ដោយៈគង់ សូរិយា
ភ្នំពេញៈគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតបានបញ្ចប់ការសិក្សាសមិទ្ធិលទ្ឋ ភាព និងកំពុងស្ថិតក្នុងដំណាក់កាលពិភាក្សាលើតម្លៃនៃគម្រោង និងប្រភពថវិកា។នេះបើកតាមការឲ្យដឹងរបស់ក្រសួងសាធារណៈការនិងដឹកជញ្ជូន។
យោងតាមគេហទំព័រផ្លូវការរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានឲ្យដឹងាផ្លូវល្បឿនលឿនភ្នំពេញ បាវិត ក៏ជាខ្សែផ្លូវថ្មីទាំងស្រុងដូចផ្លូវល្បឿលឿនភ្នំពេញ ព្រះសីហនុផងដែរ ដែលមានប្រវែងសរុបប្រហែល ១៣៥ គ.ម។ ផ្លូវនេះត្រូវសាងសង់ជា៤គន្លង តួផ្លូវមានទទឹង ២៥,៥ ម៉ែត្រ។ ខ្សែផ្លូវនេះ នឹងចេញពីភ្នំពេញនៅចំណុចផ្លូវខ្សែក្រវ៉ាត់ក្រុងទី៣ កាត់តាមខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង ឆ្ពោះទៅក្រុងបាវិត ព្រំដែនកម្ពុជា-វៀតណាម។
យោងតាមរបាយការណ៍សិក្សារបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ផ្លូវល្បឿនលឿននេះ ជាប្រភេទផ្លូវលើអាកាស (Viaduct) ប្រវែងប្រហែល១២ គ.ម មានលូប្រអប់ (Box Culvert) ប្រវែងប្រហែល ២៨,៤ គ.ម និងជាប្រភេទ ផ្លូវលើកកម្ពស់ (Embankment) ប្រវែងប្រហែល ៨៥,៨ គ.ម។ ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត មានផ្លូវបំបែកប្តូរទិស (Inter-Change) ចំនួន៧កន្លែង កន្លែងឈប់សម្រាក៦កន្លែង និងច្រកទ្វារ ព្រំដែនថ្មីចំនួន១ផងដែរ។
ក្រសួងសាធារណការ និងដឹកជញ្ជូននៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងដឹកជញ្ជូនរបស់ប្រទេសវៀតណាម ក៏បានចុះអនុស្សរណៈយោគយល់គ្នា ស្តីពីការជំរុញការសិក្សា និងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ រួចរាល់ផងដែរ។
តើអ្វីជាគោលបំណង នៃការសាងសង់ផ្លូវល្បឿនលឿននៅកម្ពុជា ក្រសួងសាធារណៈការនិងដឹកជញ្ជូនបានឲ្យដឹងថា គោលបំណងនៃគម្រោងសាងសង់ផ្លូវល្បឿនលឿននៅកម្ពុជា មានដូចជា ទីដើម្បីសមាហរណកម្មក្នុងតំបន់ (ទាំងក្នុងអាស៊ាន និងមហាអនុតំបន់ទន្លេមេគង្គ) ក៏ដូចជាពិភពលោកទាំងមូល ជួយតភា្ជប់បណ្តាញដឹកជញ្ជូនក្នុងតំបន់ពីប្រទេសមួយទៅប្រទេសមួយទៀត ដើម្បីលើកកម្ពស់សមត្ថភាពដឹកជញ្ជូនកម្ពុជាឲ្យសមស្រប ទៅតាមការអភិវឌ្ឍបែបសាកលភាវូបនីយកម្ម។
ទី២ បង្កើនតុល្យភាពនៃការអភិវឌ្ឍដែនដី ដោយផ្សារភ្ជាប់រាជធានីភ្នំពេញជាមួយនឹងទីរួមខេត្តនានា និងជាមាគ៌ាឆ្ពោះទៅកាន់ពិភពលោក ៖ បង្កើនសមត្ថភាពដឹកជញ្ជូននិងលើកកម្ពស់ប្រសិទ្ធភាពផ្នែកភស្តុភារនៅក្នុងប្រទេសពិសេស ពីភ្នំពេញទៅបណ្តាខេត្តនានា ដើម្បីធ្វើឲ្យនៅតាមខេត្តមានភាពរីកចម្រើនបានឆាប់រហ័ស។
ទី៣ ពង្រឹងនិងកែលម្អស្ថានភាពចរាចរណ៍នៅកម្ពុជា៖ផ្លូវល្បឿនលឿនមានសមត្ថភាពខ្ពស់ក្នុងការទទួលបន្ទុកយានយន្តធ្ងន់ៗបម្រើសេវាកម្មបានល្អនិងអាចទាក់ទាញយានយន្តនានាដែលចរាចរតាមផ្លូវជាតិ កត្តានេះនឹងជួយសម្រាលការខូចខាត ហើយកាត់បន្ថយស្ថានភាពមមាញឹកនៅតាមផ្លូវជាតិទៀតផង៕