ដោយៈ រ៉ាណេត
ភ្នំពេញៈ មិនថាស្ថិតនៅក្នុងកាលទេសៈបែបណានោះទេ សកម្មភាពរបស់បណ្តាអ្នកវិនិយោគ រួមជាមួយនឹងអ្នកអភិវឌ្ឍន៍ នៅក្នុងវិស័យអចលនទ្រព្យក្នុងស្រុក ជាចលករដ៏សំខាន់បំផុត នៅក្នុងការចូលរួមជួយពង្រឹងសេដ្ឋកិច្ចជាតិ ខណៈដែលការបង្ហូរទុនវិនិយោគមកពីក្រៅស្រុកត្រូវបានរាំងខ្ទប់។
លោកឧកញ៉ានួន រិទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ KFA ដែលជាអ្នកវិនិយោគ និងអភិវឌ្ឍន៍នៅក្នុងវិស័យលំនៅដ្ឋាន បានមានប្រសាសន៍ប្រាប់ឱ្យដឹង នៅព្រឹកថ្ងៃទី២២ ខែមីនាឆ្នាំ២០២១នេះថា រាល់សកម្មភាពរបស់អ្នកវិនិយោគក្នុងស្រុក គ្រប់ទ្រង់ទ្រាយទាំងអស់ សុទ្ធតែជាកម្លាំងស្នូលជួយទ្រទ្រង់សេដ្ឋកិច្ចជាតិ ជាពិសេសនៅក្នុងបរិបទដែលកំពុងប្រឈមនាពេលបច្ចុប្បន្ន ខណៈដែលលំហូរទុនវិនិយោគពីក្រៅស្រុក ត្រូវបានរាំងខ្ទប់ ដោយសារវិបត្តិនៃជំងឺឆ្លងជាសាកលដែលកំពុងបន្តគំរាមកំហែង។
លោកឧកញ៉ាបន្តថា “ទាំងការវិនិយោគក្នុងទីផ្សារដីធ្លី ទាំងការទិញលក់ក្នុងទីផ្សារលំនៅដ្ឋាន ឬជាការអភិវឌ្ឍន៍នៅក្នុងផ្នែកណាមួយ នៃវិស័យអចលនទ្រព្យគឺសុទ្ធតែជាសកម្មភាពដ៏សំខាន់ នៅក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការពង្រឹងសេដ្ឋកិច្ចជាតិទាំងអស់”។ លោកបន្តថា “ខ្ញុំលើកឧទាហរហ៍ថា បើខ្ញុំទិញដី ហើយធ្វើការអភិវឌ្ឍលំនៅ ដ្ឋាន សម្រាប់ដាក់លក់ទៅវិញមានន័យថា បានបង្កើតប្រយជន៍ចំនួន៣ព្រមគ្នាក្នុងពេលតែ១”។
លោកបន្តដោយពន្យល់ថា ទីមួយនៅពេលខ្ញុំទិញដី នឹងកើតជាចំណូលដល់រដ្ឋតាមរយៈការបង់ពន្ធរបស់ម្ចាស់ដី។ ទី២ ខ្ញុំធ្វើការអភិវឌ្ឍលំនៅដ្ឋាននឹងបង្កើតការងារជូនកម្លាំងជំនាញកម្មករសំណង់ ហើយទី៣នៅពេលដែលខ្ញុំលក់លំនៅដ្ឋានចេញ ខ្ញុំក៏ទទួលបានចំណេញពីការវិនិយោគ និងអភិវឌ្ឍន៍ ហើយខ្ញុំក៏បានបង្កើតការងារដល់បុគ្គលិកក្រុមហ៊ុនរបស់ខ្ញុំ។ ទាំងនេះគ្រាន់តែជាលើកឡើងត្រួសៗតែប៉ុណ្ណោះ ខណៈដែលមានចំណុចល្អជាច្រើនទៀត ដែលកើតចេញពីសកម្មភាពនៃការវិនិយោគនៅក្នុងស្រុកនេះ”។
លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធ្លាប់បានមានប្រសាសន៍ថា វិស័យឯកជនគឺជាដៃគូអភិវឌ្ឍន៍យ៉ាងសំខាន់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការរៀបចំ និងអភិវឌ្ឍន៍ផ្នែកហេដ្ឋារចនាសម្ព័ន្ធនានាទៅទូទាំងប្រទេស ជាពិសេសការអភិវឌ្ឍនៅក្នុងវិស័យលំនៅដ្ឋាន ដូចជាបុរី និងបណ្តុំលំនៅដ្ឋានដែលមានជាង៣០០គម្រោង។
លោកឧបនាយករដ្ឋមន្ត្រីបានកោតសរសើរ ដល់អ្នកអភិវឌ្ឍន៍បុរីលំនៅស្ថានដែលបានកែច្នៃគម្រោងនីមួយៗ ឱ្យមានសោភណ្ឌភាព និងរឹងមាំ ដែលអាចចូលរួមលើកកំពស់បរិស្ថាន ដោយបានរួមចំណែកបង្កើតផ្ទៃបៃតង សំដៅទប់ស្កាត់បំរែបំរួលអាកាសធាតុ។ នៅក្នុងបុរីនីមួយៗយ៉ាងហោចណាស់ ក៏មានហេដ្ឋារចនាសម្ព័ន្ធបង្កប់ក្រោមដីប្រវែង៥ទៅ៦គីឡូម៉ែត្រ បើមិនមានការស្ថាបនាផ្លូវ លូ ឬភ្លើងបំភ្លឺទេនោះគឺមិនអាចងាយស្រួលលក់ដូរសម្រួលដល់ការរស់នៅរបស់អតិថិជននោះឡើយ។
លោកជា សុផារ៉ាបានបញ្ជាក់ថា “យើងបានទទួលស្គាល់ថា ទីណាដែលមានបុរី គឺចាត់ទុកថាជាភូមិមួយ ជាបណ្តុំនៃសហគមន៍មួយ ដែលប្រជាពលរដ្ឋមានទុនដើម្បីទិញលំនៅស្ថានក្នុងបុរីដែលមានសន្តិសុខប្រចាំការ មានអ្នករៀបចំជួសជុលក្នុងការឆ្លើយតបជាមួយនឹងអតិថិជនរបស់ខ្លួន”។លោកបន្តថា “សន្តិសុខនៅទីនោះត្រូវបានធានា ដែលនេះ ក៏អាចនិយាយបានថាជាការរួមចំណែក នៅក្នុងការអភិវឌ្ឍភូមិឃុំមានសុវត្ថិភាព កាត់បន្ថយបាននូវក្តីកង្វល់ ឬការភ័យខ្លាចរបស់ប្រជាពលរដ្ឋរាប់ពាន់គ្រួសារក្នុងបុរីនោះ”។
ក្រៅពីនេះក៏យើងវាយតំលៃខ្ពស់ថា ដោយសារការអភិវឌ្ឍបែបនេះ ហើយទើបយុវជនមានការងារធ្វើ បន្ថែមពីនេះចំពោះការអភិវឌ្ឍលំនៅស្ថានរបស់ម្ចាស់បុរី ហាក់ដូចជាបានជួយរកការងារធ្វើអោយវិស្វករស្ថាបត្យករ អ្នកសិក្សាគំរោងប្លង់ផងដែរ”៕