ដោយៈយិន លាងគង់ស្ថាបនិកនិងអគ្គនាយកគេហទំព័រPropertyarea.asia
ភ្នំពេញៈ អោបមនុស្សជាទីស្រលាញ់ក៏មិនបាន ជួបមុខលើកចុងក្រោយក៏គ្មានឳកាស ជួបកូនបានត្រឹមនិយាយគ្នាតាមទូរស័ព្ទ មិនមានពេលថ្នាក់ថ្នមបុត្រធីតាដូចមុន បាននិងកំពុងក្លាយជាទិដ្ឋភាព នៃសោកនាដកម្មផ្លូវចិត្តធ្ងន់ធ្ងរមួយ ដែលគ្មានអ្នកណាលួងលោមក្រៅពីទឹកភ្នែកឡើយ។
តើពេលណាសោកនាដកម្មនេះចប់? បើមើលចំណងជើង និងសំណួរនៃអត្ថបទនេះ យើងមិនអាចឆ្លើយឲ្យប្រាកដថា ជំងឺកូវីដ១៩ នឹងបញ្ចប់នាពេលណានោះទេ ប៉ុន្តែយើងអាចទប់ស្កាត់និងអាចកាត់បន្ថយបាន ដោយចាប់ផ្តើមពីយើងខ្លួនឯង។
ពេលវេលាត្រូវសង
ពិភពលោកកំពុងច្របូកច្របល់ បញ្ហាភូមិសាស្រ្តនយោបាយ និងផលប្រយោជន៍ ផ្នែកសេដ្ឋកិច្ច ដែលបាននិងកំពុងមានឥទ្ឋិពល លើការរីករាលដាលជំងឺនេះ។ ហេតុនេះការបញ្ចប់ព្រឹត្តិការណ៍នៃវិបត្តិជំងឺកូវីដ១៩ ដ៏គួរឲ្យរន្ឋត់នេះ ពិតជាត្រូវការពេលវេលាមួយ ដែលជាពេលវេលាត្រូវសងត្រលប់ទៅកាន់ផែនដីវិញ។
មនុស្សកាន់តែកើននូវភាពអាត្មានិយមក្នុងចិត្ត និងសកម្មភាព ដែលបានបង្ហាញឲ្យឃើញច្បាស់ថា ពិភពលោកកំពុងបែកបាក់គ្នា ដែលជាលទ្ឋផលនឹងនាំមកនូវគ្រោះមហន្តរាយ ជាពេលវេលាដែលត្រូវហែលឆ្លងវិបត្តិទាំងអស់គ្នា។
ការស្រោចស្រង់នូវសាកលភាវូបនីយកម្ម ការស្រោចស្រង់នូវក្តីសង្រ្គោះ ដោយអ្នក”ត្រូវស្រលាញ់មនុស្សជុំវិញខ្លួន ឲ្យដូចអ្នកស្រលាញ់ខ្លួនឯង” ជាដំណោះស្រាយមួយ ដែលនាំមកនូវភាពសុខដុមសម្រាប់សាកលលោក និងជាពេលវេលាត្រូវសងនូវរាល់ការឈឺចាប់ ទឹកភ្នែក ការខាតបង់ និងសោកនាដកម្ម ដែលមនុស្សជាតិបានបោះបង់ចោលនាពេលកន្លងមក ដើម្បីនាំមនុស្សជាតិមកកាន់ពិភពលោកមួយ ដែលមានក្តីស្រលាញ់ចំពោះគ្នា និងពិភពលោកមួយដែលពោរពេញ ដោយព៌ណសម្បុរនៃសេចក្តីស្រលាញ់ និងការសង្រ្គោះចំពោះគ្នា។
ជំងឺកូវីដ១៩នៅកម្ពុជា
ការរីករាលដាលជំងឺកូវីដ១៩នៅកម្ពុជា កើតឡើងដោយកត្តាសំខាន់ៗជាច្រើន ទី១ ការមិនគោរពខ្លួនឯង ទី២ ការគ្មានទំនួលខុសត្រូវរបស់មនុស្សម្នាក់ៗ ទី៣ ការមិនចូលរួម និងមើលស្រាលជំងឺនេះ និងការមិនបានត្រៀមខ្លួនជាមុនរបស់រដ្ឋាភិបាល។
