អ្នកជំនាញ​ថា​តម្លៃ​ដី​នៅ​តំបន់​ភ្នំពេញ​ថ្មី​បាន​ឈានដល់​តំណាក់កាល​ទ្រឹង

0

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ តំបន់​ភ្នំពេញ​ថ្មី​នៃ​ខណ្ឌ​សែន​សុខ ដែល​ធ្លាប់តែ​ជា​តំបន់​មាន​ប្រជាប្រិយភាព​ក្នុង​ការទិញ​លក់ និង​អភិវឌ្ឍន៍​ក្នុង​វិស័យ​លំនៅដ្ឋាន​កម្រិត​មធ្យម និង​លើ​មធ្យម​កាលពី​ប៉ុន្មាន​ឆ្នាំមុន​នោះ ពេលនេះ​បាន​ឈានដល់​ដំណាក់កាល​ទ្រឹង ខណៈដែល​តម្លៃ​បាន​ឡើង​ខ្ពស់​ដល់​កម្រិត​មួយ​រួចទៅហើយ។

ប្រធាន​សមាគម​អចលនទ្រព្យ​សកល លោក​សំ សុខ​នឿន បាន​មានប្រសាសន៍​ប្រាប់ឱ្យដឹង​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ​ថា ភ្នំពេញ​ថ្មី​នៅពេល​បច្ចុប្បន្ននេះ បាន​ផ្លាស់ប្ដូរ​មុខមាត់​ពី​តំបន់​ជាយក្រុង មកជា​តំបន់​ដែលមាន​ការ​អភិ​វ  ឌ្ឍ​ក្នុង​វិស័យ​លំនៅដ្ឋាន និង​កំពុង​បន្ត​ឈានទៅ​បង្កើត ជា​តំបន់​ពាណិជ្ជកម្ម​កម្រិត​មធ្យម​បន្ទាប់​តំបន់​ទួលគោក។

លោក​បាន​បន្តថា “ភ្នំពេញ​ថ្មី​មាន​វិសាលភាព​ធំ​ទូលាយ និង​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ច្រើនជាង​តំបន់​ដទៃ ដែល​ស្ថិតនៅក្នុង​ខណ្ឌ​សែន​សុខ​រួមគ្នា ក្នុងនោះ​ក៏បាន​ចាក់​បំពេញ​ទៅដោយ​គម្រោង​អភិវឌ្ឍន៍​លំនៅដ្ឋាន កម្រិត​មធ្យម​រួចជាស្រេច​ទៅហើយ” ។ លោក​បន្តថា “បច្ចុប្បន្ន​ក៏​មិន​ស័ក្ដិសម ទៅនឹង​គម្រោង​លំនៅដ្ឋាន ដែលមាន​តម្លៃ​ជាង ១០ម៉ឺ​ដុល្លារ​ក្នុង​មួយ​ខ្នង​នោះ​ទៀត​ដែរ” ។

លោក​សំ សុខ​នឿន បាន​មានប្រសាសន៍​បន្តថា គម្រោង​អភិវឌ្ឍន៍​លំនៅដ្ឋាន​កម្រិត​មធ្យម ឬ​ក្រោម ១០ម៉ឺន​ដុល្លារ អាចធ្វើ​បាន​ចំពោះ​តំបន់ ដែលមាន​តម្លៃ​ដី​ក្រោម៣០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ ប៉ុន្តែ​បច្ចុប្បន្ន​គិត​ត្រឹមតែ​នៅ​តំបន់​ជាយ​ភ្នំពេញ​ថ្មី ទាប​បំផុត​ក៏ ៣៥០-៥០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ដែរ ហើយ​តំបន់​ដែលមាន​ប្រជាប្រិយភាព​អាច​ស្ថិតក្នុង​ចន្លោះ២០០០-២៥០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ។

យ៉ាងណាក៏ដោយ តម្លៃ​ដី​នេះ​បាន​ឈានដល់​ចំណុច​មួយ​ខ្ពស់​រួចទៅហើយ ដែល​អាច​និយាយបានថា ឈានដល់​ដំណាក់កាល​ទ្រឹង ដែល​អាច​ត្រូវការ​រយៈពេល​យូរ​បន្តិច​ទើប​អាចមាន​កំណើន​កើនឡើង​បន្ថែមទៀត។

នាយិកា​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ AMATAK Property Service លោកស្រី​តាំង ហួរ ធ្លាប់បាន​មានប្រសាសន៍​កាលពី​ថ្ងៃ​ចុង​សប្ដាហ៍​មុននេះ​ថា បើទោះជា​ស្ថិតនៅក្នុង​ស្ថានភាព​នៃ​ជំងឺឆ្លង​ក៏ដោយ ក៏មាន​ភ្ញៀវ​មួយចំនួន​ស្វែងរក​ដី សម្រាប់​សាងសង់​ជា​លំនៅដ្ឋាន​លក្ខណៈ​ឯកជន​ដាច់ដោយឡែក ឬ​សម្រាប់​សាងសង់​ឃ្លាំង ដែល​ស្ថិតនៅតាម​តំបន់​ជាយក្រុង ប៉ុន្តែ​ពិបាក​រក​ព្រោះ​តម្លៃ​ដី​រាង​ខ្ពស់​បន្តិច។

លោកស្រី​បន្តថា “ជាធម្មតា​សម្រាប់​ដី​សាងសង់​លំនៅដ្ឋាន រាង​ថ្លៃ​បន្តិច​ក៏​នៅតែមាន​អ្នកត្រូវការ​ដែរ ព្រោះ​ស្ថិតនៅ​តំបន់​ទីប្រជុំជន ឬ​តំបន់​ដែលមាន​ការអភិវឌ្ឍន៍​ស្រាប់ ប៉ុន្តែ​សម្រាប់​ដី​សាងសង់​ឃ្លាំង​ទុក​ជួល បើ​ឡើង​ខ្ពស់​ពេក​គេ​ពិបាក​ទិញយក ព្រោះ​ត្រូវ​សាងសង់​ជាឃ្លាំង​ហើយ រង់ចាំ​ទទួលយក​ចំណូល​ប្រចាំខែ ប្រចាំឆ្នាំ​ត្រឡប់មកវិញ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here