រដ្ឋាភិបាល​ច្រានចោល​គំរោង​អភិវឌ្ឍន៍​តម្លៃ ៣៥០លាន​ដុល្លារ​របស់​ក្រុមហ៊ុន Naga Corp ក្នុង​ក្រុង​សៀមរាប

0

ដោយៈ គង់ សូរិយា

ភ្នំពេញៈ រដ្ឋាភិបាល​តាមរយៈ​ក្រសួង​វប្ប​ធ៌​ម និង​វិចិត្រសិល្បៈ​បានសម្រេច​ច្រានចោល​សំណើរ​វិនិយោគ​បឹង​អច្ឆរិយៈ​របស់​ក្រុមហ៊ុន Naga Corp ដែលមាន​តម្លៃ​រហូតដល់៣៥០លាន​ដុល្លារ​អាមេរិក។

នៅ​ដើមខែ​វិច្ឆិកា ឆ្នាំ២០២០ ក្រុមហ៊ុន​ណាហ្គា ដែល​គេ​ស្គាល់​ថា​ជា​ក្រុមហ៊ុន​កាស៊ីណូ​ដ៏​ធំជាងគេ​នៅ​កម្ពុជា បានប្រកាស​ពី​គម្រោង​អភិវឌ្ឍន៍​ថ្មី​មួយ នៅលើ​ទឹកដី​ខេត្តសៀមរាប គឺ​គម្រោង Angkor Lake of Wonder ដែល​មានន័យថា «បឹង​អច្ឆរិយៈ​អង្គរ»។ ដ្បិត​ក្រុមហ៊ុន​ប្រកាសថា គម្រោង​នេះ​ពុំមាន​បញ្ចូល​ល្បែង​ក៏ពិតមែន តែ​មហាជន​មួយចំនួន​បារម្ភ​ថា វា​នឹង​អាច​ប៉ះពាល់​ដល់​រមណីយដ្ឋាន​អង្គរ ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​គម្រោង​ដ៏​ធំ​នេះ។

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ស្ដីពី​គម្រោង​អភិវឌ្ឍន៍ បឹង​អច្ឆរិយៈ​អង្គរ​នៅ​ថ្ងៃទី២៣ មិនា​នេះ។

ក្រសួង​វប្បធម៌​បានបញ្ជាក់​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​ខាងលើ​ថា គម្រោង​របស់​ក្រុមហ៊ុន​ណាហ្គា​ខ​ប ពុំ​អាចអនុវត្ត​បានទេ​នៅក្នុង​បរិបទ​នេះ។

ការប្រកាស​បដិសេធ​នេះ គឺ​ក្រោយ​ពេលដែល​ក្រសួង​វប្បធម៌​បាន​ប្រជុំ និង​ស្ដាប់​យោបល់​ពី​គណៈកម្មាធិការ​អន្ដរជាតិ អាយ​ស៊ី​ស៊ី-អង្គរ ក៏ដូចជា​អ្នកជំនាញការ «Ad Hoc» និង​អង្គការ​យូណេស្កូ ដោយ​យល់ថា​គម្រោង​នេះ អាចមាន​ផលប៉ះពាល់​ដល់​តំបន់​រមណីយដ្ឋាន​អង្គរ។

ក្រុមហ៊ុន​ណាហ្គា បានប្រកាស​ពី​គម្រោង​អភិវឌ្ឍន៍​ឈ្មោះថា «បឹង​អច្ឆរិយៈ​អង្គរ» ក្នុង​ទំហំ​ទឹកប្រាក់៣៥០លាន​ដុល្លារ នៅលើ​ផ្ទៃដី៧៥ហិកតា ដែលមាន​ចម្ងាយ​ប្រមាណ៥០០ម៉ែត្រ ពី​តំបន់​រមណីយដ្ឋាន​អង្គរ។

ក្រុមហ៊ុន​បញ្ជាក់ថា គម្រោង​នេះ​មានការ​រៀបចំ​ជា​សួន​ទឹក ផ្សារ​រាត្រី សណ្ឋាគារ ភោជនីយដ្ឋាន​ជាដើម ដែល​គ្រោង​នឹង​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ ក្នុង​ខេត្តសៀមរាប​ឱ្យ​កាន់តែ​ប្រសើរឡើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here