ដោយៈ រ៉ាណេត
ភ្នំពេញៈ ស្ថិតនៅក្នុងស្ថានភាពនាពេលបច្ចុប្បន្ន ដែលកំពុងមានការប្រឈមខ្លាំងទៅនឹងការចម្លង នៅក្នុងសហគមន៍នៃជំងឺកូវីដ១៩ អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យបានជំរុញ និងលើកទឹកចិត្តម្ចាស់គម្រោង ម្ចាស់អគារពាណិជ្ជកម្ម ក៏ដូចជាក្រុមហ៊ុនអភិវឌ្ឍន៍នានា គម្បីប្រើសប្រាស់សេវាគ្រប់គ្រងអចលនទ្រព្យ ដើម្បីសុវត្ថិភាព និងបង្កើនទំនុកចិត្តចំពោះអតិថិជន ដែលប្រើប្រាស់អគាររួមក៏ដូចជាលើកតម្លៃនៃអគារផងដែរ។
អ្នកជំនាញស្រាវជ្រាវជាន់ខ្ពស់ផ្នែកអចលនទ្រព្យប្រចាំក្រុមហ៊ុន CBRE Cambodia កញ្ញាគឹម គិនកេសា បានប្រាប់ឱ្យដឹងនៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះថា សេវាគ្រប់គ្រងអចលនទ្រព្យ គឺពិតជាមានសារសំខាន់ និងមានគុណតម្លៃសម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍ បណ្តាម្ចាស់គម្រោងសំណង់ ជាពិសេសម្ចាស់អាគារពាណិជ្ជកម្មបនានា ដែលកំពុងដំណើរនៅក្នុងទីផ្សារ។
កញ្ញាបានបញ្ចាក់ថា “ការផ្តល់សេវាគ្រប់គ្រងអគារ នៅតាមបណ្តាប្រទេសជឿនលឿនគឺមានការពេញនិយមបំផុត ប៉ុន្តែសម្រាប់កម្ពុជាអាចនិយាយបានថា ជាសេវាថ្មីនៅក្នុងទីផ្សារអចលនទ្រព្យ ហើយនៅមិនទាន់មានភាពទូលំទូលាយនោះទេ”។ កញ្ញាបានបន្តថា “មានក្រុមហ៊ុនផ្តល់សេវាជាច្រើនចូលមកកាន់កម្ពុជា ប៉ុន្តែទីផ្សារមួយនេះហាក់ត្រូវបានគេមើលរំលង ប៉ុន្តែទើបតែថ្មីៗនេះប៉ុណ្ណោះដែលផ្តើមមានតម្រូវការ ជាពិសេសក្រោយពេលផ្ទុះឡើងនូវការរាលដាលជំងឺឆ្លង”។
ដែលក្រៅពីត្រូវការសេវាថែទាំតួអគារ នៅមានការផ្តោតសំខាន់ទីលើការរៀបចំផ្នែកអនាម័យទូទៅ ផ្នែកសន្តិសុខសុវត្ថិភាពយាមតឹងរឹង ដែលធ្វើយ៉ាងណាអាចបង្កើនទំនុកចិត្តអតិថិជនប្រើប្រាស់អគាររួម និងប្រើជណ្ដើរយន្តរួមគ្នា។
កញ្ញាគឹម កិនកេសាបានបន្តថា មែនទែនទៅ ការទទួលប្រើសេវាគ្រប់គ្រងអគារ(Property Management) មិនសំដៅចំពោះតែការធ្វើអនាម័យ សន្តិសុខសុវត្ថិភាពក្នុងពេលប្រឈមនេះនោះទេ ព្រោះសេវាទាំង២នេះគ្រាន់តែជាផ្នែកមួយតូចតែប៉ុណ្ណោះ ប៉ុន្តែ Property Management នៅមានសារសំខាន់ជាច្រើន នៅក្នុងប្រតិបត្តិការនៃសំណង់អគារពាណិជ្ជកម្ម ខុនដូ អាផាតមិន និងផ្សារទំនើបដែលមានមនុស្សចេញចូលច្រើនជាប្រចាំ។ សេវា property management ត្រូវបានរាប់បញ្ចូលចាប់តាំងពីគម្រោងអភិវឌ្ឍន៍ចាប់ផ្តើមលើកដំបូង ដែលក្នុងនោះមានទាំងការផ្តល់ប្រឹក្សា ការរៀបចំផែនការក្នុងដំណើរការរបស់គម្រោង ការគ្រប់គ្រងសកម្មភាពសាងសង់ រហូតការមើលថែទាំ និងគ្រប់គ្រងគុណភាពសំណង់ឱ្យនៅតែមានសោភ័ណភាព ដូច្នេះវាជាសេវាមួយដែលមានភាពចាំបាច់បំផុត។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីម បានមានប្រសាសន៍ថា ជំនាញលើការគ្រប់គ្រង់អចលនវត្ថុ ឬគ្រប់គ្រងអគារធំៗនៅកម្ពុជាមិនសូវមានអ្នកចាប់អារម្មណ៍ ហើយក៏មិនសូវសម្បូរក្រុមហ៊ុនវិនិយោគនោះទេ ខណៈដែលផ្នែកមួយនេះមានសារសំខាន់។
លោកបន្តថា “មិនថាអគារពាណិជ្ជកម្ម ខុនដូ អាផាត សណ្ឋាគារ ឬលំនៅដ្ឋានគ្រប់ប្រភេទនោះទេ សុទ្ធតែត្រូវការប្រើប្រាស់នូវសេវា Property Management ទាំងអស់ ដើម្បីអាចរក្សាបាននូវសោភ័ណភាព និងគុណភាពនៃសំណង់បានយូរអង្វែង”។លោកបន្តថា “ការប្រើប្រាស់សេវាកម្មនេះ ម្ចាស់សំណង់មិនចាំបាច់ព្រួយបារម្ភក្នុងការថែទាំដោយខ្លួនឯងនោះទេ។ បច្ចុប្បន្នការផ្តល់សេវាកម្មមួយនេះនៅកម្ពុជា គឺនៅមានកម្រិតនៅឡើយ ខណៈដែលទីផ្សារអចលនទ្រព្យ ជាពិសេសវត្តមាននៃសំណង់អាគារជាច្រើន បាន និងកំពុងរីកដុះស្អេកស្កះនៅកម្ពុជា”៕