ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ ស្របពេលការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធនានាមិនទាន់បញ្ចប់ តម្លៃដីធ្លីនៅទីក្រុងកោះនរាបាន និងកំពុងស្ថិតក្នុងតម្លៃទាបនៅឡើយ ដែលអ្នកមានលទ្ឋភាពវិនិយោគអាចនឹងទទួលបានផលចំណេញច្រើនាពេលអនាគត។
យោងតាមបណ្តាញទំនាក់ទំនងសង្គមរបស់លោកស្រីចេវ សុឃុន នាយិកាក្រុមហ៊ុន KAT Appraisal បានបង្ហោះព៌តមានអំពីតម្លៃដីនៅលើទីក្រុងកោះនរា ដែលមានទំហំ៤០គុណនឹង៦០ម៉ែត្រ ដែលម្ចាស់ដីនេះ បានដាក់លក់ក្នុងតម្លៃ៣,៦លានដុល្លារអាមេរិក ដែលស្មើនឹង១៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែទីតាំងនៃដីនេះ មិនត្រូវបានបង្ហាញថាស្ថិតនៅតំបន់ណាជាក់លាក់ នៃទីក្រុងថ្មីដែលមានទំហំ១២៥ហិកតានេះនៅឡើយទេ។
ទីក្រុងកោះនរា ត្រូវបានវិនិយោគដោយក្រុមហ៊ុន OCIC ដែលគ្រាន់តែការកសាងហេដ្ឋារចនាសម្ព័ន្ឋទីក្រុងនេះ គ្រោងចំណាយទឹកប្រាក់អស់២០០០លានដុល្លារអាមេរិក។
អគ្គនាយករងក្រុមហ៊ុន OCIC លោកទូច សំណាង បានមានប្រសាសន៍៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ការកសាងហេដ្ឋារចនាសម្ព័ន្ឋលើទីក្រុងនេះ នឹងបញ្ចប់តាមផែនការរបស់ខ្លូន ដែលពេលវេលាបញ្ចប់នឹងកំណត់នៅឆ្នាំ២០២៣ ខណៈដែលបច្ចុប្បន្នដំណើរការសាងសង់ស្ពានតភ្ជាប់រវាងទីក្រុងកោះពេជ្រ និងទីក្រុងកោះនរានឹងបញ្ចប់ក្នុងពេលដំណាលគ្នាផងដែរ។
លោកបន្តថា “ទស្សនទាននៃការអភិវឌ្ឍទីក្រុងកោះនរា មានសភាពស្រដៀងគ្នានឹងទីក្រុងកោះពេជ្របច្ចុប្បន្ននេះ” ។ លោកបន្តថា “បច្ចុប្បន្នម្ចាស់ដីមួយចំនួន អាចចាប់ផ្តើមសាងសង់គំរោងរបស់ពួកគេបានហើយ ដោយសារតំបន់មួយចំនួនបានបញ្ចប់ការចាក់បំពេញរួចហើយ” ។
ទីប្រឹក្សាសមាគមអចលនទ្រព្យសកល លោកយិន លាងគង់ បានមានប្រសាសន៍ថា ទីក្រុងកោះនរា នឹងក្លាយជាក្លាយជា Landmark ដ៏ឆើតឆាយមួយនាប្រជុំទន្លេចតុមុខ និងទន្លេមេគង្គនាពេលអនាគត ដែលវាមិនត្រឹមតែចូលរួមលើកកំពស់សេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែវានឹងក្លាយជាតំបន់ដ៏ស៊ីវិល័យមួយ ដែលជួយលើកកំពស់សោភ័ណភាពរាជធានីភ្នំពេញ។
លោកបន្តថា “តម្លៃដីនៅលើទីក្រុងនេះនាពេលបច្ចុប្បន្ន ជាតម្លៃល្អប្រសើរដែលអ្នកវិនិយោគអាចទិញចំណេញច្រើន ប៉ុន្តែដីនៅលើទីក្រុងនេះនាពេល៥ឆ្នាំខាងមុខ នឹងកើនឡើងចន្លោះពី៣៥០០ទៅ៥០០០ដុល្លារក្នុងមួយម៉ែត្រការ៉េមិនខាន” ។ លោកបន្តដោយកំប្លែងថា “បើខ្ញុំមានលុយ នឹងវិនិយោគទិញដីនៅលើទីក្រុងនេះហើយ ប៉ុន្តែលទ្ឋភាពគឺបានត្រឹមមើលឃើញផលចំណេញ តែលទ្ឋភាពវិនិយោគគឺនៅមានកម្រិតនៅឡើយ” ៕