ដោយៈ រ៉ាណេត
ភ្នំពេញៈ គម្រោងស្ថាបនាមហាវិថីថ្មីមួយខ្សែ ស្ថិតនៅភាគខាងជើងរាជធានីភ្នំពេញដែលមានប្រវែងជិត៦០០០ម៉ែត្រ តភ្ជាប់ពីផ្លូវ១០០៣ក្បែរផ្សារទំនើប AEON2 រហូតដល់មហាវិថីឈ្នះឈ្នះ សម្រេចបានលទ្ធផលប្រមាណ៩០ភាគរយហើយ ដែលគអាចនឹងបញ្ចប់ការសាងសង់ទាំងស្រុង ស្របតាមផែនការដែលបានគ្រោងទុក។
លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះថា ការដ្ឋានស្ថាបនាមហាវិថីថ្មីចាប់ពីផ្លូវ១០០៣ កាត់តាមហ្គ្រេនភ្នំពេញ រហូតដល់មហាវិថីឈ្នះឈ្នះ ស្ថិតក្នុងខណ្ឌឫស្សីកែវ សម្រេចបាន៩០ភាគរយហើយ ដោយពេលនេះក្រុមការងារកំពុងមមាញឹក ក្នុងការតម្លើងបង្គោលភ្លើង និងដាំផ្កាលើសួនច្បារចំកណ្តាលទ្រូងផ្លូវ។
លោកបន្តថា “មហាវិថីថ្មីនេះមានទទឹង៣០ម៉ែត្រ បណ្តោយផ្លូវជិត៦គីឡូម៉ែត្រចាប់ពីផ្លូវ១០០៣ ដល់មហាវិថីឈ្នះឈ្នះ ដែលជាសមិទ្ធផលថ្មីមួយទៀត នៅរាជធានីភ្នំពេញ នឹងជួយសម្រួលចដល់រាចរណ៍ដ៏សំខាន់ជូនប្រជាពលរដ្ឋ ជាពិសេសជួយរំដោះការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ”។
លោកសាំ ពិសិដ្ឋបានបញ្ជាក់ថា ពេលនេះក្រុមការងារជំនាញ កំពុងតម្លើងបង្គោលភ្លើងលើមហាវិថីថ្មីទទឹង៣០ម៉ែត្រ ចាប់ពីបុរីអង្គរដល់ផ្លូវមុខហ្គ្រេនភ្នំពេញ ចំនួន១០០បង្គោលសិន នឹងបន្តទៅទៀតនៅពេលផ្លូវស្ថាបនារួច ចំណែកសួនច្បារនៅចំកណ្តាលផ្លូវក៏ក្រុមការងារបាន និងកំពុងដាំផ្កាយ៉ាងសស្រាក់សស្រាំផងដែរ។
ការដ្ឋានស្ថាបនាផ្លូវថ្មីមួយនេះ បានចាប់ផ្តើមការសាងសង់កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ ក្រោមវត្តមានលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាប្រភេទផ្លូវភ្លោះ មានប្រវែង៥ ៨៦០ម៉ែត្រ ទទឹង៣០ម៉ែត្រ ជាផ្លូវបេតុងអារមេកម្រាស់ ២០សង់ទីម៉ែត្រ ក្នុងនោះផ្លូវសងខាង១២ម៉ែត្រ សួនកណ្តាល២ម៉ែត្រ និងចិញ្ចើមផ្លូវសងខាង២ម៉ែត្រ។ ផ្លូវទ្វេទិសមាន៣គន្លងសម្រាប់រថយន្តទៅមក និង១គន្លងសម្រាប់ទោចក្រយានយន្តទៅមក ដាក់បណ្តាញលូសងខាងផ្លូវទំហំ ០.៨ម៉ែត្រ ប្រវែង ១១ ៧២០ម៉ែត្រ ព្រមទាំងដាក់លូឆ្លងកាត់ទទឹងផ្លូវចំនួន៨កន្លែង។
មហាវិថីថ្មីនេះ ត្រូវបានស្ថាបនាឡើងជា២ជំហាន គឺជំហានទី១ ចាប់ពីផ្លូវលេខ១០០៣ រហូតដល់មុខហ្គ្រេនភ្នំពេញ(Grand Phnom Penh) និងបន្តពីហ្គ្រេនភ្នំពេញរហូតទៅដល់មហាវិថីឈ្នះឈ្នះ ដែលមានទទឹង៣០ម៉ែត្រ មានសួនច្បារនៅចំកណ្ដាលជាមួយនឹងការដាក់បណ្ដាញលូនៅសងខាងផ្លូវផងដែរ៕