ឆ្នាំ២០២២ ផ្សារ​ទំនើប​ចំនួន២ តម្លៃ​ជាង ២៤០លាន​ដុល្លារ​នឹង​បង្ហាញ​រូបរាងនៅ​ភាគខាងត្បូង​រាជធានី​ភ្នំពេញ

0

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ជាមួយនឹង​កំណើន​ផ្សារ​ទំនើប​បែប​សហគមន៍​ជាច្រើន បាននិងកំពុង​តែ​រីកដុះដាល​ជា​បន្តបន្ទាប់ នៅក្នុង​រាជ​ធា​នៅ​ភ្នំពេញ និង​នៅតាម​តំបន់​ជាយក្រុង នៅត្រឹម​ឆ្នាំ២០២២ខាងមុខនេះ ផ្សារ​ទំនើប​លំដាប់​អន្តរជាតិធំៗចំនួន២ទៀត នឹង​បង្ហាញ​វត្តមាន​ដ៏​អស្ចារ្យ​នៅ​ស្រប​វិថី​សម្ដេច​តេ​ជោ ហ៊ុន សែន ឬ​ផ្លូវ៦០ម៉ែត្រ។

ខណៈ​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​កំពុង​កើតមាន និង​បន្ត​រាតត្បាត​នៅក្នុង​សហគមន៍​នា បច្ចុប្បន្ននេះ បានធ្វើ​ឲ្យ​គំរោង​សាងសង់​ផ្សារ​ទាំងពីរ​នេះ ហាក់​បន្ថយល្បឿន ប៉ុន្តែ​វា​មិនមែនជា​ឧបសគ្គ​ចម្បង ចំពោះ​គម្រោង​អភិវឌ្ឍន៍​ផ្សារ​ទំនើប​កម្រិត​អន្តរជាតិ ដែលមាន​តម្លៃ​រាប់សិប​លាន​ដុល្លារ ចំនួន២ ស្ថិតនៅតាម​ដង​វិថី​សម្ដេច​តេ​ជោ​នោះទេ។

បើតាម​គម្រោង និង​ផែន​ការដែល​បានគ្រោង​ទុក នៅក្នុង​ឆ្នាំ២០២២ខាងមុខនេះ គម្រោង​សាងសង់​ផ្សារ​ទំនើប​ទាំងពីរ​ខាងលើនេះ រួមមាន ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ PH Diamond Place ដែលមាន​ទុនវិនិយោគ​ប្រមាណ ៦០លាន​ដុល្លារ និង​មណ្ឌល​ផ្សារ​ទំនើប ជីបម៉ុង មេ​ហ្គា​ម៉​ល មាន​ទុនវិនិយោគ​ប្រមាណ ១៨០លាន​ដុល្លារ នឹង​បង្ហាញ​វត្តមាន​ដាក់ចូល​ទៅក្នុង​ទៅ​ទីផ្សារ​រួម​ជាមិនខាន។

– គម្រោង​ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ PH Diamond Place

ត្រូវបាន​អភិវឌ្ឍ​នៅលើ​ផ្ទៃដី៦ហិកតា ស្ថិតនៅក្នុង​គម្រោង​បុរី ប៉េង​ហួត ដឹ ស្តា ដាយ​មិន ស្ថិតនៅតាម​បណ្តោយ​មហាវិថី សម្តេច​តេ​ជោ​ហ៊ុនសែន​ឬ​ផ្លូវ៦០ម៉ែត្រ​នោះ ដែល​សព្វថ្ងៃនេះ ក្រុមការងារ​របស់​ប៉េង ហួត សំណង់ កំពុងតែបន្ត​ការសាងសង់ ដើម្បី​បញ្ចប់​ឱ្យ​រួចរាល់​ក្នុង​ឆ្នាំ២០២២ខាងមុខនេះ ជាមួយនឹង​ទុនវិនិយោគ​ប្រមាណ៦០លាន​ដុល្លារ ដែលជា​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន ប៉េង​ហួត គ្រុប និង​ទទួលខុសត្រូវ​ដោយ​ប៉េង​ហួត រី​ថែ​ល។

ផ្សារ​ទំនើប​មួយ​នេះ​មាន​កម្ពស់៥ជាន់ និង​មាន​ផ្ទៃក្រឡា​សម្រាប់​ជួល​ប្រមាណ ៤០,០០០ ម៉ែត្រការ៉េ មាន​ប្រមូលផ្តុំ​ទៅដោយ​ហាងល្បីៗជាង២០០ហាង ថែមទាំង​មាន​វិសាលភាព ទី​ចំណត​ធំ​ទូលាយ​អាច​ចត​រថយន្ត និង​ម៉ូតូ​បាន២០០០គ្រឿង។ រឹតតែ​ពិសេស គម្រោង​ផ្សារ​ទំនើប​នេះ ក៏បាន​ទទួល​ពានរង្វាន់​ផ្នែក​ស្ថាបត្យកម្ម លក់រាយ​ល្អ​ជាងគេ (Best Retail Architectural Design) ពី​កម្មវិធី Cambodia Property Award ដែល​រៀបចំឡើង​ដោយ​ក្រុមហ៊ុន Property Guru ផងដែរ។

គម្រោង​មណ្ឌល​ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ ជីបម៉ុង ២៧១មេ​ហ្គា​ម៉​ល

ជាការ​វិនិយោគ និង​អភិវឌ្ឍន៍​ដោយ​ក្រុមហ៊ុន ជីប ម៉ុង រី​ថែ​ល បាន​បញ្ចុះបឋមសិលា​បើក​ការដ្ឋាន​សាងសង់​កាលពី​ខែសីហា ឆ្នាំ២០១៨ កន្លងទៅ និង​គ្រោង​ដាក់ឱ្យ​ដំណើរការ​ក្នុង​ឆ្នាំ២០២២ខាងមុខ។  វត្តមាន​នៃ​គម្រោង​មណ្ឌល​ផ្សារ​ទំនើប លំដាប់​អន្តរជាតិ​មួយ​នេះ គឺជា​ផ្នែក​មួយ​ជួយ​ធ្វើ​ទំនើបកម្ម​ឧស្សា​កម្ម លក់រាយ​នៅ​តំបន់​ភាគខាងត្បូង​នៃ​រាជធានី​ភ្នំពេញ​កាន់តែ​មាន​ភាពរ​សរ​វើក ។

រហូតមកដល់​ពេលនេះ មណ្ឌល​ផ្សារ​ទំនើប​ខ្នាត​អន្តរជាតិ ដែល​បាន​បណ្តាក់​ទុនវិនិយោគ​ប្រមាណ១៨០លាន​ដុល្លារ​នេះ ក៏​កំពុង​បន្តដំណើរ​ការសាងសង់​របស់ខ្លួន ដែលមាន​ទីតាំង​ស្ថិត នៅក្នុង​គម្រោង​អភិវឌ្ឍន៍​អចល​ទ្រព្យ លើ​ផ្ទៃដី​ទំហំ៤៣ហិកតា នៃ​គម្រោង លែ​ន​ម៉ាក២៧១ របស់​ក្រុមហ៊ុន ជីប ម៉ុង លែ​ន​ដ៏៕

LEAVE A REPLY

Please enter your comment!
Please enter your name here