“យីហោសណ្ឋាគារលំដាប់កំពូលពីរ” នៅលើពិភពលោកត្រៀមឈានជើងចូលទីផ្សារកម្ពុជា

0

ដោយៈ ប៊ី

ភ្នំពេញៈ ក្រុមហ៊ុនណាហ្គាខប (NagaCorp) បានប្រកាសជើសរើសយីហោសណ្ឋាគារលំដាប់កំពូលពីរ នៅលើពិភពលោក រួមមានក្រុមហ៊ុន JW Marriott និង Grand Hyatt ដើម្បីគ្រប់គ្រងសណ្ឋាគាររនៅក្នុងគម្រោងណាហ្គា៣ ដែលបានចាប់ផ្តើមសាងសង់ជាផ្លូវការ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនណាហ្គាខបនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១។

ក្រុមហ៊ុនណាហ្គាខបបានឱ្យដឹងថាទៀតថា យីហោសណ្ឋាគារលំដាប់កំពូលពីរ នៅលើពិភពលោក គឺ JW Marriott និង Grand Hyatt ត្រូវបានជ្រើសរើសដើម្បីគ្រប់គ្រងប៉មមួយចំនួន។ ក្រុមហ៊ុន Moody’s Investors Service Inc និង S&P Global Ratings Inc ដែលជាភ្នាក់ងារវាយតម្លៃឈានមុខគេពីរនៅលើពិភពលោក បានយល់ព្រមគាំទ្រគម្រោងនេះរួចហើយ។

ណាហ្គា៣ នឹងបន្ថែមបន្ទប់សណ្ឋាគារ និងបន្ទប់ប្រណីតជិត ៣.០០០ ទៅលើមជ្ឈមណ្ឌលណាហ្គាវើលដ៍ ដែលមានស្រាប់ផងដែរ។
កាលពីក្នុងខែមករា ក្រុមកម្មករបានចាប់ផ្តើមបុកគ្រឹះសម្រាប់គម្រោងដ៏ធំមួយនេះ។ ផ្អែកលើការគម្រោងរចនា លក្ខណៈពិសេសរបស់ណាហ្គា៣នឹងជាប៉មសណ្ឋាគារកម្ពស់៧៥ជាន់។

ក្រុមអ្នកអភិវឌ្ឍគម្រោងនេះបានថ្លែងឲ្យដឹងថា “គម្រោងនេះនឹងក្លាយជាអាគារខ្ពស់ជាងគេនៅកម្ពុជា នៅពេលបញ្ចប់ការសាងសង់។ គម្រោងមានទំហំ គិតជាទឹកប្រាក់ចំនួន៣.៥ពាន់លានដុល្លារ ដែលស្ថិតនៅសង្កាត់ទន្លេបាសាក់ រាជធានីភ្នំពេញ ក៏នឹងរួមបញ្ចូលទាំងប្លុកអគារសណ្ឋាគារកម្ពស់៥២ជាន់ ចំនួនពីរផងដែរ”។

នៅក្នុងបរិវេណនោះនឹងមានប្លុកវេទិកាពហុមុខងារចំនួន១៧ជាន់ (ផលិតផលរចនាបថជីវិត សួនឧទ្យានបច្ចេកវិទ្យាខ្ពស់ ការកម្សាន្ត បន្ទប់ប្រជុំ ការលើកទឹកចិត្ត មជ្ឈមណ្ឌលសន្និសីទ និងកន្លែងតាំងពិព័រណ៍នានា (MICE) ជាដើម)។ ជាមួយគ្នានេះដែរ ក៏មានជាន់ក្រោមដីចំនូនសម្រាប់ចំណតរថយន្ត និងសេវាគាំទ្រផ្សេងៗទៀតផងដែរ។

ណាហ្គាខប ដែលជាម្ចាស់កម្មសិទ្ធិណាហ្គា១ និងណាហ្គា២ បានដើរឈានមុខគេក្នុងការលើកស្ទួយមុខមាត់អន្តរជាតិរបស់ប្រទេសកម្ពុជាបង្កើតការងារជាច្រើន និងបានចូលរួមចំណែកយ៉ាងច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងវិស័យទេសចរណ៍ក្នុងតំបន់។

នៅឆ្នាំ២០១៩ ណាហ្គាខបបានចូលរួមចំណែកប្រហែល២៧ភាគរយនៃកំណើនទេសចរណ៍ក្នុងស្រុកនិងប្រមាណ១,២ភាគរយ នៃផលិតផលក្នុងស្រុកនៅកម្ពុជា បើយោងតាមតួលេខដែលចេញផ្សាយដោយវិទ្យាស្ថានជាតិស្ថិតិកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here