ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ មិនខុសគ្នាពីទីផ្សារដីធ្លីនៅតាមបណ្តាខេត្តក្រុងមួយចំនួនទៀតនោះឡើយ សម្រាប់សកម្មភាពទិញលក់ដីធ្លីនៅសងខាងផ្លូវជាតិលេខ៥១ និងផ្លូវជាតិលេខ៤១ ដែលធ្លាប់តែមានភាពផុសផុលនោះពេលនេះកំពុងស្ថិតនៅក្នុងសភាពស្ងប់ស្ងាត់ មានតែអ្នកចង់លក់ ប៉ុន្តែគ្មានអ្នកចង់ទិញ ខណៈដែលតម្លៃបានឡើងថ្លៃខ្ពស់រួចទៅហើយ។
លោកសុខ ចន្ថានាយកគ្រប់គ្រងទីផ្សារ និងផ្នែកលក់ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Cham Roen Realty ដែលមានគម្រោងដីឡូតិ៍ចំនួន៣ទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ៤១ បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទនៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះថា ក្នុងរយៈពេលជាង១ខែកន្លងមកនេះ ការទិញលក់នៅក្នុងទីផ្សារដីធ្លីគឺមានភាពស្ងប់ស្ងាត់រហូតមិនអាចលក់ចេញសូម្បីមួយឡូតិ៍ ខុសប្លែកកាលពីដើមខែមករា ដែលក្នុងមួយខែអាចលក់បានមិនក្រោម១០ -១៥ឡូតិ៍។
លោកបញ្ជាក់ថា “ខ្ញុំជឿថា មិនមែនមានតែផ្លូវ៤១ ដែលខ្ញុំកំពុងកាន់គម្រោងលក់នេះទេដែលស្ងាត់ នៅតំបន់ផ្សេងទៀតក៏ស្ងាត់ដូចគ្នា ព្រោះក្នុងដំណាក់នេះគេមិនសូវចេញដើរក្រៅនោះទេ គេបារម្ភពីសុវត្ថិភាព។ ការឆ្លងលើកនេះ ខ្លាំងជាងពេលមុនៗ ដូច្នេះមិនសូវមានភ្ញៀវមកមើលគម្រោងទេ ដែលសូម្បីតែបុគ្គលិកខ្ញុំមួយចំនួនក៏ធ្វើការផ្សព្វផ្សាយតាមអនឡាញដែរ ទាល់តែមានភ្ញៀវណាត់ជួបទើបជូនមកមើល ប៉ុន្តែជាងមួយខែនេះស្ទើរតែគ្មានភ្ញៀវនោះទេ”។
យ៉ាងណាក៏ដោយលោកសុខ ចន្ថាបានបញ្ជាក់ថា ទោះជាមិនមានភ្ញៀវ និងលក់មានការធ្លាក់ចុះ ប៉ុន្តែតម្លៃមិនធ្លាក់ចុះនោះ ជាក់ស្ដែងដីឡូតិ៍ដែលលោកកំពុងកាន់លក់នៅពេលបច្ចុប្បន្នស្ថិតនៅក្បែរស្ពានគុណគ្រូ ក្បែរផ្លូវជាតិ៤១តែម្ដង នៅតែរក្សាតម្លៃចាប់ពី១៦០០០-២០០០០ដុល្លារក្នុងមួយឡូតិ៍ដដែល ហើយគម្រោងដីឡូតិ៍ដែលចុះពីផ្លូវជាតិ៤១ចូលទៅក្នុងភូមិចម្ងាយជាង៧០០ម៉ែត្រក៏ត្រូវដាក់លក់ជាង៩០០០-១២០០០ដុល្លារក្នុងមួយឡូតិ៍ដែរ។
អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Chailin Sear Realty Co,.Ltd លោក ស៊ា ឆៃលីន បានមានប្រសាសន៍ថា ស្ថិតនៅក្នុងដំណាក់កាលដែលកំពុងប្រឈមនឹងការរាតត្បាតនៃជំងឺកូវីដ១៩ នាពេលបច្ចុប្បន្ននេះ ស្ថានភាពនៃទីផ្សារដីធ្លីដែលស្ថិតនៅតំបន់ផ្លូវ៥១ មិនមានសកម្មភាពរស់រវើកដូចឆ្នាំ២០១៩នោះទេ។
លោកបានបន្តថា “ទាំងប្រភេទដីទំហំធំសម្រាប់គម្រោងអភិវឌ្ឍន៍ឧស្សាហកម្ម បណ្តុំលំនៅដ្ឋាន និងទំហំតូចសម្រាប់គម្រោងសាងសង់លំនៅដ្ឋានដាច់ដោយឡែក គឺមិនមានសកម្មភាពទិញលក់គួរឱ្យចាប់អារម្មណ៍នោះទេ ពោលគឺនៅតែរក្សាភាពស្ងប់ស្ងាត់ដូចគ្រាពាក់កណ្តាលឆ្នាំ២០២០ដូច្នោះដែរ”។
លោកបញ្ជាក់ថា “ក្រៅតែមិនមានសកម្មភាពទិញលក់ សម្រាប់តម្លៃដីធ្លីនៅទីតាំងខ្លះថែមទាំងមានការធ្លាក់ចុះខ្លាំងបើប្រៀបធៀបទៅនឹងឆ្នាំ២០១៩ រហូតមានម្ចាស់ដីខ្លះដែលមានតម្រូវការលុយប្រញាប់បានដាក់លក់ដោយការបញ្ចុះតម្លៃរហូតដល់ជិត៥០ភាគរយក៏មានដែរ ប៉ុន្តែអ្វីដែលសំខាន់គឺមានតែអ្នកលក់ មិនមានអ្នកទិញ”។
លោកថា “យើងទទួលស្គាល់ថាវិស័យដីធ្លីនៅតំបន់ផ្លូវ៥១ នឹងមានគម្រោងអភិវឌ្ឍន៍ច្រើនជាពិសេសវិស័យឧស្សាហកម្ម ដែលនឹងមានការសាងសង់ជាឃ្លាំង ជារោងចក្រជាដើម ប៉ុន្តែដោយសារតែបញ្ហានៃជំងឺកូវីដបានអូសបន្លាយពេលវេលារបស់គម្រោងមួយចំនួនមិនអាចចាប់ដំណើរការបាន ជាពិសេសគម្រោងរបស់ក្រុមហ៊ុនដែលមានជនជាតិបរទេស ដូចជាជនជាតិចិនជាម្ចាស់ទុនតែម្ដង”៕