ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ គម្រោងសាងសង់ និងទុនវិនិយោគក្នុងវិស័យសំណង់នៅកម្ពុជា ដែលស្ថិតនៅក្នុងសភាពស្ងប់ស្ងាត់ក្រោមឥទ្ធិពលនៃវិបត្តិសេដ្ឋកិច្ចបណ្តាលមកពីជំងឺឆ្លងចាប់តាំងពីដើមឆ្នាំ២០២០មកនោះ អាចនឹងចាប់ផ្តើមមានកម្រើកឡើងវិញនៅក្នុងអំឡុងចុងឆមាសទី២ ឬដើមឆ្នាំ២០២២ ក្រោយការទប់ស្កាត់ការរាលដាលជំងឺឆ្លងទទួលបានប្រសិទ្ធភាពខ្ពស់ជាសាកល។
តាមការព្យាករណ៍របស់នាយិកាប្រចាំប្រទេសក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ CBRE Cambodia លោកស្រីអាន សុធីតា កាលបីពេលថ្មីៗនេះបានឱ្យដឹងថា ប្រសិនបើបញ្ហានៃការរីករាលដាលនៃជំងឺឆ្លងត្រូវបានធ្វើការទប់ស្កាត់ យ៉ាងហោចណាស់អាចពន្យាពេលរហូតដល់ចុងឆ្នាំ២០២១នេះ ឬដើមឆ្នាំក្រោយទើបសកម្មភាពវិនិយោគទៅលើគម្រោងថ្មីចាប់ផ្តើមមាននៅកម្ពុជាឡើងវិញ។
លោកស្រីអាន សុធីតា បានមានប្រសាសន៍ថា “សកម្មភាពសាងសង់នៅពេលបច្ចុប្បន្នភាគច្រើនជាគម្រោងដែលបន្សល់ទុកតាំងពីឆ្នាំចាស់ ហើយមួយចំណែកទៀតជាគម្រោងដែលផ្តួចផ្តើមឡើងដោយអ្នកអភិវឌ្ឍន៍ក្នុងស្រុកប៉ុណ្ណោះ ដោយឡែកគម្រោងថ្មីមកពីក្រៅស្រុកបន្ថែមដូចជានៅមិនទាន់មាននៅឡើយនោះទេ។ សម្រាប់ទុនវិនិយោគក្នុងស្រុកដែលវាមានកំណើនទុនក្នុងវិស័យសំណងតិចភាគរយណាស់បើប្រៀបទៅនឹងទុនវិនិយោគដែលទទួលបានពីក្រៅប្រទេស”។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីម ធ្លាប់បានលើកឡើងថា ចាប់តាំងពីឆ្នាំ២០២០ និងបន្តមកដល់ឆ្នាំ២០២១នេះ សកម្មភាពវិនិយោគក្នុងវិស័យសំណង់ភាគច្រើនជាសកម្មភាពរបស់អ្នកក្នុងស្រុក ដោយឡែកសម្រាប់លំហូរទុនចូលពីក្រៅស្រុកគឺមានតិចតួចបំផុត។
លោកបានបន្តថា “វិបត្តិសេដ្ឋកិច្ចដែលកំពុងកើតមាននៅពេលនេះ គឺជះឥទ្ធិពលគ្រប់ប្រទេស ដែលបណ្តាលឱ្យប៉ះពាល់ដល់គម្រោងវិនិយោគទាំងអស់។ ប៉ុន្តែក្រោយពេលវិបត្តិនេះត្រូវបានទប់ស្កាត់ ដោយការប្រើប្រាស់វ៉ាក់សាំងមានប្រសិទ្ធភាពខ្ពស់ គម្រោងវិនិយោគនានានឹងចាប់ផ្តើមរៀបចំឡើងវិញ ហើយតាមខ្ញុំគិត ប្រសិនបើវិបត្តិជំងឺដែលកំពុងរាលដាលនេះត្រូវបានបញ្ចប់នៅត្រឹមពាក់កណ្តាលឆ្នាំនេះ នោះសកម្មភាពវិនិយោគនៅក្នុងវិស័យសំណង់អាចនឹងចាប់ផ្តើមនៅដើមឆ្នាំបន្ទាប់”៕