ការនិយាយពីរដ្ឋាភិបាលមិនបានត្រៀមខ្លួនមុន អាចត្រូវបានរិះគន់ឬពេបជ្រាយ ប៉ុន្តែពិតណាស់ យើងមិនអាចបន្ទោសរដ្ឋាភិបាលបានទេ ព្រោះអ្វីៗវាបានកើតឡើងឆាប់រហ័សពេក ដោយសារករណីបុគ្គលមួយចំនួន ដែលបានបង្កការឆ្លងរាលដាលជំងឺនេះ។
ការដែលកម្ពុជា មិនទាន់មានច្បាប់គ្រប់គ្រងមនុស្ស ពីជំងឺរាតត្បាតនេះ ដោយសារជំងឺនេះរីករាលដាលលឿនពេក ពិសេសការឆ្លងជំងឺនេះចូលសហគមន៍ មានសណ្ឋានដូចជាពោះវៀនម៉ូតូ ឬឡាន ដែលបានធ្លាយគ្រប់កន្លែងទៅហើយ។
ហេតុនផលទាំងនេះ ការមិនចូលរួមរបស់ប្រជាពលរដ្ឋមួយចំនួន នឹងបង្កសោកនាដកម្មដល់អ្នកដទៃ ហើយបង្កភាពមហន្តរាយដល់សេដ្ឋកិច្ចនិងសង្គម ដែលកំពុងមានភាពផុយស្រួយនាពេលនេះ។
វិបត្តិកំពុងរីករាលដាល
ការទទួលបានវ៉ាក់សាំងនៅមានកម្រិត ការមិនដើរតាមការអំពាវនាវរបស់រដ្ឋាភិបាល និងមន្រ្តីជំនាញរបស់ក្រសួងសុខាភិបាល ដោយអនុវត្តន៍តាមវវិធានបីកុំ និងបីការពារ នឹងធ្វើឲ្យការរីករាលដាលជំងឺនេះ កាន់តែអូសបន្លាយរយៈពេលវែង និងធ្ងន់ធ្ងរថែមទៀត។
ខណៈអាជីវកម្មស្ទើរតែទាំងអស់ កំពុងរងផលប៉ះពាល់ ទឹកភ្នែកបានហូរបណ្តើរៗពីការបាត់បង់សាច់សារលោហិត ការព្រាត់ប្រាស់មនុស្សជាទីស្រលាញ់ ការមិនបានឃើញមុខគ្នាជាលើកចុងក្រោយ បាននិងកំពុងបង្ហាញសោកនាដកម្មនៅលើពិភពលោក និងកម្ពុជា។
មនុស្សនៅលើពិភពលោកត្រូវកប់ក្នុងផ្នូររួម ដូចសម័យកម្ពុជាប្រជាធិបតេយ្យ តើសោកនាកដកម្មនេះនឹងបញ្ចប់នាពេលណា? ការរួបរួមគ្នា ការស្តាប់តាមការណែនាំរបស់ប្រមុខរដ្ឋាភិបាល ស្តាប់តាមការណែនាំពីមន្រ្តីជំនាញសុខាភិបាល “មិនចាំបាច់ កុំចេញក្រៅផ្ទះ” ដេកផ្ទះឈ្នះកូវីដ១៩ គួរតែត្រូវបានអនុវត្តន៍ទាំងអស់គ្នា ពិសេសអ្នកមានការសង្ស័យខ្លួនឯងកើតជំងឺនេះ សូមមេត្តាកុំបន្តដើរហើរ ដើម្បីកុំឲ្យជំងឺនេះបន្តរាលដាលតទៅទៀត។
រហូតមកទល់ពេលនេះ មនុស្ស៤នាក់ហើយបានលាទៅ ដោយគ្មានពេលត្រលប់ ។ទឹកភ្នែកបានហូរគួរឲ្យសោកសង្រេង ព្រោះការបែកគ្នាដោយសារជំងឺនេះ មានសភាពក្រៀមក្រំហួសបរិយាយ សូម្បីតែមុខអ្នកលាទៅ ក៏សាច់ញាតិមិនបានប៉ះ មិនបានឃើញ និងមិនបានអោបរឹត ជាការលាគ្នាចុងក្រោយផង។
រហូតមកទល់ថ្ងៃនេះ ស្ថានភាពនៃការឬិករាលដាលជំងឺនេះ ហាក់មិនបង្ហាញសញ្ញាថមថយគួរឲ្យកត់សម្គាល់នៅឡើយ ស្របពេលអ្នកឆ្លងជំងឺនេះបានកើនឡើង និងធ្លាក់ចុះមិនទៀងទាត់។
ការចូលរួម
