ដោយៈ រ៉ាណេត
ភ្នំពេញៈ ជាមួយនឹងការពន្លឿនល្បឿននៃការសាងសង់ ដើម្បីអាចបញ្ចប់ទៅតាមការគ្រោងទុក និងត្រៀមស្វាគមន៍កីឡាស៊ីហ្គេមលើកទី៣២ នៅឆ្នាំ២០២៣ពេលខាងមុខនេះ។
ពហុកីឡដ្ឋានមរតកតេជោដ៏ធំប្រចាំប្រទេស ដែលស្ថិតនៅខណ្ឌជ្រោយចង្វារ ក្នុងបរិវេណទីក្រុងរណបលីយ៉ុងផាត់ បច្ចុប្បន្នកំពុងរៀបចំ និងបំពាក់សម្ភារៈអង្គុយទស្សនាដែលរួមមានកៅអីសុវត្ថិភាពជាដើម គ្រោងនឹងបញ្ចប់ការបំពាក់នៅត្រឹមអំឡុងខែមេសាខាងមុខនេះ ខណៈដែលគម្រោងទាំងអស់សម្រេចបានជាង៩០ភាគរយ។
គិតត្រឹមថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ ការបំពាក់កៅអីសម្រេចបានចំនួន១២០០០កៅអី ខណៈកៅអៅអង្គុយសម្រាប់កីឡដ្ឋានធំ(Main Stadium) គឺនៅសល់ ៤០.០០០កៅអីទៀត ដោយក្នុង១ថ្ងៃៗសម្រេចបានប្រមាណ៨០០កៅអី ហើយការបំពាក់កៅអីនេះ នឹងអាចហើយរួចរាល់ជាស្ថាពរនៅក្នុងខែមេសា ឆ្នាំ២០២១។
អគ្គលេខាធិការនៃគណៈកម្មការជាតិអូឡាំពិកកម្ពុជាបានឱ្យដឹងថា ពហុកីឡដ្ឋានដ៏ទំនើបនេះ ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន គ្រោងចំណាយថវិកា១៥៨លានដុល្លារ ដែលអាចផ្ទុកអ្នកទស្សនាបានប្រមាណ៦ម៉ឺននាក់ និងអាចជម្លៀសទស្សនិកជនត្រឹមរយៈពេល៧នាទី ក្នុងករណីមានហេតុការណ៍មិនប្រក្រតីកើតឡើង។
ចំពោះការដាំស្មៅលើទីលានបាល់ទាត់ គឺបានដាំពេញទីលានរួចរាល់ហើយ នៅសល់តែផ្លូវរត់អត្តពលកម្ម អមជុំវិញទីលានបាល់ទាត់ប៉ុណ្ណោះ ដែលតាមផែនការរៀបចំតុបតែងនានា កំពុងពន្លឿនឱ្យបានឆាប់រហ័សផងដែរ។
លោកអគ្គលេខាធិការបន្ថែមថា ខាងភាគីចិនកំពុងពន្លឿនផែនការសាងសង់នេះឱ្យបានឆាប់រហ័ស ដោយទាំងវិស្វករ កម្មករចិន-ខ្មែរទាំងអស់ ត្រូវបានអនុវត្តវិធានការបង្ការជំងឺកូវីដ-១៩ ដោយមិនអនុញ្ញាតឱ្យចេញចូលនោះទេ ពោលគឺអ្នកធ្វើការសាងសង់កីឡ ដ្ឋានធំនេះ ស្នាក់នៅ ហូបចុក នៅទីនេះតែម្តង។
ពហុកីឡដ្ឋានជាតិមរតកតេជោ គឺជាកន្លែងរៀបចំពិធីបើក-បិទព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ហើយក៏ជាកន្លែងប្រកួតកីឡាមួយភាគធំ នៅទៅនោះដែរ ដែលកម្ពុជា ទទួលធ្វើម្ចាស់ផ្ទះការប្រកួតកីឡា ថ្នាក់តំបន់អាស៊ីអាគ្នេយ៍មួយនេះ ជាលើកដំបូងជាប្រវត្តិសាស្ត្ររបស់ខ្លួន។
កីឡដ្ឋាននេះ បានបើកការដ្ឋានសាងសង់ ចាប់តាំងពីថ្ងៃទី៤ មេសា ឆ្នាំ២០១៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