ប្រទេសG7 ប្រកាសគាំទ្រIMFដើម្បីផ្តល់ជំនួយហិរញ្ញវត្ថុជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍

0

ដោយៈ ប៊ី
ភ្នំពេញៈ ប្រទេសអង់គ្លេសបានលើកឡើងកាលពីថ្ងៃសុក្រថា ប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនធំជាងគេទាំង៧របស់ពិភពលោក (G7) បានយល់ព្រមគាំទ្រការពង្រីកទុនបំរុងរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ ដែលបង្កើតឡើងចាប់តាំងពីឆ្នាំ២០០៩។
ការគាំទ្ររបស់ប្រទេសG7 គឺជាជំហានមួយជួយប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីទប់ទល់នឹងវិបត្តិកូវីដ១៩។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១។
អង់គ្លេស ដែលជាប្រធានដឹកនាំកិច្ចប្រជុំG7នៅឆ្នាំនេះបានឱ្យដឹងថា រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុG7 បានយល់ព្រមក្នុងការគាំទ្រ ដល់ការបង្កើនទំហំទ្រព្យបម្រុងអន្តរជាតិ (SDRs) ដែលជារូបិយប័ណ្ណផ្ទៃក្នុងដែលប្រើប្រាស់ដោយIMF។

លោក Rishi Sunak រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុអង់គ្លេសបានមានប្រសាសន៍ថា “កិច្ចព្រមព្រៀងដ៏សំខាន់នាពេលបច្ចុប្បន្ននេះ ក្នុងចំណោមប្រទេសG7 បានត្រួសត្រាយផ្លូវសម្រាប់សកម្មភាពសំខាន់ និងរួមគ្នា ដើម្បីគាំទ្រដល់ប្រទេស ដែលមានប្រាក់ចំណូលទាបនៅលើពិភពលោក ដោយធានាថា ប្រទេសនានានឹងទទួលបានប្រយោជន៍ពីការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក”។
ដំណឹងនេះ ត្រូវបានស្វាគមន៍ដោយលោកស្រី Kristalina Georgieva នាយកគ្រប់គ្រងមូលនិធិ IMF ដែលបាននិយាយថា កិច្ចប្រជុំរបស់រដ្ឋមន្រ្តីហិរញ្ញវត្ថុ G7 គឺ “មានផ្លែផ្កាល្អ” ។
កាលពីឆ្នាំមុនIMF បាននិយាយថា ខ្លួនចង់ឱ្យមានការដាក់ចេញSDRs ដែលមានទំហំកើនឡើង៥០០ពាន់លានដុល្លារ ពី២៩៣ពាន់លានដុល្លារ ដែលបានព្រមព្រៀងនៅពេលនៃការពង្រីកចុងក្រោយក្នុងឆ្នាំ២០០៩ បន្ទាប់ពីមានវិបត្តិហិរញ្ញវត្ថុពិភពលោក។
ការពង្រីកនោះត្រូវបានជំទាស់ ដោយពេលនោះប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ។ កាលពីខែមុនរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុអាមេរិកJanet Yellen បាននិយាយថា លោកចង់បានការពង្រីកមួយនេះ ប៉ុន្តែចង់បានតម្លាភាពកាន់តែខ្លាំង អំពីរបៀបដែលSDRs នឹងត្រូវបានប្រើប្រាស់ និងជួញដូរ។
ប្រភពនៅសហរដ្ឋអាមេរិក ដែលច្បាស់ពីកិច្ចពិភាក្សាG7 បាននិយាយថា ការបង្កើនទុនបម្រុង ប្រហែល៦៥០ពាន់លានដុល្លារអាមេរិកកំពុងត្រូវបានពិភាក្សា៕

LEAVE A REPLY

Please enter your comment!
Please enter your name here