ការចូលរួម និងមានស្មារតីភ្ញាក់រលឹកដោយខ្លួនឯង ពិសេស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក នឹងធ្វើឲ្យវិបត្តិនេះឆាប់ចប់នៅកម្ពុជា ។ហេតុនេះមានតែការចូលរួមទាំងអស់គ្នាទេ ទើបយើងអាចបញ្ចប់សោកនាដកម្មនេះបាន ព្រោះអ្វីៗពេលនេះ ស្ថិតក្នុងកណ្តាប់ដៃរបស់ប្រជាពលរដ្ឋទាំងអស់ មិនមែនរដ្ឋាភិបាលអាចធ្វើម្នាក់ឯងបានដោយជោគជ័យនោះទេ។
ការចូលរួមប្រយុទ្ឋជំងឺកូវីដ១៩នាពេលនេះ ពិតជាមានតម្លៃស្មើនឹងការការពារអាយុជីវិតខ្លួនឯង ស្មើនឹងការការពារអាយុជីវិតជនរួមជាតិរបស់យើង និងស្មើនឹងបុគ្គលស្នេហាជាតិ ដែលបានចូលរួមជាមួយជាតិរបស់យើង ពិសេសប្រមុខរដ្ឋាភិបាល ដែលលោកកំពុងហត់នឿយលើបញ្ហានេះ និងកំពុងរិះរកគ្រប់មធម្យោបាយ ដើម្បីអាចគ្រប់គ្រងឈានទៅកាត់បន្ថយ និងបញ្ចប់នូវព្រឹត្តិការណ៍២០កុម្ភៈដ៏អសោចនេះ។
ការប្តេជ្ញាចិត្ត
ការខិតខំរបស់ប្រមុខរដ្ឋាភិបាល ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និងក្រុមគ្រួពេទ្យដែលជាប់កាតព្វកិច្ចដទៃទៀត ពិសេសលោកបណ្ឌិតហ៊ុន ម៉ាណេត និងលោកជំទាវពេជ្រ ច័ន្ទមុនី ដែលមិនមានពេលមើលថែរបុត្រធីតា ប៉ុន្តែបានចំណាយពេលវេលាទាំងចិត្ត ទាំងកាយនិងសមត្ថភាព ដើម្បីចូលរួមថែរទាំព្យាបាលជំងឺនេះ បាននិងកំពុងធ្វើឲ្យគេមើលឃើញថា អ្នកជំងឺមិនឯកានោះទេ។
អ្នកជំងឺកូវីដ១៩ទាំងឡាយ! មានតែការពង្រឹងខ្លួនឯង ចូលរួមថែររក្សាសុខភាព ហាត់ប្រាណ និងប្រើប្រាស់ថ្នាំឲ្យបានទៀងទាត់ទេ ទើបមច្ចុរាជមិនមកដណ្តើមអ្នកចេញពីឳពុកម្តាយ មាមីង បងប្អូនរបស់អ្នកបាន។
តាមរយៈការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ប្រមុខរដ្ឋាភិបាល និងថ្នាក់ដឹកនាំក្រសួងសុខាភិបាលនាពេលនេះ និងពេលកន្លងមក យើងរំពឹងជឿជាក់ថា “ប្រជាពលរដ្ឋកម្ពុជា នឹងបន្តមានស្មារតីភ្ញាក់រលឹក និងសហការចូលរួមទាំងអស់គ្នា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺនេះ កាន់តែធ្ងន់ធ្ងរនៅក្នុងសហគមន៍បាន ដើម្បីយើងអាចចាប់ផ្តើមប្រកបមុខរបរ អាជីវកម្មប្រចាំថ្ងៃបានរសរវើក និងជោគជ័យឡើងវិញ ជាមួយស្នាមញញឹម។
សូមបងប្អូនប្រជាជាតិខ្មែរ ជ្រើសរើសស្នាមញញឹមពីការរួបរួមគ្នា ក្នុងការប្រយុទ្ឋជំងឺនេះ ជាជាងមើលឃើញទឹកភ្នែកបន្តហូររយៈពេលវែង ក្នុងសហគមន៍របស់យើង”៕