បច្ចុប្បន្នភាពៈ ក្រុមហ៊ុន NagaCorp កំពុង “ធ្វើ​ផែនការ​ថ្មី” សម្រាប់​គម្រោង “បឹង​អច្ឆរិយៈ​អង្គរ” តម្លៃ ៣៥០លាន​ដុល្លារ​នៅ​ខេត្តសៀមរាប

0

ដោយៈសុខុម

ភ្នំពេញ:  បន្ទាប់ពីមានការព្រួយបារម្ភរបស់អង្គការយូណេស្កូ និង ICC Angkor លើគំរោងវិនិយោគបឹងអច្ឆរិយៈរបស់​ក្រុមហ៊ុន Naga Corp តម្លៃ ៣៥០លានដុល្លារនៅខេត្តសៀមរាប បច្ចុប្បន្នក្រុមហ៊ុនលំដាប់អន្តរជាតិនេះ កំពុងរៀបចំ​ផែនការថ្មី ដើម្បីធ្វើយ៉ាងណាឲ្យគម្រោងនេះអាចដំណើរការទៅបាន។

លោក Tim McNally ប្រធានក្រុមហ៊ុនកាស៊ីណូដ៏ល្បីល្បាញ NagaCorp Ltd ប្រចាំតំបន់អាស៊ី បានប្រាប់សារព័ត៌មាន GGRAsia នៅថ្ងៃទី២៦ មីនា នេះថា ក្រុមហ៊ុនបាននិងកំពុង “ធ្វើផែនការថ្មី” សម្រាប់គម្រោងអភិវឌ្ឍន៍រមណីយដ្ឋាន “បឹងអច្ឆរិយៈអង្គរ” ដែលពុំមានបញ្ចូលល្បែងស៊ីសង នៅជិតប្រាសាទអង្គរវត្ត ដែលជាសម្បត្តិបេតិកភណ្ឌពិភព​លោក​របស់អង្គការយូណេស្កូនោះទេ។

ការលើកឡើងបែបនេះរបស់លោក Tim McNally គឺដើម្បីឆ្លើយតបសំណើរបស់សារព័ត៌មាន GGRAsia ដែលសុំឱ្យលោកបញ្ជាក់ជុំវិញ សេចក្ដីប្រកាសព័ត៌មានចេញផ្សាយកាលពីថ្ងៃអង្គារ ទី២៣ មីនា របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដែលបានលើកឡើងថា សំណើអភិវឌ្ឍន៍គម្រោង “បឹងអច្ឆរិយៈអង្គរ” របស់ក្រុមហ៊ុន NagaCorp ក្នុងទំហំទឹកប្រាក់ ៣៥០លានដុល្លារសហរដ្ឋអាមេរិក នៅលើផ្ទៃដី៧៥ហិកតា ដែលមានចម្ងាយប្រមាណ​៥០០ម៉ែត្រពីតំបន់រមណីយដ្ឋានអង្គរនេះ “ពុំអាចអនុវត្តន៍បានទេនៅក្នុងបរិបទនេះ”។

កាលពីខែកុម្ភៈ អង្គការយូណេស្កូ បានសម្តែងការព្រួយបារម្ភចំពោះសំណើរបស់ក្រុមហ៊ុន NagaCorp ដោយ​បានលើកឡើងថា ភាពនៅកៀកខ្លាំងរបស់គម្រោងនេះ ទៅនឹងតំបន់ទ្រនាប់ការពារនៃប្រាសាទអង្គរវត្ត “ព្រមទាំង​ទំហំវិសាលភាព និងសកម្មភាពគ្រោងទុកនានា ពិតជាអាចជះផលប៉ះពាល់ដល់ “គុណតម្លៃជា​សកលដ៏លេច​ធ្លោរបស់ប្រាសាទអង្គរវត្ត” ដែលត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ” ។

លោក Tim McNally បានប្រាប់សារព័ត៌មាន GGRAsia ថា “យើងបានទទួលស្គាល់ហើយនូវការព្រួយបារម្ភ ដែលអង្គការយូណេស្កូបានលើកឡើង” ។ លោកបានបន្ថែមថា “ជាលទ្ធផលយើងនឹងបន្តធ្វើផែនការថ្មីៗ ដែលអាច​ទទួលយកបាន ដើម្បីសម្រេចគោលបំណងបង្កើតតំបន់ទេសចរណ៍ ហើយទន្ទឹមនេះយើងក៏គោរពភាពអច្ឆរិយៈ ផ្នែកប្រវត្តិសាស្ត្រ និងសាសនានៃតំបន់ប្រាសាទអង្គរវត្តផងដែរ” ។

ក្រុមហ៊ុន NagaCorp ដែលចុះបញ្ជីនៅក្រុងហុងកុង គឺជាម្ចាស់កាស៊ីណូណាហ្គាវើល (NagaWorld) ដ៏ធំដែល​បើកដំណើរការនៅក្នុងរាជធានីភ្នំពេញ។ ក្រុមហ៊ុននេះទទួលបានអាជ្ញាប័ណ្ណផ្តាច់មុខ ក្នុងការបើកកាស៊ីណូ នៅក្នុង​រាជធានីភ្នំពេញ និងនៅតំបន់ជុំវិញភ្នំពេញ។

លោក Tim McNally បានគូសបញ្ជាក់នៅក្នុងអត្ថាធិប្បាយរបស់លោកថា “ដូចដែលខ្ញុំធ្លាប់បានបញ្ជាក់ពីមុនរួច​មកហើយថា ក្រុមហ៊ុន NagaCorp មិនដែលធ្វើផែនការ ឬអនុវត្តគម្រោងអ្វីមួយ ដោយអត្តនោម័តនោះឡើយ ហើយតែងតែស្វាគមន៍មតិយោបល់ពីក្រុមផ្សេងៗ” ។

លោកបានបន្ថែមថា “យើងស្តាប់យោបល់ដោយយកចិត្តទុកដាក់បំផុត និងធ្វើការសម្របសម្រួលយ៉ាងជិតស្និទ្ធ ជាមួយតំណាងសំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា” ។

លោក Tim McNally បានគូសបញ្ជាក់ថា “ទោះបីខ្ញុំមិនអាចផ្តល់កាលវិភាគជាក់លាក់បាននៅពេលនេះក្ដី ក៏ខ្ញុំអាច​បញ្ជាក់បានថា យើងនឹងបន្តអភិវឌ្ឍន៍ផែនការមួយដែលអាចទទួលយកបាន សម្រាប់តំបន់នេះដែលនឹងជួយបំពេញ និងលើកកម្ពស់វិស័យទេសចរណ៍បម្រើផលប្រយោជន៍របស់កម្ពុជា” ។

លោកបានបន្ថែមថា គោលបំណងរបស់យើង គឺដើម្បីធ្វើឱ្យវិស័យទេសចរណ៍ប្រសើរឡើង ហើយទាញយកផល​ប្រយោជន៍ពីវិស័យនេះ ឱ្យបានច្រើនបំផុត ព្រមទាំងជួយលើកតម្លៃប្រាសាទអង្គរវត្ត ដែលជា​សម្បត្តិ​បេតិកភណ្ឌពិភពលោក” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here