរឡាំពិក ដែលស្ថិតក្នុងសង្កាត់អូរឡាំពិក អាចមានតម្លៃថ្លៃបន្តិចឡើងវិញ៕