ដោយៈ ប៊ី
ភ្នំពេញៈ អ្នកជំនាញអចលនទ្រព្យបានលើកឡើងថា វិស័យអចលនទ្រព្យ នឹងមានភាពប្រសើរឡើងវិញ បន្ទាប់ពីការប្រកាសបិទព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ដែលជាព្រឹត្តិការណ៍មួយរយៈពេលខ្លីនាពេលខាងមុខដ៏ខ្លី។
លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA)បានថ្លែងប្រាប់គេហទំព័រ Propertyarea.asia នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ថា ព្រឹត្តិការណ៍២០ កុម្ភៈ កូវីដ១៩ឆ្លងចូលចូលសហគមន៍គឺព្រឹត្តិការណ៍មួយរយៈពេលខ្លី ដែលយើងធ្លាប់មានបទពិសោធន៍ ក្នុងការគ្រប់គ្រងបាននាពេលកន្លងមក តែទាមទារឱ្យប្រជាជន និងស្ថាប័នអស់ទាំងអស់រួមគ្នា ទប់ស្កាត់វិបត្តិមួយនេះ ដើម្បីឈានដល់ការបិទព្រឹត្តិការណ៍ក្នុងពេលខាងមុខដ៏ឆាប់។
លោកបានថ្លែងថា “ខ្ញុំគិតថាព្រឹត្តិការណ៍២០ កុម្ភៈ គឺមានរយៈពេលខ្លីប៉ុណ្ណោះ ហើ យសម្រាប់វិស័យអចលនទ្រព្យ វានឹងមានភាពប្រសើរឡើងវិញផងដែរ បន្ទាប់មានការចូលរួមពីប្រជាជន និងស្ថាប័ន្ធទាំងអស់ក្នុងការបិទព្រឹតិ្តការណ៍ ឆ្លងចូលសហគមន៍មួយនេះ”។
លោកបានថ្លែង បន្ទាប់ពីប្រកាសបិទព្រឹត្តិការណ៍២០ កុម្ភៈនេះ អ្នករកស៊ីទទួលទានក្នុងអចលនទ្រព្យនឹងចាប់ផ្តើមសកម្មភាពវិនិយោគ ឬទិញលក់ឡើងវិញ។
លោកសំ សុខនឿនប្រធានសមាគមអចលនទ្រព្យសកលធ្លាប់បានលើកឡើងថា អ្នកវិនិយោគបានបង្ហាញក្តីសង្ឃឹម ក្រោយពីកម្ពុជាមានវ៉ាក់សាំងកូវីដ១៩ ប៉ុន្តែជាអកុសល ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានផ្ទុះឡើងដែលអាចបង្កជាផលប៉ះពាល់ធំ សម្រាប់អ្នកវិនិយោគនៅក្នុងវិស័យនេះ ព្រោះអ្នកទិញ-លក់ អចលនទ្រព្យគឺតែងរំពឹងថានឹងមានផលចំណេញអ្វីមួយ ក្រោយពីការទិញអចលនទ្រព្យ។
លោកបន្តថា “ពេលនេះ ពួកគាត់កំពុងព្រួយបារម្ភថា តើព្រឹត្តិការណ៍នាពេលនេះ នឹងប៉ះពាល់សេដ្ឋកិច្ចបែបណា ដែលធ្វើឲ្យពួកគាត់មានការស្ទាក់ស្ទើរក្នុងការទិញ”។
លោកសំ សុខនឿនបានថ្លែងទៀតថា ព្រឹត្តិការណ៍សហគមន៍នាពេលនេះ មិនបង្កផលប៉ះពាល់រយៈពេលវែង ទៅលើអ្នកវិនិយោគចិន ដែលវិនិយោគលើអចលនទ្រព្យ នៅក្នុងខេត្តព្រះសីហនុឡើង ខណៈរដ្ឋាភិបាលនឹងអាចគ្រប់គ្រងកូវីដ១៩បាន ដោយមានការចូលរួមពីប្រជាជនទាំងអស់៕