ក្រុមហ៊ុន​ខ្នាត​យក្ស Marriott ចុះ​កិច្ចព្រមព្រៀង​សាងសង់​សណ្ឋាគារ​ប្រណីត​ចំនួន ៣នៅ​អា​រ៉ា​ប៊ី​សា​អូឌីត

0

ដោយៈ​សុខុម

ក្រុង​រី​យ៉ា​ដ:  ក្រុមហ៊ុន​បដិសណ្ឋារកិច្ច​ខ្នាត​យក្ស របស់​សហរដ្ឋអាមេរិក Marriott International បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន Al Saedan Group ដែលជា​ក្រុមហ៊ុន​អចលនទ្រព្យ​នៅ​តំបន់​មជ្ឈិមបូព៌ា (Middle East) ដើម្បី​សាងសង់​សណ្ឋាគារ​ប្រណីត​ចំនួន៣ នៅក្នុង​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ត្រឹម​ឆ្នាំ២០២៥ ។ នេះ​បើ​យោងតាម​សារព័ត៌មាន TTG Asia ចុះផ្សាយ​កាលពី​ថ្ងៃទី២៤ មីនា។

កិច្ចព្រមព្រៀង​ពហុ​គម្រោង​នេះ រួមមាន ប្រ៊ែ​ន​សណ្ឋាគារ Renaissance Hotel ដំបូងបង្អស់​នៅក្នុង​ប្រទេស​នេះ និង​នៅក្នុង​តំបន់​មជ្ឈិមបូព៌ា ប្រ៊ែ​ន​សណ្ឋាគារ Aloft Hotel ដែល​ធំជាងគេ​បំផុត​លើ​ពិភពលោក និង​ប្រ៊ែ​ន​សណ្ឋាគារ Courtyard by Marriott ក្នុង​ទីក្រុង​ពិសិដ្ឋ មេក្កា (Mecca) ឬ Makkah ក្នុង​លទ្ធិ​ជំនឿ​នៃ​សាសនា​អ៊ិ​ស្លាម។

តាម​ការរំពឹងទុក ប្រ៊ែ​ន​សណ្ឋាគារ Renaissance Hotels នឹង​បង្ហាញ​វត្តមាន​ជា​លើកដំបូង​របស់ខ្លួន នៅក្នុង​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ជាមួយនឹង​ការបើក​សម្ពោធ​សណ្ឋាគារ​ដែលមាន​ឈ្មោះថា Renaissance Riyadh Hotel ។

ដោយមាន​ទីតាំង ស្ថិតនៅក្នុង​សង្កាត់​ហិរញ្ញវត្ថុ ស្ដេច​អាប់​ឌុល​ឡា (King Abdullah Financial District) ជិត​អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុង​រី​យ៉ា​ដ (Riyadh International Airport) សណ្ឋាគារ​Renaissance Riyadh Hotel នឹងមាន​បន្ទប់​ស្វី​ត (suite) ដ៏​ធំ​ទូលាយ​ចំនួន២៦៦បន្ទប់ កន្លែង​បម្រើ​អាហារ និង​ភេសជ្ជៈ​ចំនួន ៣កន្លែង ស្ប៉ា​មួយកន្លែង អាង​ហែល​ទឹក និង​ក្លឹប​ហាត់ប្រាណ​មួយ។

ទី២ សណ្ឋាគារ Aloft Makkah Taysir មាន​ទីតាំង​ស្ថិតនៅក្នុង​ទីក្រុង​ពិសិដ្ឋ មេក្កា គ្រោង​នឹង​ក្លាយជា​សណ្ឋាគារ​ធំ​បំផុត នៅក្នុង​ពិភពលោក​របស់​ប្រ៊ែ​ន​នេះ ជាមួយនឹង​បន្ទប់​គេង​រហូតដល់​ទៅ ១.០០០ បន្ទប់។

ដោយមាន​ទីតាំង​ស្ថិតនៅក្នុង​សង្កាត់ Taysir និង​នៅ​ជិត​ច្រកចូល​មហា​ព្រះវិហារ​អ៊ិ​ស្លាម Grand Mosque សណ្ឋាគារ​នេះ គឺ​ស័ក្ដិសម​បំផុត​សម្រាប់​ភ្ញៀវ ដែល​មក​ចូលរួម​ក្នុង​ដំណើរ​ធម្ម​យាត្រា។

សណ្ឋាគារ Aloft Makkah Taysir នឹងមាន​កន្លែង​ទទួលភ្ញៀវ​ធំ​ល្វឹងល្វើយ កន្លែង​បម្រើសេវា​មុខ​ប្ហូ​បឆ្ងាញ់២៤លើ ២៤ ម៉ោង និង​ក្លឹប​ហាត់ប្រាណ​បើក ២៤ ម៉ោង​លើ ២៤ ម៉ោង។

ទី៣ សណ្ឋាគារ Marriott Makkah Kudai ។ ដោយមាន​ទីតាំង​ស្ថិតនៅ​ចម្ងាយ២គីឡូម៉ែត្រ ពី​ច្រកចូល​មហា​ព្រះវិហារ​អ៊ិ​ស្លាម Grand Mosque សណ្ឋាគារ​នេះ​នឹងមាន​បន្ទប់​គេង​ចំនួន៤៣៨បន្ទប់ កន្លែង​បម្រើសេវា​មុខ​ប្ហូ​បឆ្ងាញ់ៗ និង​ក្លឹប​ហាត់ប្រាណ​មួយ។

ទោះជា​យ៉ាងណា គ្មាន​ការបញ្ជាក់​ជា​ផ្លូវការ​អំពី​ទំហំ​ទុនវិនិយោគ លើ​គម្រោង​សណ្ឋាគារ​ទាំង៣នេះឡើយ។ ប៉ុន្តែ​បើតាម​ការប៉ាន់ប្រមាណ គឺ​ប្រហែលជា​មិន​ក្រោម​ពាន់​លាន​ដុល្លារ​អាមេរិក​នោះឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here