ដោយៈស៊ីវ ម៉េង
ភ្នំពេញៈ ការសិក្សាថ្មីមួយបានបង្ហាញថា ចំនួនយូនីតខុនដូនឹងកើនដល់៣៩០០០យូនីតនៅក្នុងទីផ្សារ នៅដំណាច់ឆ្នាំ២០២១នេះ ខណៈគំរោងថ្មីៗប្រមាណ១០អាគារនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំនេះ។
លោកស្រីអាន សុធីតានាយិកាប្រចាំប្រទេសនៃក្រុមហ៊ុនCBRRE Cambodiaបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២៦ មិនានេះថា គិតត្រឹមដំណាច់ឆ្នាំ២០២០កន្លងមក ខុនដូចំនួន២៤០០០យូនីតប៉ុណ្ណោះ បានដាក់ចូលទីផ្សារ ប៉ុន្តែនៅដំណាច់ឆ្នាំ២០២១នេះ ខុនដូចំនួន១៤,០០០យូនីតទៀត នឹងដាក់ចូលទីផ្សារនៅទីក្រុងភ្នំពេញ។ លោកស្រីបន្តថា តួលេខនេះ គឺសម្រាប់តែក្រុងភ្នំពេញ ដោយមិនទាន់រាប់បញ្ចូលក្រុងព្រះសីហនុ និងខេត្តសៀមរាបនៅឡើយ។
លោកស្រីបន្តថា “អ្នកទិញខុនដូភាគច្រើននាពេលបច្ចុប្បន្ននេះ ជាជនជាតិខ្មែរ ដែ លពួកគេទិញសំរាប់ការស្នាក់នៅ ជាជាងទុកសំរាប់វិនិយោគយកចំណេញ ឬទុកសំរាប់ជួល”។លោកស្រីបន្តថា “ការវិនិយោគខុនដូមានផលចំណេញតិច បើធៀបជាមួយនឹងផ្ទះក្នុងបុរី ហើយផលចំណេញពីការវិនិយោគបានថយពី៧ភាគរយ មកនៅត្រឹម៥ភាគរយក្នុងមួយឆ្នាំ”។
កាលពីឆ្នាំ២០២០ ខុនដូចំនួន១៧គំរោងបានដាក់ដំណើរការនៅក្រុងភ្នំពេញ ប៉ុន្តែឆ្នាំនេះ នឹងមានការថយចុះដោយសារគំរោងមួយចំនួនបានពន្យាពេល។
ជាមួយគ្នានេះ លោកខន គង្គាប្រធានក្រុមហ៊ុនERA Cambodiaបានមានប្រសាសន៍ថា ទីផ្សារខុនដូនៅតែមានតម្រូវការនៅទីផ្សារ ការលក់បាន ប៉ុន្តែមានការផ្អាកពីអតិថិជនមួយចំនួនផងដែរ ដោយសារវិបត្តិកូវីដ១៩ ប៉ុន្តែអ្វីៗនឹងត្រលប់មករកភាពប្រក្រតីឡើងវិញនៅពេលឆាប់ៗខាងមុខ។ លោកបន្តថា ម្ចាស់គំរោងខុនដូលំដាប់ប្រណីតបានផ្តោតលើទីផ្សារក្រៅស្រុកភាគច្រើន ប៉ុន្តែខុនដូតម្លៃមធ្យមភាគច្រើនផ្តោតលើទីផ្សារ ក្នុងស្រុក ហើយនៅតែទទួលបានជោគជ័យក្នុងការលក់។
លោកបន្តថា “វិនិយោគខុនដូក្នុងកាលៈទេសៈនេះ អ្នកវិនិយោគទទួលបានផលចំណេញខ្ពស់ ដែលឳកាសបែបនេះមានតែ១០ឆ្នាំម្តងប៉ុណ្ណោះ ដោយាសារកម្រិតបញ្ចុះតម្លៃបច្ចុប្បន្នមានក្នុងរង្វង់ពី១០ទៅ៣០ភាគរយ”៕