លោកស៊ុន ចាន់ថុលៈការតិះដៀលគ្នាទៅវិញទៅមក មិននាំចំណេញដល់ជាតិទេ

0

        ដោយគង់ សូរិយា

        ភ្នំពេញៈ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកស៊ុន ចាន់ថុលបានថ្លែងថា ការតិះដៀលគ្នាទៅវិញទៅមក មិននាំចំណេញដល់ជាតិនោះទេ ហើយសំដីឥតប្រយោជន៍នាំគ្រោះដល់ជាតិ។

លោកទេសរដ្ឋមន្រ្តីបានមានប្រសាសន៍ទៅកាន់ក្រុមនិស្សិត ដែលសិក្សាជំនាញផ្នែកហេដ្ឋារចនាសម្ព័ន្ឋជាលើកដំបូង នៅក្នុងវិទ្យាស្ថានសម្តេចតេជោហ៊ុន សែនកាលពី​សប្តាហ៍មុនថា ជីដូនជីតាយើងអាចកសាងប្រាសាទជាច្រើន ស្ពានបុរាណ រាប់ពាន់ឆ្នាំដែលកំពុងដំណើរការដល់សព្វថ្ងៃនេះ ដូច្នេះយុវជនជំនាន់ក្រោយរបស់យើង ក៏អាចមានលទ្ធភាព សមត្ថភាព កសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ឱ្យមានគុណភាពរឹងមាំដោយខ្លួនឯងបានដែរ។

លោកបន្តថា ប៉ុន្តែដើម្បីអាចមានសមត្ថភាពអាចធ្វើទៅបាន លុះត្រាតែយើងមានចំណេះវិជ្ជាជាមុនសិន។ ដើម្បីកសាង អភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើន យើងត្រូវតែមានប្រព័ន្ធភស្តុភាកម្មល្អ មានតម្លៃប្រកួតប្រជែង ដែលអាចទាក់ទាញអ្នកវិនិយោគមកបណ្ដាក់ទុនបង្កើតការងារធ្វើជូនប្រជាពលរដ្ឋ និងអាចយកកសិផលទៅលក់នៅបរទេសបាន។

ជាមួយគ្នានេះផងដែរ លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល បានរំឭកឡើងវិញនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាថា ដើម្បីកសាងប្រទេសជាតិយើងបាន យើងត្រូវតែមានផ្លូវ ភ្លើង ទឹក និងធនធានមនុស្ស។ រយៈពេល៣០ ឆ្នាំក្រោយមកអ្វីដែលសម្ដេចនាយករដ្ឋមន្ត្រីបានលើកឡើងនោះគឺពិតជាត្រឹមត្រូវ។

លោកបន្តថា “ហេតុដូច្នេះហើយទើបក្រសួងបង្កើតវិទ្យាស្ថាននេះឡើង ដើម្បីអភិ​វ ឌ្ឍធនធានមនុស្សរបស់យើងឱ្យចេះធ្វើផ្លូវ ស្ពាន និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាពរឹងមាំ”។

វិទ្យាស្ថានតេជោ សែនសាធារណការ និងដឹកជញ្ជូន នឹងផ្ដល់ចំណេះខាងបច្ចេក​ទេស និងចំណេះទូទៅឱ្យបានច្រើនដល់និស្សិតរបស់យើង ដើម្បីក្លាយខ្លួនជា អ្នកចេះដឹងពិតប្រាកដ ចេះទាំងទ្រឹស្ដី ទទួលបានទាំងបទពិសោធន៍ មានគុណធម៌ សីលធម៌ អាចរស់នៅ ក្នុងសង្គមបាន អាចដឹកនាំ និងចូលរួមជាមួយអ្នកដទៃបានផងដែរ។

លោកទេសរដ្ឋមន្ត្រី ក៏បានអំពាវនាវដល់និស្សិតឱ្យខិតខំប្រឹងប្រែង រៀនសូត្ររៀន ឱ្យចេះ ខំរៀនឱ្យចប់ ចេញទៅធ្វើការបាន កុំធ្វើឱ្យខូចយីហោរបស់វិទ្យាស្ថាន អាចរកការងារបានធ្វើ ជាពលរដ្ឋល្អក្នុងសង្គម ចេះជួយគ្នាទៅវិញទៅមក ចេះបណ្ដុះបណ្ដាលបន្ត ស្របតាមសេចក្តីប៉ងប្រាថ្នា និងចក្ខុវិស័យវែងឆ្ងាយរបស់ក្រសួង។ ក្រសួងអាចផ្តល់សា  ស្ត្រាចារ្យដែលបទពិសោធន៍ល្អៗបាន ប៉ុន្តែបើយើងជានិស្សិតគ្មានឆន្ទៈក្នុងការរៀនសូត្រ ក៏ក្រសួងមិនអាចជួយបានដែរ ដូចពាក្យស្លោកមួយឃ្លាលើកឡើងថា៖ “អ្នកអាចនាំសេះទៅស្រះទឹកបាន ប៉ុន្តែអ្នកមិនអាចបង្ខំសេះនោះឱ្យផឹកទឹកបានទេ លុះត្រាតែ សេះនោះចង់ផឹកទឹក ដោយខ្លួនវា”។

លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលបានបន្តថា “ការតិះដៀលគ្នាទៅវិញទៅមកមិននាំ ចំណេញដល់ជាតិទេ ប៉ុន្តែត្រូវធ្វើការឱ្យមានប្រសិទ្ធភាព រៀនសូត្រឱ្យមានចំណេះដឹង យកបទពិសោធន៍ មកជួយជាតិទើបជាពលរដ្ឋល្អ”។ លោកបន្តថា “យើងមិនអាចរស់នៅក្នុងកោះមួយដែល មានទ្រព្យសម្បត្តិស្ដុកស្ដម្ភហ៊ំព័ទ្ធ ដោយសមុទ្រក្រីក្របានទេ ប៉ុន្តែយើងត្រូវជួយពង្រីកកោះដែលមានទ្យព្យសម្បត្តិស្ដុកស្ដម្ភឱ្យធំ ហើយបង្រួមសមុទ្រក្រីក្រឱ្យតូច៕

LEAVE A REPLY

Please enter your comment!
Please enter your name here