ដោយៈគង់ សូរិយា
ភ្នំពេញៈ ទីក្រុងកោះពេជ្របាន និងកំពុងដើរតាមផែនការមេរបស់ខ្លួន ខណៈការសាងសង់អាគារពាណិជ្ជកម្ម ខុនដូបាននិងកំពុងកើនឡើង ស្របពេលគំរោងអភិវឌ្ឍន៍៍ធំៗរបស់ទីក្រុងនេះកំពុងបន្ត។
បើតាមថ្នាក់ដឹកនាំជាន់ខ្ពស់ក្រុមហ៊ុនOCIC លោកទូច សំណាងអគ្គនាយករងក្រុមហ៊ុននេះបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ការអភិវវឌ្ឍទីក្រុងកោះពេជ្រដែលមានផ្ទៃដីជាង៨០ហិកតា កំពុងដើរតាមផែនការមេរបស់ខ្លួន ដោយបច្ចុប្បន្នទីក្រុងនេះកំពុងរៀបចំផ្លូវដើរព័ទ្ឋជុំវិញ មានផ្សាររាត្រី និងគំរោងអភិវឌ្ឍន៍ជាច្រើនកំពុងសាងសង់។លោកបន្តថា “បច្ចុប្បន្នការប្រើប្រាស់ដីលើទីក្រុងនេះ ទើបសម្រេចបាន៥០ភាគរយ ខណៈសំណង់អាគារដែលសាងសង់លើទីក្រុងនេះ ទើបសម្រេចបានប្រមាណ២៥ភាគរយប៉ុណ្ណោះ”។លោកបន្តថា “ទីក្រុងនេះកំពុងមានភាពរីកចម្រើន ហើយដើរតាមផែនការមេដែលបានគ្រោងទុក”។
បច្ចុប្បន្នគំរោងធំៗចំនួន៤បាន និងកំពុងសាងសង់រួចមាន The Morgan Tower, Mesong Tower, The D.I RIVIERA និងគំរោងសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់ពិភពលោករបស់ក្រុមហ៊ុនចិន ដែលគ្រោងសាងសង់អាគារមេរបស់ខ្លួនកំពស់៤០០ម៉ែត្រ ស្ថិតនៅអតីតទីតាំងផ្សាររាត្រី ដែលបានផ្លាស់ប្តូរទៅកាន់ទីក្រុងរណបជ្រោយចង្វារ។
បច្ចុប្បន្នគំរោងអាគារខ្ពស់ៗ ដែលបានសាងសង់ចប់នៅលើទីក្រុងនេះ រួមមាន គម្រោងDiamond Twin Tower, Casa Meridian ការិយាល័យកណ្តាលរបស់ក្រុមហ៊ុនយក្សPrince Real Estate Group និងគំរោងThe Elysee កំពុងត្រៀមបញ្ចប់ការសាងសង់ផងដែរ។
សហស្ថាបនិកនិងជាអគ្គនាយកគេហទំព័រPropertyarea.asiaដែលជាគេហទំព័រឈានមុខគេ លើការផ្សព្វផ្សាយព៌តមានអចលនទ្រព្យ និងសេដ្ឋកិច្ចនៅកម្ពុជាបានមានប្រសាសន៍ថា ភាពអំណោយផលនៃទីតាំងភូមិសាស្រ្ត បានធ្វើឲ្យទីក្រុងនេះ ជាគ្រាប់ពេជ្រមួយ ដូចគ្នានឹងឈ្មោះទីក្រុងនេះ ដែលអ្នកវិនិយោគជាតិ អន្តរជាតិតែងតែសម្លឹងមើល និងចង់ចូលមកវិនិយោគ ដោយសារទីក្រុងនេះមានទន្លេព័ទ្ឋជុំវិញ ដែលផ្តល់បរិយាកាសល្អក្នុងការរស់នៅ មានខ្យល់អាកាសបរិសុទ្ឋ និងជាទីតាំងមានហុងស៊ុយខ្ពស់ បើតាមជំនឿរបស់ជនជាតិចិន។
លោកបន្តថា“ទីក្រុងនេះ និងតំបន់ជុំវិញនឹងក្លាយជាមជ្ឈមណ្ឌល ពាណិជ្ជកម្មលំដាប់អន្តរជាតិនាពេលអនាគត ហើយវាគួរតែជាតំបន់ថ្មើជើងមួយ សម្រាប់ភ្ញៀវទេសចរណ៍ ដើរទស្សនាកម្សាន្តនិងទិញទំនិញនាពេលអនាគត”។លោកបន្តថា “តំបន់នេះនឹងមានផ្សារទំនើបយ៉ាងតិចណាស់ចំនួន៤ នាពេលអនាគត ហេតុនេះបើសិនអ្នកអភិវឌ្ឍន៍លើកោះនេះ និងតំបន់ជុំវិញរៀបចំបានល្អ តំបន់នេះនឹងក្លាយជាកន្លែងដើរទិញទំនិញ និងកំសាន្តដ៏រសរវើក”។
ព័ទ្ឋជុំវិញតំបន់នេះ យើងឃើញមានគំរោងជាច្រើនបានសាងសង់ ដាក់ឲ្យដំណើរការ និងត្រៀមដាក់ដំណើរការនាពេលឆាប់ៗខាងមុខ ដូចជា ផ្សារទំនើបលំដាប់អន្តរជាតិAEON Mall1, The Bridge, The Peak, Naga World 1, Naga World2, Naga World3 ដែលជាមជ្ឈមណ្ឌលកំសាន្តធំជាងគេនៅក្នុងតំបន់ សម្រាប់ពេលអនាគត។
លោកយិន លាងគង់បានបន្តថា ការប្រសូត្រថ្មីនៃទីក្រុងរណបកោះនរា ដែលបាននិងកំពុងកសាងហេដ្ឋារចនាសម្ព័ន្ឋយ៉ាងសកម្ម នឹងជម្រុញធ្វើឲ្យទីក្រុងកោះពេជ្រកាន់តែមានភាពរសរវើក និងមានការអភិវឌ្ឍន៍កាន់តែលឿនបន្ថែមទៀតនាពេលអនាគត ខណៈស្ពានតភ្ជាប់ទីក្រុងទាំងពីរនេះបាន និងកំពុងដំណើរការសាងសង់ និងសមិទ្ឋផលជាច្រើនទៀតត្រៀមនឹងបង្ហាញខ្លួនលើទីក្រុងកោះពេជ្រ៕