តើការឆ្លងរាលដាលជម្ងឺកូវីដ-១៩ ក្នុងសហគមន៍២០កុម្ភៈជះឥទ្ធិពលអវិជ្ជមានអ្វីខ្លះ ដល់ទីផ្សារអចលនទ្រព្យនៅកម្ពុជា?

0

ដោយៈសហការី
ភ្នំពេញៈ អ្នកជំនាញភាគច្រើនបានយល់ស្របគ្នាថា វិបត្តិជំងឺកូវីដ១៩ នៃព្រឹត្តិការណ៍៍២០កុម្ភៈ បាននិងកំពុងជះឥទ្ឋិពលអវិជ្ជមានដល់វិស័យអចលនទ្រព្យ ក៏ដូចជាទិដ្ឋភាពទូទៅនៃសេដ្ឋកិច្ចកម្ពុជា។

លោកឧកញ៉ាផន វណ្ណិត ស្ថាបនិកក្រុមហ៊ុនរាជសន្តុសិត និងជាប្រធានគណៈកម្មការសម្របសម្រួលនិងសិក្សាវិវាទ នៃសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជាបានមានប្រសាសន៍ថា ជំងឺកូវីដ-១៩ បានធ្វើឲ្យរាំងស្ទះជាសកល ដែលប៉ះពាល់ដល់ដំណើរការអភិវឌ្ឍន៍ ក៏ដូចជាការធ្វើពាណិជ្ជកម្ម ការវិនិយោគ និងសេដ្ឋកិច្ចសង្គម ដោយហេតុថា ប្រជាពលរដ្ឋមានការភ័យខ្លាច និងទុកលុយដើម្បីបំរុងក្នុងសម័យកាលកូវីដនេះដែរ។

លោកបន្តថា “បើប៉ះពាល់ដល់ប្រជាពលរដ្ឋហើយ ប្រាដកជាប៉ះពាល់ដល់សេដ្ឋកិច្ច និងការអភិវឌ្ឍន៍ជាក់ជាមិនខានឡើយ”។

លោកឧកញ៉ាបានបន្ថែមថា វិស័យអចលនទ្រព្យអាចនឹងប្រសើរឡើងវិញ ព្រោះប្រទេសកម្ពុជាកំពុងធ្វើការអភិវឌ្ឍលើវិស័យនេះ ហើយព្រឹត្តិការណ៍២០កុម្ភៈ គ្រាន់មកបង្អាក់ នៃដំណើរការអភិវឌ្ឍអចលនទ្រព្យមួយពេលតែប៉ុណ្ណោះ។

លោកបន្តទៀតថា ក្រុងកាន់តែរីក មនុស្សកាន់តែកើន ដីកាន់តែថ្លៃ យ៉ាងណាមិញប្រជាពលរដ្ឋប្រាកដជាយល់ដឹងច្បាស់អំពីតម្លៃអចលនទ្រព្យ។

និយាយបែបនេះ ពីព្រោះ អ្នកជំនួញ និងពាណិជ្ជករទាំងឡាយ គឺត្រូវការដីជាបឋមក្នុងការចាប់ផ្តើមអភិវឌ្ឍន៍។

ជាមួយគ្នានេះ លោកឧកញ៉ាសឿ សុវណ្ណ ដែលជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ឃុន សឿរៀលធី និងជាសមាជិកសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា បានលើកឡើងថា ការទិញលក់ជួលអចលនទ្រព្យទូទាំងប្រទេស មានសកម្មភាពថយចុះខ្លាំង ដោយសារមានការបារម្ភពីការរីករាលដាលឆ្លងជំងឺកូវីដ-១៩ ប៉ុន្តែក្នុងតំបន់ខេត្តមួយចំនួននៅតែមានសកម្មភាពល្អប្រសើរ ដូចជា ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល ខេត្តកំពត និងខេត្តសៀមរាបជាដើម។

លោកបន្តថា “មនុស្សជាច្រើនគិតពីសុខុមាលភាពហិរញ្ញវត្ថុបម្រុង និងមិនហ៊ានជួបគ្នាផ្ទាល់ ខណៈជំងឺបានរីករាលដាលខ្លាំងឡើងៗ ដោយពុំទាន់មានសញ្ញាវិជ្ជមានល្អនៅឡើយ ជាហេតុធ្វើអោយការទិញលក់ ឬជួលអចលនទ្រព្យ មានការថមថយខ្លាំង”។លោកបន្តថា “ទីផ្សារអចលនទ្រព្យអាចនឹងមានភាពល្អប្រសើរឡើងវិញ គឺមើលទៅលើទំនុកចិត្តខ្ពស់របស់អ្នកទិញ អ្នកលក់ និងអ្នកវិនិយោគអចលនទ្រព្យ បន្ទាប់ពីបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ”។

ដោយសារតែជម្ងឺ កូវីដ១៩ ជាជម្ងឺរាតត្បាតជាសាកល ហេតុដូចនេះចរន្តរបស់អ្នកវិនិយោគបរទេសខាងក្រៅលើវិស័យអចលនទ្រព្យ ហាក់មិនទាន់បានបង្កើនល្បឿនក្នុងប្រទេសកម្ពុជាយើងនៅឡើយ ជាហេតុធ្វើអោយយើងពឹងផ្អែកខ្លាំងពីអ្នកវិនិយោគ និងអ្នកអភិវឌ្ឍក្នុងស្រុកខ្លាំងនាពេលបច្ចុប្បន្ននេះ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here