អ្នកជំនាញៈការជំរុញបច្ចេកវិទ្យាឌីជីថលនឹងជួយបង្កើនការទិញលក់អចលនទ្រព្យ ក្នុងបរិបទកូវីដ១៩

0

ដោយៈ ប៊ី
ភ្នំពេញៈ អ្នកជំនាញបានលើកឡើងថា វិស័យអចលនទ្រព្យ គួរជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលបន្ថែម ដើម្បីជំរុញប្រត្តិបត្តិការទិញលក់ក្នុងវិស័យនេះ អំឡុងពេលវិបត្តិកូវី ខណៈការប្រើបាស់បច្ចេកវិទ្យាឌីជីថល ជួយកាត់ពេលវេលា និងហានិភ័យឆ្លងជំងឺរាតត្បាតនេះ មុនឈានដល់សម្រេចទិញលក់ដោយផ្ទាល់។

លោកប៉ូ អ៊ាវគង់អគ្គនាយកក្រុមហ៊ុន អ៊ែតវ៉ានស៍ រៀលអេស្ទេតបានថ្លែងប្រាប់នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះថា ទីផ្សារអចលនទ្រព្យ កំពុងធ្វើដំណើរទៅកាន់ការប្រើប្រាស់ប្រព័ន្ធឌីជីថល អំឡុងវិបត្តិកូវីដ១៩ ដែលអូសបន្លាយពេលជាងមួយឆ្នាំកន្លងមកនេះ ហើយវិស័យបាននិងកំពុងរៀបចំកិច្ចការងារនេះ ដើម្បីឆ្លើយតបនឹងស្ថានភាពនាបច្ចុប្បន្ន។

លោកបានថ្លែងថា “ការទិញលក់តាមប្រព័ន្ធឌីជីថល គ្រាន់តែសម្រួលប្រតិបត្តិការការងាររបស់យើង កាន់តែចំណាយពេលតិច ហើយការកាត់បន្ថយការជួបជុំគ្នា តាមរយៈការប្រើប្រាស់ទំរង់ប្រព័ន្ធឌីជីថល។ ឧទាហរណ៍ យើងអាចធ្វើបទបង្ហាញពីគម្រោងរបស់យើង តាមរយៈវីដេអូខល ឬប្រព័ន្ធឌីជីថលជាដើម”។

លោកបានបន្តទៀតថា បច្ចេកវិទ្យាឌីជីថល នឹងជួយជំរុញដល់ការទិញលក់អចលនទ្រព្យនាពេលបច្ចុប្បន្ន ក្នុងសម័យកូវីដ១៩ ព្រោះការប្រាស្រ័យទាក់ទងគា្នតាមរយៈវីដេអូខល និងប្រព័ន្ធឌីជីថលផ្សេងនឹងកាត់បន្ថយពេលវេលា និងការជួបជុំផ្ទាល់ ប៉ុន្តែការពេលចាំបាច់មួយ ដូចការសម្រេចទិញចុងក្រោយតម្រូវការអ្នកទិញ អ្នកលក់ជួបគ្នាដោយផ្ទាល់ ដើម្បីសម្រេចបាននូវការទិញលក់នេះ។

ទោះបីជាយ៉ាងក៏ដោយ លោកបានលើកឡើងថា ប្រទេសយើងជាប្រទេសកំពុងអភិវឌ្ឍន៍ ដូច្នេះលក្ខខណ្ឌមួយចំនួននៅមានកម្រិត។ ប្រត្តិបត្តិការទិញលក់អចលនទ្រព្យតាមប្រព័ន្ធឌីជីថលនេះ នៅតែទាមទារធនធានមនុស្សច្រើន ប៉ុន្តែភ្នាក់ងារអចលនទ្រព្យ និងអ្នកទិញបាន និងកំពុងសម្របខ្លួនទៅតាមស្ថានភាពបច្ចុប្បន្ន ដោយបត់បែនទៅរកការប្រើប្រាស់ប្រព័ន្ធ ដើម្បីជំរុញអាជីវកម្មអចលនទ្រព្យរបស់ពួកគេ។

ការធ្វើទំនើបកម្មបច្ចេកវិទ្យាឌីជីថល នៃដំណើរការផ្ទេរអចលនទ្រព្យនៅកម្ពុជានឹងធ្វើឲ្យមានការផ្លាស់ប្តូរថ្មីមួយ ដល់វិស័យអចលនទ្រព្យ ដែលធ្វើឱ្យមានដំណើរការដោយមានសុវត្ថិ ភាពតម្លាភាព និងលឿនជាងមុនដើម្បីលើកទឹកចិត្ត ការវិនិយោគអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា។

ជាមួយគ្នានេះដែរ ក្រសួងរៀបចំដែនដី បានចាត់វិធានការសំខាន់ៗក្នុងការបញ្ចូលបច្ចេកវិទ្យាអនឡាញទៅក្នុងវិស័យអចលនទ្រព្យ។ ក្រសួងបានដាក់ចេញកម្មវិធីជាច្រើនដើម្បីធ្វើបច្ចុប្បន្នភាពដល់កម្មសិទ្ធិដីធ្លីតាម Internet ដោយប្រើ QR Code ហើយក៏បានចាប់ផ្តើមកម្មវិធីទូរស័ព្ទចល័ត ជាក់ស្តែងលើគម្រោងសាងសង់ ដែលបានអនុម័ត ហើយផ្គត់ផ្គង់ឯកសាររូបភាពរបស់រដ្ឋាភិបាល ដើម្បីធានានូវតម្លាភាពនៅថ្នាក់រដ្ឋបាល។

ការធ្វើទំនើបកម្មឌីជីថល នៃដំណើរការផ្ទេរកម្មសិទ្ធិនឹងផ្លាស់ប្តូរ វិស័យអចលនទ្រព្យ និងបង្កើនទំនុកចិត្តដល់ អ្នកវិនិយោគ និងមានដំណើរការលឿន។
ការធ្វើទំនើបកម្មឌីជីថល អនុញ្ញាតឱ្យភាគីពាក់ព័ន្ធក្នុងការផ្ទេរកម្មសិទ្ធិ ដើម្បីទទួលបានព័ត៌មានចាំបាច់ទាំងអស់តាម Internet ហើយបញ្ជូន និងតាមដានការដាក់ស្នើរកម្មសិទ្ធិបស់ពួកគេជាមួយ នឹងការិយាល័យសុរិយោដី ដែលអាចដើរតួជា ច្រកតែមួយ សម្រាប់ការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here