ដោយៈវឌ្ឈនៈ
ភ្នំពេញៈ វិស័យអចលនទ្រព្យ ជាវិស័យមួយ ដែលមានការរីកចម្រើនយ៉ាងខ្លាំងនៅក្នុងប្រទេស កម្ពុជានាពេលបច្ចុប្បន្ននេះ។ ការវិនិយោគក្នុងវិស័យនេះ មានដូចជា ការវិនិយោគទៅលើផ្ទះ សម្បែង ដីធ្លី ជាដើម ហើយវាផ្តល់ផលចំណេញមកវិញខ្ពស់គួរសម ។
យ៉ាងណាក្ដីវិស័យនេះក៏មានហានិភ័យដែរ បើសិនជាការវិនិយោគមិនបានគិតគូរច្បាស់លាស់។ ហានិភ័យនៅក្នុងវិស័យនេះរួមមាន ការប៉ាន់ស្មានខុស វិបត្តិសេដ្ឋកិច្ចដែលអាចនឹងកើតមាន ធ្វើឲ្យតម្លៃអចលនទ្រព្យធ្លាក់ចុះ ខ្វះខាតសាច់ប្រាក់ក្នុង ករណីខ្ចីធនាគារមកទិញ ឬយកទៅវិនិយោគអ្វីផ្សេងទៀត ព្រោះអចលនទ្រព្យមិនងាយលក់ ចេញប្តូរជាប្រាក់ (Lack of liquidity)។
ប៉ុន្តែប្រសិនបើអ្នកមិនអាចលក់ចេញ ឬមានការធ្លាក់ចុះនូវតម្លៃអចលនទ្រព្យ អ្នកមានជម្រើស ក្នុងការដាក់ជួលទ្រព្យនោះជាបណ្តោះអាសន្ន ព្រោះនៅពេលដែលអ្នកវិនិយោគអ្នកបានទិញទ្រព្យទាំងនោះ ទុកជាកម្មសិទ្ធិរបស់អ្នករួចហើយ។
ជាសង្ខេប ការវិនិយោគជៀសមិនផុតពីការប្រថុយប្រថាននោះទេ តែកម្រិតនៃការ ប្រថុយនេះអាចកាត់បន្ថយបានច្រើន ប្រសិនបើអ្នកមានចំណេះដឹងផ្នែកហរិញ្ញវត្ថុ ជា ពិសេសទៅលើផ្នែកវិនិយោគនេះ។ ទោះជាយ៉ាងណា វិនិយោគិនគួរតែគិតគូរឲ្យបានច្បាស់ លាស់ និងត្រូវមានចិត្តនឹងនរនៅពេលដែលប្រឈមមុខនឹងបញ្ហាផងដែរ ។
នៅក្នុងវិបត្តិកូវីដ១៩ មានវិនិយោគិនជាច្រើន បានបង្វែរការវិនិយោគពីវិស័យផ្សេងមករកវិស័យអចលនទ្រព្យ ដែលធ្វើឱ្យសកម្មភាពទិញលក់លើវិស័យនេះ ជាពិសេសដីធ្លីកាន់តែច្រើន។
លោកធួន ស៊ីណាន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍អាស៊ីប៉ាហ្វិកកម្ពុជា បានលើកឡើងថា ក្នុងពេលវិស័យទេសចរណ៍ មានការប៉ះពាល់ខ្លាំង ដោយសារតែកូវីដ១៩ ធ្វើឱ្យប្រតិបត្តិករទេសចរជាច្រើន បានងាកទៅវិនិយោគលើដីធ្លីវិញ ប៉ុន្តែពួកគេមិនបានគិតពីហានិភ័យដែលនឹងកើតមាន។ បើសិនជាមនុស្សជាច្រើន គិតតែវិនិយោគលើអចលនទ្រព្យ តើក្នុងពេលមានវិបត្តិបែបនេះ អ្នកមានលុយទិញអចលនទ្រព្យមានប៉ុន្មាន ។ យើងគួរវិនិយោគអ្វី ដែលជាតម្រូវការនៅពេលវិបត្តិវិញ ដើម្បីរកប្រាក់ចំណេញ ។
អ្នកជំនាញអចលនទ្រព្យជាច្រើន បានលើកឡើងស្រដៀងគ្នាថា ការវិនិយោគអ្វីសុទ្ធតែមានហានិភ័យ តែបើសិនជាយើងចេះគិតគូរច្បាស់លាស់ យើងនឹងអាចកាត់បន្ថយហានិភ័យ នៅកាន់តែតិចហើយឱកាសនៃចំណេញនឹងឡើងខ្ពស់ ៕